ករណីឆបោកតាមប្រព័ន្ធអនឡាញធ្លាប់មានច្រើនរួចមកហើយ នឹងធ្លាប់កើតឡើងនៅក្នុងទម្រង់ខុសៗគ្នា។ ខណៈដែលថ្មីៗនេះមានជនរងគ្រោះជាច្រើនកំពុងត្រូវបានជនឆបោកមួយចំនួនក្លែងបន្លំធ្វើជាបុគ្គលិកធនាគារ ដើម្បីទាក់ទងអតិថិជន និងសាធារណជន ដោយប្រើវិធីបញ្ចុះបញ្ចូល ស្នើសុំព័ត៌មានសំខាន់ៗដូចជា ព័ត៌មានគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬលេខកូដផ្ញើតាមសារ (OTP) និងម្តងម្កាលថែមទាំងណែនាំឱ្យធ្វើប្រតិបត្តិការណាមួយ ដើម្បីជាថ្នូរនឹងការទទួលបានប្រយោជន៍ផ្សេងៗ។
ដើម្បីបញ្ជៀសហានិភ័យចំពោះអតិថិជន ធនាគារ អេស៊ីដា បានចេញសារប្រមានមួយនៅរសៀលថ្ងៃទី ៩ ថា៖ «សូមអតិថិជន និងសាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ជនឆបោក ដែលបន្លំធ្វើជាបុគ្គលិកធនាគារ ទាក់ទងលោកអ្នក ដោយបញ្ចុះបញ្ចូល សុំព័ត៌មានគណនី លេខសម្ងាត់ ឬលេខកូដផ្ញើតាមសារ (OTP) ឬប្រាប់ឱ្យលោកអ្នកធ្វើប្រតិបត្តិការ ដើម្បីជាថ្នូរទទួលបានអ្វីមួយ។ល។»។
ធនាគារបានសង្កត់ធ្ងន់ថា៖ «ព័ត៌មានអំពីគណនីផ្ទាល់ខ្លួនរបស់លោកអ្នក ជាព័ត៌មានសម្ងាត់ និងមានសារសំខាន់បំផុត ដូច្នេះសូមលោកអ្នកកុំផ្តល់ព័ត៌មាន អំពីគណនីផ្ទាល់ខ្លួន ឱ្យអ្នកដទៃជាដាច់ខាត។ ករណីលោកអ្នកមានចម្ងល់ ឬសង្ស័យ សូមទាក់ទងមកធនាគារ អេស៊ីលីដា ដោយផ្ទាល់ តាមរយៈលេខទូរសព្ទផ្លូវការ 023 994 444 / 015 999 233 ឬបណ្តាញសង្គមផ្លូវការ»។

សូមចងចាំថា បុគ្គលិកធនាគារ អេស៊ីលីដា មិនដែលទាក់ទងអតិថិជនតាមទូរសព្ទ ឬបណ្តាញសង្គម ដើម្បីសួរអំពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន លេខកូដ OTP ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗឡើយ។ ដូចគ្នានេះផងដែរ ធនាគារមិនដែលស្នើឱ្យអតិថិជនធ្វើប្រតិបត្តិការណាមួយតាមការណែនាំតាមទូរសព្ទ ឬសារទំនាក់ទំនងនោះទេ៕


