ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីសារៈសំខាន់នៃការកំណត់តម្លៃលំនៅឋានឱ្យស្របទៅនឹងជីវភាព និងលទ្ធភាពហិរញ្ញវត្ថុជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន ដោយឯកឧត្ដមបានគូសបញ្ជាក់ថា តម្លៃផ្ទះសមរម្យដែលប្រជាពលរដ្ឋទូទៅអាចទិញបាន គឺស្ថិតក្នុងចន្លោះពី ១៨,០០០ ដុល្លារ ទៅ ២០,០០០ ដុល្លារ។

នៅក្នុងប្រសាសន៍គន្លឹះស្តីពីការអភិវឌ្ឍវិស័យលំនៅឋាន និងសំណង់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានបង្ហាញទស្សនវិស័យវែងឆ្ងាយក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើការបង់រំលស់ផ្ទះ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន។ ដោយក្នុងនោះឯកឧត្ដមបានសង្កត់ធ្ងន់ថា យន្តការហិរញ្ញវត្ថុ និងគោលនយោបាយដីធ្លី ត្រូវតែធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយសង្គ្រោះពលរដ្ឋកុំឱ្យធ្លាក់ក្នុងស្ថានភាពមួយ ដែលពេញមួយជីវិតការងារគិតតែពីការបង់រំលស់ ប៉ុន្តែចុងក្រោយបែរជាមិនមានសិទ្ធិគ្រងផ្ទះដាច់ស្រឡះ។
ឯកឧត្ដមបានថ្លែងថា៖ «ធ្វើម៉េចក្នុងមួយជីវិតការងារ ៣០ ឆ្នាំ ឱ្យមនុស្សហ្នឹងបង់រំលស់ហើយ មានផ្ទះនៅជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីបន្សល់ទុកតកូនតចៅ»។ កិច្ចការនេះ ទាមទារឱ្យមានការចូលរួមគិតគូរយ៉ាងម៉ឺងម៉ាត់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យធនាគារ និងអ្នកអភិវឌ្ឍន៍ផ្ទាល់។
ពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេស និងនិរន្តរភាពនៃសំណង់ ឯកឧត្ដម សាយ សំអាល់ បានលើកឡើងជាសំណួរដេញដោលអំពីការកំណត់ស្តង់ដារអាយុកាលសំណង់នៅក្នុងប្រទេសកម្ពុជា ថាតើគួរកំណត់ត្រឹមរយៈពេល ៥០ ឆ្នាំ ឬយ៉ាងណា ព្រោះការទុកសំណង់ឱ្យមានអាយុកាលយូរពេក ក៏មិនសូវផ្តល់ផលល្អដល់សោភ័ណភាព និងសុវត្ថិភាពទីក្រុងនោះដែរ។ ឯកឧត្ដមបានលើកជាឧទាហរណ៍ជាក់ស្តែងនូវសំណង់បុរាណមួយចំនួននៅម្តុំផ្សារថ្មី និងផ្សារអូរឫស្សី ដែលបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ ៥០ ដែលមកទល់ពេលនេះ គឺដល់វដ្តដែលត្រូវសិក្សាវាយកម្ទេចចោលខ្លះ ដើម្បីរៀបចំសាងសង់ឡើងវិញឱ្យទាន់សម័យកាល។

សូមជម្រាបផងដែរថា ដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានលំនៅឋានផ្ទាល់ខ្លួន រាជរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល លើកទឹកចិត្តដល់វិស័យឯកជន សាងសង់លំនៅឋានប្រកបដោយចីរភាព និងមានតម្លៃសមរម្យរហបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ហើយកន្លងទៅ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងគាំទ្រទៅកាន់ក្រុមហ៊ុន ពិភពថ្មី ដែលបានអភិវឌ្ឍន៍លំនៅឋានសមរម្យ។ ដោយកន្លងមកនេះក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហុង ពីវ នេះបានសាងសង់គម្រោងខុនដូជាច្រើនកន្លែង ដែលដាក់លក់តម្លៃចាប់ពី ១៨ ៨៨៨ ដុល្លារឡើងទៅ។ ខណៈគម្រោងទាំងនោះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីអតិថិជន៕


