លាតត្រដាង! នេះជាអន្ទាក់ហិរញ្ញវត្ថុ ៤ យ៉ាង ដែលធ្វើឲ្យមនុស្សវ័យ ២០ ឆ្នាំជាង សន្សំលុយមិនដែលសល់
Chan SophonAUGUST 23 202665 views

វ័យ ២០ ឆ្នាំជាង គឺជាកំឡុងពេលវេលាមាស នៃការចាប់ផ្តើមរកចំណូល និងបង្កើតគ្រឹះជីវិត។ ប៉ុន្តែ មនុស្សជាច្រើនក្នុងវ័យនេះ តែងតែជួបវិបត្តិដូចៗគ្នា គឺ ធ្វើការរាប់ឆ្នាំ រកចំណូលបានកាន់តែច្រើន តែនៅតែគ្មានទ្រព្យជាប់ខ្លួន ហើយតែងតែទម្លាក់កំហុសលើ ប្រាក់ខែតិច ឬ ទំនិញឡើងថ្លៃ ជាដើម។ ប៉ុន្តែការពិត ដើមហេតុធំបំផុតដែលធ្វើឲ្យលុយហូរចេញពីកាបូបមិនដឹងខ្លួន គឺដោយសារតែការធ្លាក់ចូលទៅក្នុងអន្ទាក់ហិរញ្ញវត្ថុ និងទម្លាប់ចាយវាយ ដែលកើតចេញពីសម្ពាធសង្គម។

 

ខាងក្រោមនេះជា អន្ទាក់ហិរញ្ញវត្ថុ ៤ យ៉ាង ដែលយុវជនវ័យ ២០ ឆ្នាំជាងត្រូវដឹង និងគេចចេញឲ្យឆ្ងាយ៖

១.អន្ទាក់រស់នៅដើម្បីតម្រូវចិត្តអ្នកដទៃ៖ នៅពេលចាប់ផ្តើមមានប្រាក់ខែ ឬកើនប្រាក់ខែ មនុស្សភាគច្រើនតែងតែប្រញាប់ប្រញាល់ដំឡើងកម្រិតជីវភាពភ្លាមៗ ដោយការ ទិញដូរទូរស័ព្ទស៊េរីទំនើបចុងក្រោយ ជិះឡាន ឬម៉ូតូថ្លៃៗលើសសមត្ថភាព ញ៉ាំអាហារ និងកាហ្វេប្រ៊ែនៗរៀងរាល់ថ្ងៃ ដើម្បីបង្ហោះលើ Social Media។ ដើម្បីគេចចេញពីវាបាន ត្រូវប្រកាន់ខ្ជាប់គោលការណ៍ រស់នៅឲ្យទាបជាងលទ្ធភាពពិតប្រាកដ។ កុំយកលុយដែលអ្នករកបានដោយលំបាក ទៅទិញរបស់ដែលអ្នកមិនត្រូវការ ដើម្បីធ្វើឲ្យមនុស្សដែលអ្នកមិនចូលចិត្ត មកចាប់អារម្មណ៍។

 

២.អន្ទាក់ការបង់រំលស់៖ បច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែជឿនលឿន ការផ្តល់ជូនកាន់តែភាពងាយស្រួល ប៉ុន្តែវាក៏ជា អន្ទាក់បំណុល ដ៏មុតស្រួចបំផុតសម្រាប់យុវជនដែលខ្វះវិន័យផងដែរ។ ការបង់រំលស់សម្ភារៈនិយមផ្សេង ដោយអាងលើប្រាក់ខែប្រចាំខែ វាពិតជាហានិភ័យខ្លាំងណាស់។ ដូច្នេះ ប្រសិនបើវាមានការប្រាក់ក្នុងការបង់ខ្ពស់ អ្នកគួរតែប្រញាប់បង់វាផ្ដាច់ឲ្យបានលឿនបំផុត។

 

៣.ការគ្មានកញ្ចប់ថវិកាច្បាស់លាស់៖ មនុស្សភាគច្រើនចាយលុយតាមទម្លាប់ រកបានប៉ុនណា ចាយតាមចិត្តចង់ បើសល់ប៉ុន្មានសឹមសន្សំក្រោយ។ ប៉ុន្តែជាលទ្ធផល គឺមិនដែលសល់ឡើយ។ ការចាយលើរបៀបរស់នៅតូចតាច ដូចជា ការកម្ម៉ង់អាហារអនឡាញ ការទិញសម្លៀកបំពាក់តាម Promotion ឬការសមាជិកកម្ម App ផ្សេងៗដែលមិនបានប្រើប្រាស់។ ដូច្នេះជាដំណោះស្រាយ ត្រូវប្តូររូបមន្តមកជា រកបាន ដកសន្សំ ឬ វិនិយោគមុន (១០% - ២០%) ហើយសល់ប៉ុន្មានសឹមចាយ។ ប្រើប្រាស់ច្បាប់ 50/30/20 (៥០% ចំណាយចាំបាច់ ៣០% ចំណាយតាមចំណង់ ២០% សន្សំ ឬវិនិយោគ)។

 

៤.អន្ទាក់មិនធ្លាប់គិតពីអាសន្ន និងការវិនិយោគ៖ នៅក្នុងវ័យ ២០ ឆ្នាំជាង មនុស្សភាគច្រើនមានអារម្មណ៍ថាខ្លួននៅក្មេង មានសុខភាពល្អ និងនៅមានពេលច្រើន ដូច្នេះមិនប្រញាប់រៀបចំផែនការអនាគតឡើយ។ នៅពេលជួបហេតុការណ៍ចៃដន្យ (ឈឺ បាត់បង់ការងារ ឬគ្រួសារមានបញ្ហា) គ្មានប្រាក់សន្សំបម្រុងអាសន្ន ក៏ត្រូវបង្ខំចិត្តទៅខ្ចីបុល ឬបង្កើតបំណុលភ្លាមៗ។ ម្យ៉ាងទៀត ការទុកលុយឲ្យដេកលក់ក្នុងកុងធនាគារធម្មតា ដោយមិនយកទៅរៀនវិនិយោគ បណ្តាលឲ្យចាញ់សង្គ្រាមអតិផរណា។ ដូច្នេះដំណោះស្រាយ ត្រូវបង្កើត កញ្ចប់លុយបម្រុងអាសន្ន ឲ្យបាន ៣-៦ ខែនៃចំណាយប្រចាំខែជាមុនសិន។ បន្ទាប់មក ចាប់ផ្តើមរៀនសូត្រ និងយកប្រាក់សន្សំមួយផ្នែកទៅវិនិយោគលើចំណេះដឹង និងទ្រព្យសកម្មបង្កើតចំណូល។

 

ជារួម សុខុមាលភាពហិរញ្ញវត្ថុក្នុងវ័យ ៣០ ឬ ៤០ ឆ្នាំ គឺកើតចេញពី ជម្រើស និងវិន័យហិរញ្ញវត្ថុដែលអ្នកធ្វើក្នុងវ័យ ២០ ឆ្នាំជាងនេះឯង។ ការសន្សំលុយបាន ឬមិនបាន មិនមែនអាស្រ័យលើចំនួនលុយដែលអ្នករកបានទាំងស្រុងនោះទេ ប៉ុន្តែវាអាស្រ័យលើ ទម្លាប់ និងការគ្រប់គ្រងអារម្មណ៍របស់អ្នកចំពោះលុយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia