Sathapana Mobile ត្រូវបានទទួលស្គាល់ជាកម្មវិធីធនាគារចល័តដែលមានភាពច្នៃប្រឌិត ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ
Daneth MechJANUARY 20 2026

រាជធានីភ្នំពេញ ថ្ងៃទី20  ខែមករា ឆ្នាំ 2026 ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជាមានមោ​ទនភាពយ៉ាងក្រៃលែងដែល Sathapana Mobile​ ត្រូវបានប្រសិទ្ធនាមជា «កម្មវិធីធនាគារចល័តប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជាឆ្នាំ 2025» ពីស្ថាប័នពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិ។ ការទទួលបានពានរង្វាន់លើភាពច្នៃប្រឌិតរយៈពេលបីឆ្នាំជាប់ៗគ្នានេះ បានបញ្ជាក់ពីភាពរឹងមាំលើធនាគារឌីជីថលនៅលើទីផ្សារ។​

នៅឆ្នាំ 2025 Sathapana Mobile​ ត្រូវបានរចនារូបរាងថ្មី ហើយក៏ទទួលបានការគាំទ្រពីអតិថិជន ធ្វើឱ្យចំនួនអ្នក​ប្រើប្រាស់កើនឡើងដល់ ​16%។ សមិទ្ធផលនេះអាចទទួលបានដោយមានការដាក់បញ្ចូលនូវមុខងារថ្មីៗ​ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ។ Sathapana Mobile ជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងដោយផ្តោតលើចំនុចសំខាន់បីធំៗ គឺផ្តល់ភាពងាយស្រួល សុវត្ថិភាព និងតាមតម្រូវការអ្នកប្រើប្រាស់។ ផ្ទាំងវិចិត្ររបស់កម្មវិធី Sathapana Mobile មានលក្ខណៈទំនើប សាមញ្ញ អាចកែប្រែឲ្យត្រូវនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាពិសេសដំណើរការកាន់តែលឿនជាងមុន។

សូមគូសបញ្ជាក់ផងដែរថា ការការពារឯកជនភាពទិន្នន័យ គឺជាអាទិភាពចម្បងរបស់ធនាគារ ស្ថាបនា។ យើងបានបំពាក់នូវមុខងារ​សោ​មុខ​សុវត្ថិភាព​ (
FacePass​ Secure)​ ដែល​យកមុខ​ផ្ទាល់​របស់​អ្នក​ប្រើប្រាស់​ជា​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​សុវត្ថិភាព​ស្រទាប់​ទី​ពីរ​ និងការផ្ទុកទិន្នន័យ encrypted data ដើម្បីការពារព័ត៌មានអតិថិជននៅគ្រប់ជំហានប្រើប្រាស់ទាំងអស់ ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជូនអតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។

អមជាមួយនឹងការរចនាដែលមានភាពសាមញ្ញ និងរស់រវើក Sathapana Mobile ផ្តល់នូវប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងលឿនរហ័ស និងងាយស្រួល ជាពិសេសអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើតគណនីសន្សំឆ្លាតវៃ ឬ ស្នើកម្ចី និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ បានភ្លាមៗ ដែលកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាចទទួលបានប្រាក់សម្រាប់ប្រើប្រាស់ពេលមានតម្រូវការបន្ទាន់ណាមួយ។ ​សាជីវកម្ម​ អ្នកប្រើប្រាស់ទូទៅ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ជា​ច្រើន​ បាន​ប្រើប្រាស់ Sathapana Mobile​ ដើម្បី​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ រួមមានសម្រាប់ទទួលប្រាក់បៀវត្ស ​សម្រាប់ទូទាត់ថ្លៃពន្ធជូន​រដ្ឋ​ និងទូទាត់ថ្លៃ​វិក្កយបត្រ​ផ្សេងៗ​ទៀត​។​ ការ​ទទួលខុសត្រូវ​ដ៏​សំខាន់​នេះ​ បង្ហាញ​ពី​ទំនុកចិត្ត​របស់​សាធារណជន​ចំពោះ​ប្រតិបត្តិការ​ធនាគារ​បែបឌីជីថលរបស់​ស្ថាបនា

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា​ បានមានប្រសាសន៍ថា៖ «ពានរង្វាន់នេះពិតជាមានអត្ថន័យ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើបច្ចេកវិទ្យាដើម្បីបង្កើនការរួមបញ្ចូលបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។ យើងជឿជាក់ថា សេវាហិរញ្ញវត្ថុបែបឌីជីថល គឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល។​ ពានរង្វាន់​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​យើង​ ចំពោះ​ឧត្តមភាព​ និង​នវានុវត្តន៍​ភាព​ក្នុង​វិស័យ​ធនាគារ​។​»

​លោក​ក៏​បាន​បន្ត​ថា​ «ភាពជោគជ័យរបស់យើងគឺជាសក្ខីភាពមួយចំពោះទំនុកចិត្តរបស់អតិថិជន និងការ​ខិតខំ​ប្រឹង​ប្រែងរបស់​ក្រុមការងារ​ ស្ថាបនា ទាំងអស់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នាមិនត្រឹមតែបង្កើតនូវកម្មវិធីធនាគារចល័តតែប៉ុណ្ណោះទេ គឺយើងកំពុងតែជំរុញអនាគតសេដ្ឋកិច្ចដ៏ត្រចះត្រចង់ សម្រាប់សហគមន៍ទាំងមូល។»

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គឺជាទស្សនាវដ្តីអាជីវកម្ម និងហិរញ្ញវត្ថុឈានមុខមួយ ដែលបោះពុម្ពដោយ International Finance Publications Limited របស់ចក្រភពអង់គ្លេស។ ពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទូទាំងពិភពលោក។ ពានរង្វាន់នេះមិនត្រឹមតែបញ្ជាក់អំពីសមត្ថភាពដ៏រឹងមាំរបស់ធនាគារ ស្ថាបនា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការពេញចិត្តរបស់អតិថិជនមកកាន់ធនាគារ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ។

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខា ម៉ាស៊ីនអេធីអឹម យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងសាលស្ថាបនាព្រីមារណ៍សម្រាប់ផ្តល់ជូននូវឯកជនភាពជូនអតិថិជន។ ធនាគារ ស្ថាបនា ផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT VisaB2B Connect Visa Direct បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។  

នៅដើមឆ្នាំ 2025 ធនាគារ ស្ថាបនាបានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន និងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ ហើយក្នុងឆ្នាំ 2024 ធនាគារក៏ទទួលពានរង្វាន់ឆ្នើម ពីរនោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking -  Cambodia 2024” ពី Global Retail Banking Rankings រួមជាមួយនឹងពានរង្វាន់ធំៗចំនួនប្រាំមួយពី VISA និង Mastercard សម្រាប់ភាពជាអ្នកដឹកនាំ និងកំណើនក្នុងការផ្តល់នូវដំណោះស្រាយទូទាត់។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia