
ធនាគារ ស្ថាបនា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre) និង VIP Care Medical Service នៅអគារ ស្ថាបនា ក្នុងគោលបំណងផ្តល់ជូនអតិថិជននូវសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។
កិច្ចសហប្រតិបត្តិការនេះ ផ្តល់នូវអត្ថប្រយោជន៍ផ្នែកសុខភាពកម្រិតពិភពលោក ជាមួយសេវាកម្មប្រកបដោយការយកចិត្តទុកដាក់សម្រាប់អតិថិជនស្ថាបនា ព្រីមារណ៍ និងការផ្តល់ជូនពិសេសសម្រាប់អតិថិជនទូទៅរបស់ធនាគារ។ ក្រោមកិច្ចសហការនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី សាន់វ៉េ មេឌីខល សេនធ័រ (Sunway Medical Centre), Sunway City និងដៃគូផ្តល់សេវាថែទាំសុខភាពផ្សេងៗទៀត ដែលធ្វើឱ្យបទពិសោធនៃការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ កាន់តែមានភាពងាយស្រួលជាងពេលណាណាទាំងអស់។


តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា នឹងទទួលបានអត្ថប្រយោជន៍ផ្តាច់មុខលើសេវាថែទាំសុខភាព ទទួលបានការបញ្ចុះតម្លៃពិសេស សេវាណែនាំ និងការព្យាបាលកម្រិតពិភពលោកនៅប្រទេសម៉ាឡេស៊ី ធ្វើឱ្យបទពិសោធថែទាំសុខភាពនៅក្រៅប្រទេស មានលក្ខណៈងាយស្រួល និងទំនុកចិត្ត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជន និងប្រទេសជាតិ តាមរយៈការគាំទ្រដល់ការទទួលបានសេវាថែទាំសុខភាពចាំបាច់ និងការជំរុញឱ្យមានការរស់នៅប្រកបដោយសុខភាពល្អ។
សម្រាប់អតិថិជនដែលមានបំណងចង់ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូនេះ សូមអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយ ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណ ស្ថាបនា។

អំពីធនាគារ ស្ថាបនា
គិតចាប់ពីឆ្នាំ 2016 មក ធនាគារ ស្ថាបនា ភីអិលស៊ី បានដំណើរប្រតិបត្តិការក្នុងនាមជាធនាគារពាណិជ្ជ ក្រោមស្ថាប័នហិរញ្ញវត្ថុ ម៉ារ៉ូហាន់ ធនាគារ ជប៉ុន ហើយបានក្លាយជាស្ថាប័នហិរញ្ញវត្ថុមួយក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា ជាមួយទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក បុគ្គលិកច្រើនជាង 3,500 នាក់ សាខាចំនួន175 ទូទាំងប្រទេស ស្ថាបនាព្រីមារណ៍ ចំនួន4 និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង ធនាគារ ស្ថាបនា ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងសម្បូរបែប ជឿនលឿន និងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត ទូទាំងប្រទេស។
ដោយមានការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តក្នុងការប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងការច្នៃប្រឌិតថ្មី ធនាគារ ស្ថាបនា បានទទួលពានរង្វាន់ជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ រួមមាន វិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន ពានរង្វាន់ឆ្នើម «Best Retail Banking» និងពានរង្វាន់ឧត្តមភាពជាច្រើនពី VISA និង Mastercard។
អំពី មន្ទីរពេទ្យ Sunway Medical Centre
មន្ទីរពេទ្យ Sunway Medical Centre (SMC) ទីក្រុង Sunway City គឺជាមន្ទីរពេទ្យលេខ១នៅប្រទេសម៉ាឡេស៊ី។ SMC ត្រូវបានគេស្គាល់ថាមានចំណុចខ្លាំងក្នុងវិស័យផ្សេងៗ ដូចជា ជំងឺមហារីក ជំងឺបេះដូង វះកាត់ឆ្អឹង សេវាជំងឺក្រពះពោះវៀន ជំងឺប្រព័ន្ធសរសៃប្រសាទ សុខភាពស្ត្រី និងកុមារ ព្រមទាំងការវះកាត់ស្មុគស្មាញ ហើយបានផ្តល់សេវាព្យាបាលដល់អ្នកជំងឺអន្តរជាតិអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ SMC ក៏ជាមន្ទីរពេទ្យឯកជនដំបូងគេនៅប្រទេសម៉ាឡេស៊ី ដែលទទួលបានការទទួលស្គាល់ធំៗចំនួនបីលើទូទាំងមន្ទីរពេទ្យ គឺ Joint Commission International (JCI) ក្រុមប្រឹក្សាស្តង់ដារថែទាំសុខភាពអូស្ត្រាលី (ACHS) និងសមាគមគុណភាពសុខភាពម៉ាឡេស៊ី (MSQH)។
សម្រាប់ព័ត៌មានលម្អិតអំពី មន្ទីរពេទ្យ Sunway Medical Centre សូមទំនាក់ទំនងតាមរយៈ៖ https://www.sunwaymedicalinternational.com
អំពីក្រុមហ៊ុន VIP Care Medical Service តំណាងផ្លូវការរបស់ Sunway Medical Centre នៅកម្ពុជា
VIP Care Medical Service គឺជាក្រុមហ៊ុនសម្របសម្រួលទេសចរណ៍វេជ្ជសាស្ត្រនាំមុខគេ ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាមួយសាខាបន្ថែមនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ចាប់តាំងពីការបង្កើតឡើងមក VIP Care បានសម្របសម្រួលដោយជោគជ័យលើសពី 1000 ករណី ក្នុងការភ្ជាប់អ្នកជំងឺទៅកាន់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិនៅបរទេស។ សេវាកម្មសម្របសម្រួលដ៏ទូលំទូលាយរបស់ខ្លួន រួមមានការសម្របសម្រួលមន្ទីរពេទ្យ ការរៀបចំពិគ្រោះជំងឺតាមទូរស័ព្ទ ការរៀបចំមធ្យោបាយធ្វើដំណើរវេជ្ជសាស្ត្រ ការបម្រើសេវាបកប្រែភាសា ការទទួលផ្តល់ព័ត៌មានជូនអ្នកជំងឺ24ម៉ោងក្នុងមួយថ្ងៃ និងការថែទាំក្រោយការព្យាបាល ដើម្បីធានាថាអតិថិជនគ្រប់រូបទទួលបានដំណើរថែទាំសុខភាពប្រកបដោយភាពរលូន និងផ្ទាល់ខ្លួន។ កម្មវិធី Serenity Care របស់ VIP Care ថែមទាំងផ្តល់ការគាំទ្រផ្នែកសុខភាពផ្លូវចិត្តដ៏ទូលំទូលាយដោយឥតគិតថ្លៃ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចាត់ទុកអ្នកជំងឺគ្រប់រូបជា VIP។ ក្នុងនាមជាក្រុមហ៊ុនតំណាងផ្លូវការរបស់ Sunway Medical Centre នៅកម្ពុជា VIP Care Medical Service បន្តបំពេញតួនាទីជាស្ពានទំនុកចិត្តរវាងអ្នកជំងឺកម្ពុជា និងសេវាព្យាបាលឧត្តមភាពពិភពលោក។
សម្រាប់ព័ត៌មានលម្អិតអំពី ក្រុមហ៊ុន VIP Care Medical Service សូមទំនាក់ទំនងតាមរយៈ៖ office.vipcare@gmail.com | +855 71 767 8888


