ជារឿងដ៏គួរឲ្យរំភើបមួយ ដែលសៀវភៅធ្វើម្ហូបខ្មែរឈ្មោះ «សោយ» ជាប់ជ័យលាភីជា "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក" ក្នុងព្រឹត្តិការណ៍ធ្វើម្ហូបដ៏ធំបំផុត ដែលប្រព្រឹត្តនៅលើទឹកដីអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសកម្រនេះ អ្នកនាង រស់ រតនៈ ដែលមហាជនភាគច្រើនស្គាល់ថា Chef Nak (ចុងភៅ ណាក់) និងជាម្ចាស់ស្នាដៃនៃសៀវភៅ «សោយ» បានបង្ហោះវីឌីអូទទួលពានរង្វាន់ អមជាមួយសំណេរលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្មែរធ្វើបានហើយ ! ! ! យើងទទួលបានជ័យលាភី "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក" ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង "សោយ" ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា "ពានរង្វាន់អូស្ការ" ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ»។
គួរជម្រាបផងដែរថា ក្នុងកម្មវិធីធ្វើម្ហូបលំដាប់ពិភពលោកនេះមានការចូលរួមពីប្រទេសចំនួន ២០៥ ទូទាំងពិភពលោក។ ចំណែកឯ Chef Nak (ចុងភៅ ណាក់) មានកិត្តិយសជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពកំពូលនៃសិល្បៈធ្វើម្ហូបរបស់កម្ពុជា ក្រោមការគាំទ្រដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកម្ពុជា៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)