សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគគម្រោងទាំងនេះនៅកម្ពុជាដាច់ខាត
Bunthoeun Koem•OCTOBER 7 2026•7.2 K views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិក (Vape) ឬការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជានោះឡើយ ទោះបីជាការផលិត ឬការដាំដុះនោះធ្វើឡើងក្នុងគោលបំណងដើម្បីនាំចេញទៅក្រៅប្រទេស ឬប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ។

 

837177836 2175889802963759 4660380568648342361 N (1)

 

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី” សម្ដេចបានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំបានប្រកាសទៅកាន់ក្រសួងពាក់ព័ន្ធរបស់យើង មិនថា CDC ក្រសួងពាណិជ្ជកម្ម ដែលជួបជាមួយបរទេសដែលគេមកសុំផលិតបារីអេឡិចត្រូនិច ឬមួយ Vape នៅក្នុងស្រុកគឺហាម មិនទទួលទេវិនិយោគនេះ។ ទោះបីគាត់ផលិតនាំចេញក៏ដោយ អត់ទេ គឺសុំកុំឲ្យមានតែម្ដង ព្រោះថាគ្រាន់តែការនាំចូលគឺយើងពិបាកគ្រប់គ្រងណាស់ទៅហើយ ទម្រាំផលិតនាំចេញទៀត”។

 

ទាក់ទងនឹងបញ្ហាកញ្ឆា សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចមានគោលការណ៍ប្រឆាំងដាច់ខាតចំពោះការដាំកញ្ឆានៅកម្ពុជា តាំងពីមុនពេលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រីមកម៉្លេះ។ ទោះបីជាមានការលួងលោម (Lobby) ឬមានសំណើវិនិយោគពីក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន ដែលស្នើសុំឱ្យមានការធ្វើវិសោធនកម្មច្បាប់ដើម្បើតម្រូវការនាំចេញទៅកាន់ប្រទេសផ្សេងៗដូចជាកាណាដាក៏ដោយ ក៏សម្តេចបានបដិសេធចោលទាំងអស់។

 

Main Image 2

 

សម្តេចធិបតី បានបន្ថែមទៀតថា មូលហេតុចម្បងដែលមិនអនុញ្ញាត គឺដោយសារតែការគ្រប់គ្រងមិនអាចធ្វើទៅបានប្រសិទ្ធភាពនោះទេ ហើយប្រសិនបើអនុញ្ញាតឱ្យដាំដុះ នោះវានឹងជ្រាបចូលទៅកាន់សង្គមជាតិ ហើយប្រជាពលរដ្ឋកម្ពុជានឹងរងផលប៉ះពាល់ដោយសារការជក់កញ្ឆានេះ។ សម្តេចបានលើកឡើងជាឧទាហរណ៍ជាក់ស្តែងអំពីបទពិសោធន៍របស់ប្រទេសជិតខាង ដែលធ្លាប់បានបើកទូលាយឱ្យប្រើប្រាស់កញ្ឆាក្នុងគោលបំណងវេជ្ជសាស្ត្រ ប៉ុន្តែនៅទីបំផុតមិនអាចគ្រប់គ្រងបាន រហូតដល់មានការប្រើប្រាស់ជក់ពេញទីសាធារណៈ ខុសពីគោលគំនិតដើម និងបង្ខំឱ្យរដ្ឋាភិបាលប្រទេសនោះត្រូវរឹតបន្តឹងច្បាប់ឡើងវិញដូចការព្យាករទុកមែន៕

 

Screenshot 2025 05 06 at 11.28.09 Am

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia