រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុមហ៊ុន Hisamitsu បានប្រកាសដាក់សម្ពោធជាផ្លូវការនូវផលិតផលបំបាត់ការឈឺចាប់ប្រភេទកៅអៀក Salonpas និង Salonsip នៅក្នុងប្រទេសកម្ពុជា។
ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញក្នុងវិស័យសុខាភិបាលជាច្រើនរូបផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន ដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង និងខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមវេជ្ជបណ្ឌិតបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ដែលនាំទៅដល់ការលើកកម្ពស់គុណភាពជីវិត និងការយល់ដឹងកាន់តែច្បាស់របស់ប្រជាពលរដ្ឋលើការថែទាំសុខភាព។ ទោះជាយ៉ាងនេះក្ដី បញ្ហាសុខភាពទូទៅដូចជា ការឈឺចាប់សាច់ដុំ ឈឺសន្លាក់ និងការឈឺចាប់ប្រចាំថ្ងៃ នៅតែបន្តប៉ះពាល់ដល់មនុស្សជាច្រើន ដែលវាអាចរំខានដល់សមិទ្ធកម្មការងារ ការចលនារាងកាយ និងគុណភាពជីវិតទូទៅ។»
ឯកឧត្តមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថា៖ «ក្នុងបរិបទនេះ ការដាក់បង្ហាញផលិតផលថែរក្សាសុខភាពដោយខ្លួនឯង ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ដូចជា Salonpas និង Salonsip គឺមានសារៈសំខាន់ និងទាន់ពេលវេលាណាស់។ ក្រសួងសុខាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកកម្ពស់ការថែទាំសុខភាពដោយខ្លួនឯង តាមរយៈការប្រើប្រាស់ឱសថដោយការទទួលខុសត្រូវ ព្រោះវាជួយបង្កើនម្ចាស់ការរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយបន្ទុកលើប្រព័ន្ធសុខាភិបាល និងធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាវេជ្ជសាស្ត្រផងដែរ។»

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់សម្ពោធជាផ្លូវការនូវផលិតផលកៅអៀកបំបាត់ការឈឺចាប់របស់ក្រុមហ៊ុន Hisamitsu នាពេលនេះ។
ឯកឧត្តមបានគូសបញ្ជាក់ពីមោទនភាពចំពោះការចូលរួមយ៉ាងសកម្ម និងបន្តបន្ទាប់របស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រ និងលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមិនត្រឹមតែចូលរួមចំណែកដល់ការលើកកម្ពស់បរិយាកាសថែទាំសុខភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកដ៏សំខាន់មួយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ហ៊ីរ៉ាម៉ាតស៊ូ តារ៉ូ (Hiramatsu Taro) ប្រធានផ្នែកអន្តរជាតិនៃក្រុមហ៊ុន Hisamitsu Pharmaceutical Co., Ltd. បានលើកឡើងអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ក្រុមហ៊ុន ព្រមទាំងសមិទ្ធផលសំខាន់ៗជាច្រើនដែលក្រុមហ៊ុនសម្រេចបានក្នុងរយៈពេលកន្លងមក។
លោកបានបញ្ជាក់បន្ថែមថា តាមរយៈរូបមន្តទំនើប និងបច្ចេកវិទ្យាឈានមុខគេ ផលិតផលកៅអៀកបំបាត់ការឈឺចាប់ទាំងនេះ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបំបាត់ការឈឺចាប់សាច់ដុំ ឆ្អឹង និងសន្លាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើន បើប្រៀបធៀបទៅនឹងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមការលេប (តាមមាត់)។ ការដាក់សម្ពោធជាផ្លូវការនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីបេសកកម្មចម្បងរបស់ក្រុមហ៊ុន Hisamitsu ក្នុងការលើកកម្ពស់គុណភាពជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋកម្ពុជា។
គួរកត់សម្គាល់ផងដែរថា ជាមួយនឹងបទពិសោធន៍យ៉ាងសំបូរបែបប្រមាណ ១៧៩ ឆ្នាំក្នុងឧស្សាហកម្មឱសថ ក្រុមហ៊ុន Hisamitsu តែងតែបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថែទាំសុខភាពដែលមានគុណភាពខ្ពស់បំផុត។ «Salonpas» ដែលជាម៉ាកផលិតផលឈានមុខគេរបស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ជាសកលក្នុងវិស័យបំបាត់ការឈឺចាប់ ព្រមទាំងត្រូវបានវាយតម្លៃ និងបញ្ជាក់ថាជា ម៉ាកកៅអៀកបិទបំបាត់ការឈឺចាប់ប្រភេទ OTC (ឱសថប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា) លំដាប់ថ្នាក់លេខ ១ លើពិភពលោក រយៈពេល ៩ ឆ្នាំជាប់ៗគ្នា។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ខ្លួន ក្រុមហ៊ុន Hisamitsu តែងតែស្ថិតនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទូទាំងសកលលោក ដែលជួបប្រទះបញ្ហារបួសស្រាលៗ ក៏ដូចជាជំងឺពាក់ព័ន្ធនឹងសាច់ដុំ ឆ្អឹង និងសន្លាក់។
ការឈានជើងចូលមកកាន់ទីផ្សារកម្ពុជានៅពេលនេះ មិនត្រឹមតែជាការពង្រីកវត្តមានរបស់ក្រុមហ៊ុន Hisamitsu នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងយល់ និងបំពេញតម្រូវការជាក់ស្តែងក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Dynamic Argon ដែលជាក្រុមហ៊ុនរួមទុន (Joint Venture) រវាង Dynamic Advance Group និង Medela Potentia។
លោក អ៊ីវ៉ាន់ សេទីយ៉ាឌី (Ivan Setiadi) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Dynamic Argon Co., Ltd. បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា អតិថិជននៅកម្ពុជា ស័ក្តិសមក្នុងការទទួលបានផលិតផលថែរក្សាសុខភាពដែលមានគុណភាពខ្ពស់ សុវត្ថិភាព មានប្រសិទ្ធភាព និងទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះហើយ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនឱសថ Hisamitsu Pharmaceutical Co., Ltd. គឺពិតជាស្របគ្នាយ៉ាងខ្លាំងទៅនឹងបេសកកម្ម និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការរួមចំណែកកសាង និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកបានបន្តទៀតថា កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែសំដៅទៅលើការរីកចម្រើនផ្នែកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបង្កើតផលជាវិជ្ជមានយូរអង្វែងដល់សង្គម តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានផលិតផលសុខភាពដែលមានគុណភាពខ្ពស់ គាំទ្រទៅដល់ការរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង និងបង្កើនគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា។
គួរកត់សម្គាល់ផងដែរថា ក្នុងសង្គមសម័យទំនើប បញ្ហាការឈឺចាប់កំពុងកើតមានកាន់តែច្រើនលើយុវវ័យ ដោយមនុស្សវ័យក្មេងជាច្រើនប្រឈមនឹងបញ្ហាសាច់ដុំ និងឆ្អឹងសន្លាក់។ ខណៈដែលថ្នាំបំបាត់ការឈឺចាប់ប្រើតាមមាត់អាចបង្កផលប៉ះពាល់ដល់ក្រពះ ថ្លើម និង តម្រងនោម។ ការដាក់សម្ពោធផលិតផលកៅអៀក Salonpas Pain Relieving Patch និង Salonsip Gel-Patch បានផ្តល់ជាជម្រើសដ៏មានប្រសិទ្ធភាព សុវត្ថិភាព និង ងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ផលិតផលទាំងនេះគឺជាភស្តុតាងនៃការច្នៃប្រឌិតជាបន្តបន្ទាប់របស់ក្រុមហ៊ុន Hisamitsu ដោយផ្តោតលើសុខភាពអ្នកប្រើប្រាស់ និងការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបដើម្បីបង្កើតដំណោះស្រាយព្យាបាលដ៏មានប្រសិទ្ធភាព។


កៅអៀកបិទបំបាត់ការឈឺចាប់ Salonpas នាំមកនូវបទពិសោធន៍ថ្មីក្នុងការគ្រប់គ្រងការឈឺចាប់។ ផលិតផលនេះមានសារធាតុសកម្មសំខាន់គឺ Methyl Salicylate ដែលជាថ្នាំប្រឆាំងការរលាកប្រភេទ NSAID ត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺសាច់ដុំ និងឆ្អឹងសន្លាក់ ដោយមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ និងការរលាក។ ផលិតផលនេះសមស្របសម្រាប់ការឈឺសាច់ដុំ ឈឺស្មា ឈឺខ្នង ស្នាមជាំ រលាកសរសៃ ឈឺសន្លាក់ និងអស់កម្លាំងសាច់ដុំ។ ចំណែកឯកៅអៀក Salonsip Gel-Patch មានលក្ខណៈពិសេសក្នុងការផ្តល់អារម្មណ៍ត្រជាក់ភ្លាមៗ និងមានសារធាតុបំបាត់ការឈឺចាប់ដ៏មានប្រសិទ្ធភាព ដែលជួយបន្ថយការឈឺចាប់បែបស្រួចស្រាវបណ្តាលមកពីសកម្មភាពរាងកាយ និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ។
ចំណុចពិសេសមួយរបស់កៅអៀកបិទ Salonpas គឺបច្ចេកវិទ្យាបញ្ជូនថ្នាំតាមស្បែក TDDS (Transdermal Drug Delivery System)។ ខុសពីថ្នាំលេបដែលស្រូបតាមប្រព័ន្ធរំលាយអាហារ បច្ចេកវិទ្យានេះអនុញ្ញាតឱ្យសារធាតុសកម្មជ្រាបចូលតាមស្បែកដោយផ្ទាល់ទៅកាន់តំបន់សាច់ដុំដែលមានបញ្ហា។ ដោយសារតែបែបនេះ ថ្នាំអាចមានប្រសិទ្ធភាពចំគោលដៅ និងជួយកាត់បន្ថយផលប៉ះពាល់លើថ្លើម តម្រងនោម និងក្រពះ ដែលជាអវយវៈដែលរងផលប៉ះពាល់ពីការប្រើថ្នាំបំបាត់ការឈឺចាប់តាមមាត់រយៈពេលវែង។
រោងចក្របានផលិតឡើងតាមស្តង់ដារជប៉ុន ដែលល្បីល្បាញខាងបច្ចេកវិទ្យាឱសថទំនើប និងការគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង កៅអៀកបិទ Salonpas មានប្រសិទ្ធភាពព្យាបាល និងសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ និងកុមារចាប់ពីអាយុ ១២ ឆ្នាំឡើងទៅ។ តាមរយៈផលិតផលនេះក្រុមហ៊ុន Hisamitsu បានបញ្ជាក់ជាថ្មីពីតួនាទីនាំមុខរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពសម្រាប់សហគមន៍។

ទន្ទឹមនឹងនេះដែរ លោក អាគីយ៉ាម៉ា ហ៊ីរ៉ូយុគី (Akiyama Hiroyuki) អគ្គនាយកក្រុមហ៊ុន Hisamitsu Vietnam បានមានប្រសាសន៍ថា៖ «ជាមួយនឹងចក្ខុវិស័យនៃការច្នៃប្រឌិតជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយថែទាំសុខភាពដែលមានគុណភាពខ្ពស់ យើងមានមោទនភាពក្នុងការដាក់សម្ពោធកៅអៀក Salonpas Pain Relieving Patch និង Salonsip Gel-Patch ដែលជាផលិតផលឈានមុខគេ បង្កើតឡើងដោយបច្ចេកវិទ្យាជប៉ុន ព្រមទាំងជាម៉ាកសញ្ញាលំដាប់ថ្នាក់លេខ ១ លើពិភពលោក ក្នុងប្រភេទកៅអៀកបិទបំបាត់ការឈឺចាប់ OTC។ ផលិតផលទាំងនេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់តាមរយៈបច្ចេកវិទ្យាបញ្ជូនថ្នាំតាមស្បែក (TDDS)។ យើងជឿជាក់ថា ការដាក់សម្ពោធនេះនឹងបន្តរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។»
ការដាក់សម្ពោធជាផ្លូវការនូវកៅអៀក Salonpas Pain Relieving Patch និង Salonsip Gel-Patch នាពេលនេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់អ្នកប្រើប្រាស់សម័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុន Hisamitsu ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈផលិតផលថែទាំសុខភាពប្រកបដោយនវានុវត្តន៍ទៀតផង៕


