ថ្មីៗនេះ កំពុងមានការផ្ទុះការវែកញែកខ្លាំងមែនទែននៅលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ឲ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ ដោយសារជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជា ដើម្បីជួយសម្រួលដល់លោក អ៊ុក វណ្ណដេ (អ្នកបង្កើតសាលាដូងនេះឡើង) ដោយបានឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាព និងឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូៗអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀន បណ្តុះបណ្តាលដល់ក្មេងៗជាសិស្សដែលរស់នៅលើភ្នំនោះឲ្យកាន់តែមានគុណភាព។
ជាងនេះទៅទៀត សម្តេចនិងលោកជំទាវ ក៏បានជួយឧបត្ថម្ភបន្ថែម ជាស្បៀងនិងថវិកាទៅដល់សាលាដូង ដើម្បីជួយសម្រាលបន្ទុក។ ទៀតសោត ក៏មានឧកញ្ញ៉ានានា រួមទាំងក្រុមហ៊ុនធំៗ បាននាំគ្នាជួយឧបត្ថមជាបន្តបន្ទាប់ រួមមាន ឧកញ៉ា ស្រី ចាន់ថន ក៏បានកំពុងចូលរួមឧបត្ថម្ភ ត្រីខ ជូនដល់ប្អូនៗក្មួយៗនៅសាលាដូងនោះ ចំនួន ៦០០០កំប៉ុង។ ហើយក្រៅពីនេះ ក្រុមហ៊ុន ហនុមាន ក៏នឹងបរិច្ចាកថវិកា ៣លានរៀល ក្នុងមួយខែ រយៈពេល ៣ឆ្នាំ ដែលសរុបជាទឹកប្រាក់ជាង ២៧០០០ដុល្លារ ដើម្បីចាត់ចែងក្នុងការចំណាយផ្សេងៗរបស់សាលាផងដែរ៕


