វិស័យកម្សាន្តកម្ពុជាបានបើកទំព័រថ្មីនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ តាមរយៈការប្រកាសបើកដំណើរការជាផ្លូវការនៃ «រោងភាពយន្ត Sabay»។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Sabay Digital Group បានទិញយកភាគហ៊ុន និងប្រតិបត្តិការទាំងស្រុងពីក្រុមហ៊ុន Major Cineplex Group ដែលធ្វើឱ្យអាជីវកម្មរោងភាពយន្ត និងប៊ូលីងទាំង ៦ ទីតាំង ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិកម្ពុជា ១០០%។
ការបោះជំហានដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការសម្រេចចិត្តផ្នែកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងគ្រឹះដ៏រឹងមាំដើម្បីពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ។ ជាផ្នែកមួយនៃអត្តសញ្ញាណថ្មី ម៉ាកយីហោប៊ូលីង Blue-O នឹងត្រូវប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងការបង្កើតបទពិសោធន៍កម្សាន្តបែបទំនើប និងសម្បូរបែបសម្រាប់ទស្សនិកជនគ្រប់ជំនាន់។

ទោះបីជាមានការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ ប៉ុន្តែប្រតិបត្តិការនៅគ្រប់ទីតាំងទាំងអស់នឹងនៅតែបន្តដោយគ្មានការរំខាន។ ទស្សនិកជននឹងទទួលបានបទពិសោធន៍នៃអត្តសញ្ញាណម៉ាក់យីហោថ្មី ស្តង់ដាសេវាកម្មដែលល្អប្រសើរជាងមុន និងយុទ្ធសាស្រ្តឈានឆ្ពោះទៅមុខដែលសំដៅពង្រឹងវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា។ Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្តនិងប៊ូលីង សម្ភារៈ និងបច្ចេកវិទ្យា។
ក្រុមហ៊ុននឹងគ្រប់គ្រង និងវិនិយោគដោយឯករាជ្យទៅលើប្រព័ន្ធរបស់ខ្លួន រួមមានបច្ចេកវិទ្យា IMAX Laser និង ScreenX ដែលទើបដំឡើងថ្មី ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបញ្ចាំងដែលមានស្រាប់។ ប្រព័ន្ធលក់សំបុត្រភាពយន្តថ្មី ការកក់សំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត និងការផ្លាស់ប្តូរម៉ាក់យីហោថ្មីដែលកាន់តែប្រសើរជាងមុននឹងត្រូវបានណែនាំផងដែរ។ លើសពីនេះទៅទៀត ទីតាំងនៅក្នុងសាលនៃរោងភាពយន្ត Sabay នឹងត្រូវបានអភិវឌ្ឍជាថ្មីអោយមានបរិយាកាសដែលងាយស្រួលសម្រាប់អតិថិជន រួមមានទីតាំងធ្វើការរួមគ្នា ហាងកាហ្វេ និងទីតាំងកម្សាន្តដែលរចនាឡើងដើម្បីគាំទ្រទៅដល់ផលិតករភាពយន្តវ័យក្មេងនានាតាមរយៈបណ្តាញទំនាក់ទំនង ការសហការគ្នា និងឪកាសទទួលបានការបណ្តុះបណ្តាលនានា។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនេះ លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស។”

ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមាន៖
• ពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា
• លើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព
ខណៈជំពូកថ្មីនេះត្រូវបានចាប់ផ្តើម រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិកម្ពុជាហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស។
លើសពីនេះ រោងភាពយន្ត Sabay នឹងអភិវឌ្ឍទីតាំងរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិត ដោយមានបន្ថែមនូវទីតាំងធ្វើការរួមគ្នា (Co-working space) និងហាងកាហ្វេ។ គម្រោងនេះរៀបចំឡើងដើម្បីគាំទ្រដល់ផលិតករភាពយន្តវ័យក្មេង តាមរយៈការផ្ដល់ឱកាសបណ្ដុះបណ្ដាល និងការសហការគ្នា សំដៅលើកកម្ពស់វិស័យកម្សាន្តជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងមោទកភាព។


អំពីរោងភាពយន្ត Sabay
រោងភាពយន្ត Sabay ផ្តល់ជូននូវបទពិសោធន៍ភាពយន្តលំដាប់ពិភពលោកនៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗ ក្រុមការងារក្នុងស្រុកដែលមានបទពិសោធន៍ និងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង។ ម៉ាកយីហោនេះប្តេជ្ញាលើកកម្ពស់វិស័យភាពយន្ត និងការកម្សាន្តរបស់ប្រទេស ខណៈបង្កើតបទពិសោធន៍ដ៏មានអត្ថន័យ និងរីករាយសម្រាប់ទស្សនិកជនទូទាំងប្រទេស។
អំពីក្រុមហ៊ុន Sabay Digital Group
ក្រុមហ៊ុន Sabay Digital Group គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេមួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាមួយនឹងប្រតិបត្តិការចម្រុះលើខ្លឹមសារឌីជីថល ការកម្សាន្ត និងអាជីវកម្មទាក់ទងនឹងបែបផែនជីវិតរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១០ មក Sabay បានវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មភាពយន្ត និងភាពយន្ត រួមទាំងការចែកចាយភាពយន្ត ការផលិត និងវិនិយោគភាពយន្តក្នុងស្រុក និងប្រតិបត្តិការភាពយន្ត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធវិស័យកម្សាន្តបែបទំនើបរបស់ប្រទេសកម្ពុជា។
សម្រាប់ការសាកសួរព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
កញ្ញា សារ៉ាល់ ភក្តី
បុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ
ក្រុមការងារផ្នែកទំនាក់ទំនង | Sabay Digital
អ៊ីម៉ែល៖ Phakkdey@twpr360.com


