ការចិញ្ចឹមកូនប្រុសឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ ភាពរឹងមាំ និងមានគុណធម៌ គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប។ តាមក្បួនចិត្តសាស្ត្រ និងបទពិសោធន៍នៃការអប់រំ ក្បួនទាំង ៣ ខាងក្រោមនេះ គឺជាគ្រឹះដ៏សំខាន់បំផុតដែលឪពុកម្តាយគួរអនុវត្ត៖
១/. បង្រៀនឱ្យស្គាល់ការលំបាក
ឪពុកម្តាយភាគច្រើនតែងតែចង់ឱ្យកូនស្រណុក ប៉ុន្តែសម្រាប់កូនប្រុស បើគេទទួលបានអ្វីៗដោយងាយស្រួលពេក គេនឹងខ្វះភាពអត់ធ្មត់ និងមិនសូវស្គាល់តម្លៃនៃវត្ថុទាំងនោះឡើយ។ ដូច្នេះក្នុងនាមជាឪពុកម្តាយគួរអនុញ្ញាតឱ្យកូនជួយការងារផ្ទះដែលស័ក្តិសមនឹងកម្លាំង បង្រៀនឱ្យគេចេះតស៊ូដោះស្រាយបញ្ហាដោយខ្លួនឯងជាមុនសិន មុននឹងយើងលូកដៃជួយ។ ការឆ្លងកាត់ភាពលំបាកបន្តិចបន្តួចនៅក្មេង នឹងធ្វើឱ្យគេក្លាយជាបុរសដែលមានភាពអត់ធន់ខ្ពស់នៅថ្ងៃអនាគត។
២/. បង្រៀនឱ្យទទួលខុសត្រូវលើទង្វើខ្លួនឯង
បុរសដែលជោគជ័យ និងមានគេគោរព គឺជាបុរសដែលហ៊ានធ្វើ ហ៊ានទទួល។ ការបង្រៀនកូនប្រុសឱ្យចេះទទួលខុសត្រូវ ត្រូវចាប់ផ្តើមពីចំណុចតូចៗ។ នៅពេលកូនធ្វើខុស កុំស្ដីបន្ទោសដោយហិង្សា ប៉ុន្តែត្រូវឱ្យគេរៀនទទួលស្គាល់កំហុស និងកែប្រែវា។ បង្រៀនគេឱ្យចេះគោរពពាក្យសន្យា និងយល់ថា រាល់សកម្មភាពដែលគេធ្វើ តែងតែមានលទ្ធផលមកវិញជានិច្ច។ ទំនួលខុសត្រូវនេះហើយ ដែលនឹងក្លាយជាខែលការពារគេក្នុងជីវិតការងារ និងគ្រួសារនៅពេលធំឡើង។
៣/. បង្រៀនឱ្យមានចិត្តមេត្តា និងការគោរព
ភាពរឹងមាំរបស់កូនប្រុស មិនមែនស្ថិតនៅលើកម្លាំងបាយ ឬការចង់ឈ្នះអ្នកដទៃនោះទេ ប៉ុន្តែស្ថិតនៅលើការចេះគោរព និងផ្ដល់តម្លៃដល់អ្នកដទៃ ជាពិសេសការគោរពចាស់ទុំ និងការចេះជួយអ្នកដែលខ្សោយជាង។ ក្នុងនាមជាឪពុកម្តាយគួរធ្វើជាគំរូក្នុងការនិយាយស្តីប្រកបដោយសីលធម៌ និងការបង្ហាញក្តីស្រឡាញ់ក្នុងគ្រួសារ។ នៅពេលកូនប្រុសមានចិត្តមេត្តា គេនឹងក្លាយជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ដែលជាកូនសោនាំទៅរកឱកាសល្អៗក្នុងអាជីព និងសង្គម។
យ៉ាងណាមិញ ការចិញ្ចឹមកូនប្រុសពុំមែនត្រឹមតែការផ្ដល់អាហារ និងសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺការសាបព្រោះគ្រាប់ពូជនៃភាពអត់ធ្មត់ ទំនួលខុសត្រូវ និងគុណធម៌ ទៅក្នុងចិត្តរបស់គេ។ កូនប្រុសដែលធំឡើងដោយមានចំណុចទាំង ៣ នេះ មិនត្រឹមតែមានអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែថែមទាំងជាបង្គោលដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



