ប្រធានសមាគម CVEA បង្ហាញពីគន្លឹះដាក់លក់អចលនទ្រព្យឲ្យឆាប់ដាច់
Bunthoeun KoemMAY 7 202615 views

នៅក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យនៅមិនទាន់ភាពច្បាស់លាស់ វាក៏ជាពេលដែលទីផ្សារសម្បូរអ្នកលក់ច្រើនជាងអ្នកទិញ។ ដូច្នេះសម្រាប់អ្នកដែលចង់ដាក់លក់អចលនទ្រព្យក្នុងអំឡុងពេលនេះ គឺមិនចេះធ្វើឲ្យតែបានៗនោះទេ គឺទាមទាឲ្យម្ចាស់អចលនទ្រព្យមានតិចនិក និងគន្លឹះដើម្បីអាចដាក់លក់អចលនទ្រព្យរបស់ខ្លួនបានលឿន។ 

 

ទាក់ទងនឹងរឿងនេះដែរ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាអ្នកជំនាញអចលនទ្រព្យ បានបង្ហាញពីតិចនិកមួយចំនួនដែលម្ចាស់អចលនទ្រព្យត្រូវធ្វើដើម្បីឲ្យការដាក់លក់ផ្ទះ ឬដីរបស់ខ្លួន ឆាប់ទៅដល់ដៃរបស់អ្នកទិញ។

 

655878217 1488651079969891 1356198139793788097 N

 

១. ព័ត៌មានអចលនទ្រព្យ និងតម្លៃ

 

លោកថា ម្ចាស់អចលនទ្រព្យត្រូវរៀបចំប្លង់ដី គំនូររាងដី និងប្លង់សាងសង់ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការបញ្ជូនទៅកាន់អតិថិជនគោលដៅ។ ក្រៅពីនោះគួរស្រាវជ្រាវតម្លៃទីផ្សារជុំវិញ ជាពិសេសតម្លៃដែលគេលក់ដាច់ជាក់ស្តែង ដើម្បីកំណត់តម្លៃមួយដែលសមស្រប និងអាចប្រកួតប្រជែងបាន។

 

២. ការរៀបចំអចលនទ្រព្យឲ្យបានស្អាត

 

ម្ចាស់អចលនទ្រព្យគួរពិនិត្យ និងជួសជុលចំណុចខ្វះខាតតូចតាច ដូចជាការលាបថ្នាំឡើងវិញ ជួសជុលបន្ទប់ទឹក ឬទុយោទឹកដែលលេចធ្លាយ ដើម្បីកុំឱ្យមានចំណុចខ្សោយនៅពេលអតិថិជនមកមើល។ បន្ថែមពីនោះត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់តាំងពីច្រកចូល រហូតដល់បរិវេណជុំវិញអចលនទ្រព្យ ទាំងជាន់ក្រោម និងជាន់លើ ដើម្បីទាក់ទាញចិត្តអ្នកទិញ។

 

៣. ការធ្វើទីផ្សារ និងការផ្សព្វផ្សាយ

 

ត្រង់ចំណុចនេះម្ចាស់អចលនទ្រព្យត្រូវត្រៀមរូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ បង្ហាញពីគ្រប់ជ្រុងជ្រោយនៃអចលនទ្រព្យ សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គម។ ក្នុងនោះដែរ ប្រសិនបើមិនច្បាស់ពីរបៀបរៀបចំ លោកអ្នកអាចស្វែងរកជំនួយពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ និងបទពិសោធន៍។ ពួកគេមានក្រុមការងារសម្រាប់ថតរូបភាព ព្រមទាំងមានបណ្តាញអតិថិជន និងអ្នកវិនិយោគស្រាប់ ដែលអាចជួយឱ្យការលក់កាន់តែមានប្រសិទ្ធភាព៕

 

Img 4691

135200001

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia