នៅទីបំផុត បានកម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀតក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីតទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅ អង្ករក្រអូបកម្ពុជាម៉ាក “Golden King” នឹងត្រូវដាក់លក់ជាផ្លូវការនៅតាមបណ្តាញលក់រាយជាង ៣៤៥ ទីតាំង ក្នុងទីក្រុងហុងកុង និងប្រទេសកម្ពុជា។
ចំពោះការនាំចេញអង្ករក្រអូបនេះ គឺតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group ខណៈ អង្ករក្រអូបកម្ពុជា (ប្រភេទ ផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World's Best Rice) ចំនួន ៧លើក ដែលពានរង្វាន់ ចុងក្រោយកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។
សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែម តាមរយៈការសម្របសម្រួលពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
វត្តមានរបស់អង្ករក្រអូបម៉ាក “Golden King” នៅតាមបណ្តាញផ្សារទំនើបឡាក់គី នៅកម្ពុជា និងផ្សារ នើប Wellcome នៅហុងកុង បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» របស់ក្រសួងពាណិជ្ជកម្ម ដែលមានគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ង្រឹងទំនុកចិត្តរបស់អតិថិជនមកលើផលិតផលជាតិ និងជួយសម្រួលដល់ការស្វែងរកផលិតផលខ្មែរប្រកបដោយ គុណភាពសម្រាប់អ្នកប្រើប្រាស់ និងជាការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។
គួរជម្រាបថា DFI Retail Group គឺជាសម្ព័ន្ធក្រុមហ៊ុនលក់រាយឈានមុខគេមួយនៅអាស៊ី ដែលមានប្រតិបត្តិការលើវិស័យ ផ្សារទំនើប ហាងលក់ទំនិញថែរក្សាសុខភាពនិងសម្រស់ ហាងទំនិញ និងហាងលក់សម្ភារៈតុបតែងផ្ទះជាច្រើន កន្លែងក្នុងតំបន់ ក្នុងនោះរួមមានបណ្តាញ ផ្សារទំនើប Wellcome នៅហុងកុង (ដែលមានចំនួន ២៤៥ ទីតាំង) និងផ្សារទំនើបឡាក់គី នៅទូទាំងប្រទេសកម្ពុជា (ប្រមាណ ១០០ ទីតាំង)។ កិច្ចសហប្រតិបត្តិការនេះ បានផ្តល់លទ្ធភាព ឱ្យអ្នកនាំចេញអង្ករកម្ពុជាអាចចូលទៅកាន់ទីផ្សារលក់រាយដោយផ្ទាល់ និងទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជន៕




