មហាសេដ្ឋី Warren Buffett ត្រូវបានគេចាត់ទុកជាបិតាវិនិយោគ ដោយសារគាត់កសាងភាពមានបានដោយសារការវិនិយោគនេះឯង មិនថាការវិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យនោះទេ។ ហើយថ្ងៃនេះដែរយើងនឹងនាំប្រិយមិត្ដមកដឹងពីគោលការណ៍សំខាន់ៗរបស់លោក នៅក្នុងការវិនិយោគអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ។

១. ផ្ដោតលើការបង្កើតចំណូល ជាជាងការរង់ចាំតែការឡើងថ្លៃនៃអចលនទ្រព្យ
ជាធម្មតាការវិនិយោគអចលនទ្រព្យគឺគេរំពឹងទទួលបានផលចំណេញទៅលើការឡើងថ្លៃនៃអចលនទ្រព្យនោះ ប៉ុន្ដែសម្រាប់លោក Warren Buffett មិនគិតដូច្នោះទេ ក្រៅពីការកើនឡើងតម្លៃដើមនៃអចលនទ្រព្យ លោកបានផ្ដោតខ្លាំងទៅកាន់សមត្ថភាពនៃការបង្កើតប្រាក់ចំណូលពីអចលនទ្រព្យដែលបានវិនិយោគនោះផងដែរ។
ធ្លាប់បានលើកឡើងពីឧទាហរណ៍នៃការទិញកសិដ្ឋានមួយកន្លែងនៅរដ្ឋ Nebraska ក្នុងឆ្នាំ ១៩៨៦។ អ្វីដែលគាត់មើលមុនគេមិនមែនជាតម្លៃដីដាច់ខាត ប៉ុន្តែគឺបានមើលទៅលើសមត្ថភាពផលិត។ គាត់បានគណនាថា តកសិដ្ឋាននោះអាចផលិតពោតបានប៉ុន្មានតោន សណ្ដែកសៀងបានប៉ុន្មាន ហើយចំណាយលើកម្មករ និងជីអស់ប៉ុន្មាន? គាត់សម្លឹងឃើញថា ផលចំណេញពីការធ្វើកសិកម្មនោះនឹងផ្ដល់មកវិញប្រហែល ១០ ភាគរយនៃតម្លៃដីដែលគាត់បានទិញ។
សរុបមកត្រង់ចំណុចនេះ ពេលទិញអចលនទ្រព្យដូចជា ដីធ្លី ផ្ទះ ឬខុនដូ កុំទិញដោយគ្រាន់តែសង្ឃឹមថាវានឹងឡើងថ្លៃនៅថ្ងៃមុខ។ ត្រូវសួរខ្លួនឯងថា តើអចលនទ្រព្យនោះអាចបង្កើតលំហូរសាច់ប្រាក់ ពីការជួល ឬការធ្វើអាជីវកម្មបានភ្លាមៗ ឬក្នុងពេលឆាប់ៗខាងមុខដែរឬទេ?
២. វិនិយោគលើអ្វីដែលខ្លួនយល់ដឹងច្បាស់
គេថាភាពច្បាស់លាស់នឹងនាំឲ្យយើងមិនងាយប្រព្រឹត្ដិខុសនោះទេ។ ចំណែកលោក Warren Buffett ក៏អ៊ីចឹងដែរ សម្រាប់ការវិនិយោគគឺគាត់ផ្ដោតសំខាន់លើអ្វីដែលបានយល់ច្បាស់ទើបគាត់ធ្វើការវិនិយោគ។ ជាក់ស្ដែងការវិនិយោគអចលនទ្រព្យ បើសិនជាអ្នកមិនយល់ ឬស្គាល់ច្បាស់ពីទីតាំងអចនទ្រព្យដែលត្រូវវិនិយោគ ឬមិនដឹងពីប្រវត្តិច្បាប់ ឬមិនដឹងពីផែនការអភិវឌ្ឍន៍ច្បាស់លាស់ទេ គឺមិនត្រូវទិញដាច់ខាត។ ជាពិសេសត្រូវស្គាល់ពីសក្ដានុពលពិតប្រាកដនៃទីតាំង និងស្ថិរភាពនៃតម្រូវការរបស់អ្នកជួល ឬអ្នកទិញបន្ត។
៣. មិនខ្វល់ពីការប្រែប្រួលតម្លៃប្រចាំថ្ងៃ
នៅពេលលោក Warren Buffett ទិញកសិដ្ឋាន ឬអគារពាណិជ្ជកម្ម គាត់មិនដែលទៅសួរដេញដោលតម្លៃទីផ្សាររាល់ថ្ងៃ ឬរាល់ខែថាដីគាត់ឡើងបានប៉ុន្មាននោះទេ។ គាត់ទុកវាចោលរាប់សិបឆ្នាំ ព្រោះដឹងថាវាកំពុងបង្កើតលុយឲ្យគាត់ជារៀងរាល់ឆ្នាំ។ សម្រាប់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ នេះគេតែងតែហៅការវិនិយោគសម្រាប់រយៈពេលវែង។ អ្នកវិនិយោគខ្លះភ័យស្លន់ស្លោពេលឮព័ត៌មានថាទីផ្សារអចលនទ្រព្យស្ងាត់ ឬតម្លៃធ្លាក់ចុះបន្តិចបន្តួច។ សម្រាប់លោក បើទ្រព្យនោះល្អ និងមានលំហូរសាច់ប្រាក់ថេរ ការប្រែប្រួលតម្លៃបណ្ដោះអាសន្នមិនមែនជាបញ្ហាឡើយ។
៤. របៀបនៃការសម្រេចចិត្តទិញ
នៅពេលសម្រេចចិត្តទិញអចលនទ្រព្យ ឬអាជីវកម្មណាមួយអ្នកវិនិយោគជើងចាស់រូបនេះតែងតែផ្អែកលើលក្ខខណ្ឌតឹងរឹងមួយចំនួនដូចខាងក្រោម៖
· ចំណុចពិសេសបំផុតនៃអចលនទ្រព្យ។ ឧទាហរណ៍៖ ទីតាំងយុទ្ធសាស្ត្រខ្លាំង ដូចជា៖ ដីកែង, ជាប់ផ្លូវរដ្ឋធំៗ, ឬតំបន់ដែលមិនអាចមានគម្រោងផ្សេងមកបាំងបាន។
· មុននឹងសម្រេចចិត្ដទិញអចលនទ្រព្យអ្វីមួយ គាត់ត្រូវធានាថាទិញបានក្នុងតម្លៃមួយដែលទាបជាងតម្លៃដើមនៃអចលនទ្រព្យនោះ។ គាត់មិនដែលដេញថ្លៃទិញអចលនទ្រព្យប្រជែងជាមួយគេ ក្នុងពេលដែលទីផ្សារកំពុងក្ដៅគគុកឡើយ។ គាត់ចូលចិត្តដើរទិញស្ងាត់ៗ នៅពេលដែលម្ចាស់ទ្រព្យជួបវិបត្តិត្រូវការលុយបន្ទាន់ ឬក្នុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ដែលធ្វើឲ្យគាត់អាច ទិញបានទំនិញល្អក្នុងតម្លៃថោកជាងទីផ្សារ។
· លោក Warren Buffett មិនចូលចិត្តការខ្ចីលុយធនាគារហួសប្រមាណដើម្បីមកទិញអចលនទ្រព្យបែបប្រថុយប្រថានឡើយ។ គាត់ចូលចិត្តប្រើប្រាស់សាច់ប្រាក់សុទ្ធ ឬការកម្ចីក្នុងកម្រិតមួយដែលមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីការពារហានិភ័យពេលទីផ្សារជួបវិបត្តិ៕


