អ្នកជំនាញបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន
Bunthoeun KoemJANUARY 5 2026993 views

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា វិស័យអចលនទ្រព្យបច្ចុប្បន្នគឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ និងវិបត្ដិនយោបាយ រួមទាំងសេដ្ឋកិច្ចសកលដែលកើនឡើងជាបន្ដបន្ទាប់ បានធ្វើឲ្យតម្លៃអចនលទ្រព្យធ្លាក់ចុះបើប្រៀបធៀបរយៈពេលមុនឆ្នាំ២០១៩។ ប៉ុន្ដែយ៉ាងណាទីផ្សារអចលនទ្រព្យមិនស្ងប់ស្ងាត់ទាំងស្រុងនោះទេ ដោយមានប្រភេទអចលនទ្រព្យមួយចំនួននៅតែចរន្ដទិញលក់ផងដែរ។

 

481201807 950290223859217 1077537086247325048 N

 

យោងតាមការវិភាគរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធាន​សម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញផ្នែកអចលនទ្រព្យដែល Business Cambodia ban ទទួលបានលោកបានបង្ហាញនូវចំណុចសំខាន់ៗចំនួន ៤ ដែលជាទិដ្ឋភាពជាក់ស្តែងនៃទីផ្សារបច្ចុប្បន្ន៖

 


១. អ្នកឧកញ៉ាបានកត់សម្គាល់ថា ដីដែលមានតម្លៃក្រោម ១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់បម្រើឱ្យការសាងសង់រោងចក្រ ឃ្លាំង សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេស នៅតែមានតម្រូវការខ្ពស់ និងមានប្រតិបត្តិការទិញ-លក់ជាធម្មតា។ សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការបង្កើតរោងចក្រថ្មីៗនៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចជាតិ។

 


២. សម្រាប់តំបន់ដែលមានទីតាំងល្អៗនៅក្នុងក្រុងភ្នំពេញ អ្នកឧកញ៉ាបានបញ្ជាក់ថា បើទោះជាស្ថានភាពសេដ្ឋកិច្ចមានការប្រឈម ប៉ុន្តែដីដែលមានតម្លៃក្រោមទីផ្សារចន្លោះពី ៣០% ទៅ ៥០% នៅតែមានអ្នកមានលទ្ធភាពហិរញ្ញវត្ថុសម្រេចចិត្តទិញយកភ្លាមៗ ដើម្បីទុកចំណេញនៅពេលអនាគត។

 


៣. ចំពោះទីផ្សារលំនៅឋាន អ្នកឧកញ៉ា សំ សុខនឿន បានមើលឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកទិញ ដោយបច្ចុប្បន្នអ្នកទិញភាគច្រើនគឺជាអ្នកដែលមានតម្រូវការរស់នៅពិតប្រាកដ។ ផ្ទុយទៅវិញ សកម្មភាពទិញអចលនទ្រព្យដើម្បីទុកលក់យកចំណេញ ហាក់មានសភាពស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងពេលមុន។

 


៤. អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា លំនៅឋាន ឬខុនដូដែលមានតម្លៃសមរម្យ នៅតែជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។ គម្រោងណាដែលមានទីតាំងល្អ និងតម្លៃសមស្របទៅនឹងចំណូលជាក់ស្តែងរបស់ពលរដ្ឋ នៅតែអាចដណ្ដើមបានចំណែកទីផ្សារខ្ពស់។

 

តាមរយៈការលើកឡើងនេះ អ្នកឧកញ៉ា សំ សុខនឿន ចង់បញ្ជាក់ជូនដល់សាធារណជន និងអ្នកវិនិយោគថា វិស័យអចលនទ្រព្យកម្ពុជាមិនបានគាំងស្ទះនោះទេ គ្រាន់តែវាបានផ្លាស់ប្តូរទម្រង់ពីការទិញបែបប៉ាន់ស្មាន មកជាការទិញតាមតម្រូវការចាំបាច់ និងការវិនិយោគរយៈពេលវែងវិញតែប៉ុណ្ណោះ៕

 

Photo 2025 02 21 12 34 19

Road 4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia