ចង់លក់ឆាប់ដាច់! អ្នកជំនាញបង្ហាញវិធីសាស្ដ្រចំនួន ២ ដែលអ្នកម្ចាស់អចលនទ្រព្យត្រូវធ្វើ
Bunthoeun KoemSEPTEMBER 27 2023749 views

ការដាក់លក់ដី ផ្ទះ ខុនដូ និងប្រភេទអចលនទ្រព្យដទៃទៀតគឺមិនមានភាពងាយស្រួលនោះទេ ពិសេសនៅក្នុងស្ថានភាពដូចបច្ចុប្បន្នដែលវិស័យមួយនេះកំពុងជួបវិបត្ដិ។​ ​កាលណាស្ថានភាពអចលនទ្រព្យមិនល្អ នោះនឹងនាំឲ្យចំនួនអ្នកទិញនឹងធ្លាក់ចុះ ដូច្នេះអ្នកដែលចង់លក់អចលនទ្រព្យពិបាកក្នុងការលក់ជាងពេលធម្មតា។ ហើយប្រសិនបើយើងត្រូវការប្រាក់បន្ទាន់ទៀតនោះនឹងកាន់តែមានភាពស្មុគស្មាញខ្លាំង។

 

369972495 1026741972048268 2547545850620089863 N

 

យ៉ាងណាដើម្បីអាចដាក់លក់អចលនទ្រព្យឲ្យឆាប់ដាច់ នៅក្នុងស្ថានភាពបច្ចុប្បន្ន លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យរូបនៅកម្ពុជាផងនោះ បានបង្ហាញនូវវិធីសាស្ដ្រមួយចំនួន ដែលម្ចាស់អចលនទ្រព្យត្រូវធ្វើ បើចង់លក់ដាច់បានឆាប់រហ័សក្នុងពេលបច្ចុប្បន្ននេះ។

 

១. ដាក់តម្លៃឲ្យទាក់ទាញ

 

នៅពេលស្ថានភាពអចលនទ្រព្យមិនមានភាពល្អប្រសើរ ទីផ្សារអ្នកទិញនឹងមានការធ្លាក់ចុះ។ ទីផ្សារអ្នកទិញមានន័យថា អ្នកលក់មានច្រើន អ្នកទិញមានតិច ដូច្នេះជាយុទ្ធសាស្ដ្រគឺអត់មានអ្វីលើសពីការកំណត់តម្លៃទេ កាលណាអ្នកលក់មានច្រើនតម្លៃត្រូវតែទាប អត់អាចលក់បានខ្ពស់ទេ។ ដូច្នេះម្ចាស់អចលនទ្រព្យត្រូវដាក់តម្លៃឲ្យទាក់ទាញ រួចស្វែងរកអតិថិជនឲ្យត្រូវនឹងអចលនទ្រព្យរបស់ខ្លួន។

 

២. រកអ្នកជំនាញជួយលក់

 

នៅចំណុចនេះលោកលើកឡើងថា ក្រៅពីកំណត់តម្លៃរួចហើយ ប្រសិនបើចង់លក់អចលនទ្រព្យឆាប់ដាច់ ម្ចាស់អចលនទ្រព្យគួរតែពឹងលើ​ភ្នាក់ងារអចលនទ្រព្យ បុគ្គលិកធនាគារ និងមេធាវី ដោយសារពួកគាត់មានអតិថិជនច្រើននៅក្នុងដៃ ដែលអាចនឹងមានតម្រូវការអចលនទ្រព្យ ដែលយើងបានដាក់លក់។ លោកសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពបែបនេះម្ចាស់អចលនទ្រព្យមិនអាចនៅស្ងៀមបានទេ ត្រូវស្វះស្វែងជួបអតិថិជនឲ្យបានច្រើន ព្រោះអំឡុងពេលនេះវាជាទីផ្សាររបស់អ្នកទិញ៕

11

F18ab0be C8ea 4b6a Bd80 5dba5030ca8f

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia