បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល រួមមានជាមួយនឹងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក បាននិងកំពុងសិក្សាគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែក និងគម្រោងផ្លូវដែកថ្មីជាច្រើនខ្សែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងគម្រោងទាំងនោះ ក៏មានគម្រោងផ្លូវដែកល្បឿនលឿន ដែលជាគម្រោងពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជាចំនួន ២ ខ្សែផងដែរ។
បើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងផ្លូវដែកល្បឿនលឿនទាំង ២ នោះរួមមាន៖
១. គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-បាវិតព្រំដែនវៀតណាម គឺជាគម្រោងផ្លូវដែកថ្មី ដែលតាមការប៉ាន់ស្មានគម្រោងនេះមានតម្លៃប្រមាណ ៨០០ លានដុល្លារ។ ដោយការសាងសង់គម្រោងនេះនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្ដកណ្ដាល ព្រៃវែង រហូតដល់ក្រុងបាវិត ខេត្ដស្វាយរៀង។ ខណៈគម្រោងនេះអនុវត្ដដោយនាយកដ្ឋានផ្លូវដែក។
២. គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនថ្មីនេះ គឺតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដកំពង់ធំ សៀមរាប រហូតដល់ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ តាមការប៉ាន់ស្មាន គម្រោងនេះមានតម្លៃសរុប ២ ១៥០ លានដុល្លារ និងអនុវត្ដគម្រោងដោយ នាយកដ្ឋានផ្លូវដែកដូចគ្នា។
គួរជម្រាបដែរថា បច្ចុប្បននេះរាជរដ្ឋាភិបាលបាននិងកំពុងសិក្សាគម្រោងផ្លូវដែកចំនួន ៨ គម្រោង ដែលគម្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០ លានដុល្លារ។ ក្នុងនោះមានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤ គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០ លានដុល្លារ និងគម្រោងរយៈពេលវែងចំនួន ៤ គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០ លានដុល្លារ៕



