តម្រាយផ្លូវពីផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះដែលបើកការដ្ឋានកាលពីខែមិថុនារហូតមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ៨០ភាគរយហើយ ដែលអាចនឹងរួចរាល់សម្រាប់ការឆ្លងកាត់នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
យោងតាមការដកស្រង់ពីក្រសួងព័ត៌មាន ការសន្និដ្ឋាននេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យនៅការដ្ឋានស្ថាបនាតម្រាយផ្លូវ R4 នេះ ដើម្បីជំរុញការងារឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឆាប់រួចរាល់តាមគម្រោង។ ហើយកាលពីរសៀល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានអញ្ជើញបន្តចុះត្រួតពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៃតម្រាយផ្លូវ R4 នេះ។

សូមរម្លឹកថា ការបើកតម្រាយផ្លូវR4 តភ្ជាប់ពីតំបន់បឹងកក់ មកមហាវិថីព្រះមុនីវង្សដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសហគមន៍ឥស្លាមនៅកម្ពុជា ក្រុមហ៊ុនស៊ូកាកូអ៊ីន និងសណ្ឋាគារភ្នំពេញ បានឯកភាពគ្នាកាលពីថ្ងៃទី១៩ មិថុនា ២០២៦ ដើម្បី តភ្ជាប់ពីតំបន់អភិវឌ្ឍន៍បឹងកក់ មកផ្លូវលេខ៨៦ ជាប់របងផ្នែកខាងជើងសណ្ឋាគារភ្នំពេញ ឆ្ពោះមកមហាវិថីព្រះមុនីវង្ស ដើម្បីសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏ខ្លាំងក្លា នៅតាមដងផ្លូវសំខាន់ៗ ដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី៕




