ក្តៅៗ! អាមេរិកដាក់ ថៃ និងប្រទេស ៧ ទៀតនៅអាស៊ី ចូលក្នុងបញ្ជីតាមដានរឿងលុយកាក់
Kan DaraFEBRUARY 3 202614.9 K views

ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចដាក់ ថៃ ព្រមទាំងប្រទេស ៧ ទៀតក្នុងតំបន់អាស៊ី ចូលក្នុងបញ្ជីតាមដាន ពាក់ព័ន្ធនឹងការសង្ស័យលើការបង្ខូចតម្លៃរូបិយប័ណ្ណ ដើម្បីកេងចំណេញផ្នែកពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Japan Today ចុះនាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦។

 

ក្នុងនោះ ប្រទេសនៅអាស៊ីដែលស្ថិតក្នុងបញ្ជីតាមដានរបស់អាមេរិកមានចំនួន ៨ ដូចជា ប្រទេសថៃ (ទើបបញ្ចូលថ្មី), ជប៉ុន, ចិន, វៀតណាម, កូរ៉េខាងត្បូង, តៃវ៉ាន់, សិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ អាមេរិកមានការព្រួយបារម្ភថា ប្រទេសទាំងនេះអាចនឹងប្រើប្រាស់ល្បិចបង្ខូចតម្លៃលុយជាតិឱ្យចុះថោក ដើម្បីជំរុញការនាំចេញទំនិញទៅលក់នៅទីផ្សារអាមេរិកឱ្យបានកាន់តែច្រើន និងចំណេញហួសហេតុ។

 

យ៉ាងណាមិញ ចំពោះករណីប្រទេសថៃ ការដាក់បញ្ចូលថ្មីនេះ គឺដោយសារតែការកើនឡើងខ្លាំងនៃសមតុល្យពាណិជ្ជកម្ម និងលុយបម្រុង ដែលអាមេរិកចាត់ទុកថាជាសញ្ញាគួរឱ្យសង្ស័យ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកនៅតែមិនទាន់ឈានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗនោះទេ ប៉ុន្តែវាគឺជាការព្រមានកម្រិតខ្ពស់ដែលតម្រូវឱ្យប្រទេសទាំងនោះមានតម្លាភាពជាងមុនក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់។

 

គួរជម្រាបផងដែរថា សម្រាប់ការដាក់បញ្ចូលក្នុងបញ្ជីតាមដាននេះ សហរដ្ឋអាមេរិកបានប្រើប្រាស់នូវលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៣ ដើម្បីវាស់វែងពីភាពស្មោះត្រង់ផ្នែកពាណិជ្ជកម្ម ដែលរួមមាន ការមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកលើសពី ១៥ ពាន់លានដុល្លារ, ការមានអតិរេកគណនីចរន្តលើសពី ៣ ភាគរយនៃ GDP និងការលូកដៃធ្វើអន្តរាគមន៍ទិញលុយដុល្លារទុកក្នុងបំណងបង្ខូចតម្លៃលុយជាតិខ្លួនឯងឱ្យចុះថោកជាប្រចាំ។ ប្រសិនបើដៃគូពាណិជ្ជកម្មណាមួយជាប់លក្ខខណ្ឌ ២ ក្នុងចំណោម ៣ ចំណុចនេះ នឹងត្រូវចាត់ទុកថាជាប្រទេសដែលមានសកម្មភាពសេដ្ឋកិច្ចមិនប្រក្រតី និងត្រូវបានដាក់ឈ្មោះក្នុងបញ្ជីខ្មៅសម្រាប់តាមដាន ដើម្បីការពារកុំឱ្យមានការកេងចំណេញមិនយុត្តិធម៌លើទីផ្សារសហរដ្ឋអាមេរិក៕

 

ប្រភព៖ U.S. Department of the Treasury , Japan Today

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia