កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ដ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៥២៥ លានដុល្លារ ព្រមទាំងអាចបង្កើតឱកាសការងារចំនួនជាង ១៧ ០០០ កន្លែងផងដែរ។ នៅក្នុងនោះដែរ ខេត្ដកំពង់ធំ និងខេត្ដពោធិ៍សាត់ បានទទួលគម្រោងធំចំនួន ៤ ដែលមានទុនវិនិយោគសរុបជិត ៤០០ លានដុល្លារ។ ដោយនៅក្នុងនោះរួមមាន៖
១. ខេត្ដកំពង់ធំ
· គម្រោងវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រី ត្រំ និងសាងសង់រោងចក្រគុជខ្យង-ត្រី ដែលមានទីតាំងស្ថិតនៅស្រុកស្ទោង ខេត្ដកំពង់ធំ។ គម្រោងនេះមានទុនវិនិយោគសរុប ៤១ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២ ៩៣៩ នាក់។
· គម្រោងវិនិយោគអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ មានទីតាំងស្ថិតនៅស្រុកសំបូរ និងស្រុកសណ្ដាន់។ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ៣១ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤០០ កន្លែងជូនពលរដ្ឋក្នុងតំបន់ផងដែរ។
២. ខេត្ដពោធិ៍សាត់
· គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្ដុកទុកថាមពលអានុភាព ៥០០ មេហ្គាវ៉ាត់ / ១ ០០០ មេហ្គាវ៉ាត់ម៉ោង មានទីតាំងស្ថិតនៅស្រុកក្រគរ។ គម្រោងនេះមានទុនវិនិយោគសរុប ២៤៤ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៩ កន្លែង។
· គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុក ក្រគរ ដូចគ្នា។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៦២ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២៨ កន្លែង៕


