ព្រូដិនសល កម្ពុជា ដាក់ឱ្យដំណើរការកម្មវិធី Levela ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា
Sreymom ChaJULY 21 2026

ភ្នំពេញ ថ្ងៃទី20 ខែកក្កដា ឆ្នាំ2026 - នៅថ្ងៃនេះ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី «Levela» នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីអប់រំហិរញ្ញវត្ថុដោយឥតគិតថ្លៃ បង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដែលជាស្ថាប័នវិនិយោគសហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុខុមាលភាព និងភាពធន់ផ្នែកហិរញ្ញវត្ថុ កម្មវិធី Levela ជួយឱ្យយុវជនទទួលបានចំណេះដឹង និងជំនាញគ្រប់គ្រងលុយកាក់ជាក់ស្តែង បណ្តុះទម្លាប់ហិរញ្ញវត្ថុល្អៗ និងកសាងទំនុកចិត្តក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

 

ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីអប់រំហិរញ្ញវត្ថុ Levela ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ក្រោមអធិបតីភាពលោកស្រី តាន់ លីណា អគ្គនាយិការងនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ម៉ែន ភក្តី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា និងលោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមកពីគ្រឹះស្ថានឧត្តមសិក្សាដៃគូ តំណាងអង្គការ អ៉ីមផេកហាប់ភ្នំពេញ ថ្នាក់ដឹកនាំមកពីមូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសល កម្ពុជា ព្រមទាំងតំណាងសភាពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀត។

 

ខណៈដែលយុវជនអាយុក្រោម 30 ឆ្នាំមានចំនួនប្រមាណជាពីរភាគបីនៃប្រជាជនសរុប មានតែប្រជាពលរដ្ឋពេញវ័យ 18% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានអក្ខរកម្មហិរញ្ញវត្ថុ (ផ្អែកតាមការស្ទង់មតិរបស់ Standard & Poor’s)។ នេះបង្ហាញថា ប្រជាជនមួយចំនួនធំកំពុងឈានចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយខ្វះខាតចំណេះដឹង និងជំនាញជាមូលដ្ឋានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ស្របពេលដែលសេវាហិរញ្ញវត្ថុឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ការបំពាក់បំប៉នយុវជននូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុជាក់ស្តែង ដើម្បីអាចគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងការពារខ្លួនពីហានិភ័យឌីជីថល ជាតម្រូវការចាំបាច់សម្រាប់ការកសាងអនាគតដ៏រឹងមាំ និងប្រកបដោយចីរភាពរបស់កម្ពុជា។

Photo 2026 07 21 17 05 22

លោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍នៅក្នុងសុន្ទរកថានៃកម្មវិធីថា "សម្រាប់និយ័តករធានារ៉ាប់រងកម្ពុជា កិច្ចការពារអ្នកប្រើប្រាស់ និងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ គឺជាអាទិភាពចម្បងរបស់យើង ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២៥-២០៣០។ ហេតុនេះហើយ ទើបយើងយល់ឃើញថា គំនិតផ្តួចផ្តើមកម្មវិធី Levela នេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់បេសកកម្មរបស់យើង តាមរយៈការបំពាក់បំប៉នយុវជនកម្ពុជានូវចំណេះដឹងជាក់ស្តែងក្នុងការចាត់ចែងលុយកាក់ និងការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ។ ព្រោះថា អក្ខរកម្មហិរញ្ញវត្ថុ និងការយល់ដឹងពីធានារ៉ាប់រង គឺជាខែលការពារដ៏រឹងមាំសម្រាប់គ្រប់ក្រុមគ្រួសារ ក្នុងការទប់ទល់នឹងភាពមិនច្បាស់លាស់ក្នុងជីវិត។ ក្នុងន័យនេះ កិច្ចសហការដ៏រឹងមាំរវាងរដ្ឋ និងឯកជននាថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំធេងក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យមានភាពធន់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយចីរភាព។" 


កម្មវិធី Levela ជួយបំពេញចន្លោះប្រហោងនេះ តាមរយៈការផ្តល់ជូននូវមេរៀនខ្លីៗ ងាយយល់ និងការអនុវត្តជាក់ស្តែង លើប្រធានបទសំខាន់ៗដូចជា៖ ការចាត់ចែងថវិកា និងលំហូរសាច់ប្រាក់, ការសន្សំ និងមូលនិធិបម្រុងសម្រាប់គ្រាអាសន្ន, ការគ្រប់គ្រងបំណុល និងឥណទាន, ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង, ការរៀបចំផែនការហិរញ្ញវត្ថុ ព្រមទាំងការការពារការបោកប្រាស់ និងសុវត្ថិភាពឌីជីថល។ តាមរយៈការផ្លាស់ប្តូរពីការសិក្សាត្រឹមតែទ្រឹស្តី ទៅជាការអនុវត្តផ្ទាល់ក្នុងការចាត់ចែងថវិកាប្រចាំថ្ងៃ កម្មវិធីនេះជួយឱ្យអ្នកប្រើប្រាស់អាចកសាងទម្លាប់ល្អលើជំនាញហិរញ្ញវត្ថុ។ 

 Photo 2026 07 21 17 05 30


ក្នុងសុន្ទរកថាថ្លែងក្នុងកម្មវិធី លោក ម៉ែន ភក្តី អគ្គនាយករង បទប្បញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា “ស្របពេលដែលសេវាហិរញ្ញវត្ថុឌីជីថលកំពុងរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា គោលដៅរបស់យើងត្រូវតែផ្លាស់ប្តូរពីការផ្តល់ត្រឹម លទ្ធភាពប្រើប្រាស់ ទៅជាការកសាងសមត្ថភាពពិតប្រាកដ។ អក្ខរកម្មហិរញ្ញវត្ថុនៅតែជាអាទិភាពជាតិដ៏សំខាន់ ជាពិសេសសម្រាប់យុវជនដែលជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលអនាគត។ ហេតុនេះហើយ ទើបយើងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដូចជាកម្មវិធី Levela ដែលបានប្រែក្លាយគោលដៅជាតិ ទៅជាការរៀនសូត្រជាក់ស្តែងតាមបែបឌីជីថល ដើម្បីជួយឱ្យយុវជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងទំនុកចិត្ត ក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុមួយដែលមានភាពធន់ និងបរិយាបន្ន។”  

 Photo 2026 07 21 17 05 36


ជាមួយគ្នានេះដែរ លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «ទំនុកចិត្តផ្នែកហិរញ្ញវត្ថុ គឺជាជំនាញជីវិតដ៏សំខាន់មួយ ដែលជួយឱ្យបុគ្គលម្នាក់ៗអាចធ្វើសេចក្តីសម្រេចប្រកបដោយការយល់ដឹង និងទប់ទល់នឹងភាពមិនប្រាកដប្រជាក្នុងជីវិត។ តាមរយៈកម្មវិធីអប់រំហិរញ្ញវត្ថុ Levela យើងមានគោលបំណងបំពាក់បំប៉នយុវជន និងយុវវ័យ កម្ពុជានូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុសមស្របតាមបរិបទរស់នៅប្រចាំថ្ងៃ ដើម្បីជួយពួកគេគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានកាន់តែប្រសើរ ការពារខ្លួនពីហានិភ័យហិរញ្ញវត្ថុ និងកសាងអនាគតប្រកបដោយភាពរឹងមាំ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើង ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋកម្ពុជា។ 


ការកសាងភាពធន់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ


ខ្លឹមសារមេរៀនរបស់ Levela ត្រូវបានរៀបចំឡើងផ្អែកលើលទ្ធផលស្រាវជ្រាវច្បាស់លាស់ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (CFI) នៃអង្គការ Accion ដែលធានាបាននូវប្រសិទ្ធភាព និងឥទ្ធិពលវិជ្ជមានពីការសិក្សា។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើភាពបរិយាបន្ន ដោយមានរួមបញ្ចូលមុខងារប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីជួយដល់សហគមន៍ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់ រួមទាំងពលករក្រៅប្រព័ន្ធ និងអ្នកមានប្រាក់ចំណូលទាប សំដៅផ្តល់ឱកាសទទួលបានការអប់រំហិរញ្ញវត្ថុស្មើៗគ្នាចំពោះគ្រប់គ្នា។


ខ្លឹមសារមេរៀនរបស់ Levela ត្រូវបានរៀបចំឡើងដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (CFI) នៃអង្គការ Accion ដែលធានាបាននូវគុណភាព ប្រសិទ្ធភាព និងឥទ្ធិពលវិជ្ជមានក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយផ្តោតលើភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ដោយរួមបញ្ចូលទាំងមុខងារប្រើប្រាស់ដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត ដើម្បីឱ្យសហគមន៍ដែលមិនទាន់មានលទ្ធភាពទទួលបានសេវាគ្រប់គ្រាន់ រួមទាំងពលករក្រៅប្រព័ន្ធ និងអ្នកមានប្រាក់ចំណូលទាប អាចទទួលបានការអប់រំហិរញ្ញវត្ថុប្រកបដោយសមធម៌ និងស្មើភាពគ្នា។


លោកស្រី Nicole Ngeow នាយិកាប្រតិបត្តិនៃមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា៖ "ការកសាងសហគមន៍ដែលមានភាពធន់ គឺជាបេសកកម្មស្នូលរបស់យើង។ កម្មវិធី Levela គឺជាការបន្តពង្រីកវិសាលភាពនៃកម្មវិធីអប់រំអក្ខរកម្មហិរញ្ញវត្ថុ “ឆាឈីង” ដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ និងបានទៅដល់កុមារជាង ៣,៩ លាននាក់ នៅទូទាំងតំបន់អាស៊ី និងអាហ្វ្រិក។ តាមរយៈកម្មវិធីអប់រំហិរញ្ញវត្ថុនៅលើទូរស័ព្ទដៃថ្មីនេះ យើងកំពុងផ្ដល់ជូននូវចំណេះដឹង និងមធ្យោបាយចាំបាច់ដល់យុវជនជំនាន់ក្រោយ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការ Levela រួមជាមួយដៃគូរបស់យើងនៅកម្ពុជា ដើម្បីបំពាក់បំប៉នយុវជននូវចំណេះដឹង និងជំនាញហិរញ្ញវត្ថុចាំបាច់ សម្រាប់កសាងអនាគតប្រកបដោយទំនុកចិត្ត និងភាពធន់។"

 

លោកស្រី នូ សុវត្ថា នាយិកាប្រតិបត្តិនៃ អ៉ីមផេកហាប់ភ្នំពេញ បានមានប្រសាសន៍ថា៖ "នៅ អ៉ីមផេកហាប់ភ្នំពេញ យើងជឿជាក់យ៉ាងមុតមាំថា យុវជនត្រូវការទំនុកចិត្ត និងសេរីភាពក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង ដើម្បីកំណត់អនាគតហិរញ្ញវត្ថុរបស់ខ្លួន។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាគ្រឹះដ៏សំខាន់នៃភាពជាសហគ្រិន ព្រោះវាជួយឱ្យពួកគេចេះចាត់ចែងធនធានប្រកបដោយភាពឆ្លាតវៃ ហ៊ានប្រឈមនឹងហានិភ័យដោយការទទួលខុសត្រូវ និងអាចប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាសកម្មភាពជាក់ស្តែងប្រកបដោយចីរភាព។"

Photo 2026 07 21 17 05 43

របៀបចូលប្រើប្រាស់ Levela៖


លោកអ្នកអាចទាញយកកម្មវិធី Levela បានតាមរយៈ App Store និង Google Play Store។ លើសពីនេះ លោកអ្នកក៏អាចចូលប្រើប្រាស់តាមរយៈគេហទំព័រ levela.app ផងដែរ។

Photo 2026 07 21 17 05 50


 1 Standard & Poor’s Global Financial Literacy Survey
2 UNDP Youth Voices Matter Survey Report

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia