ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅថាកាត់ថាស៊ីប៊ីស៊ីទើបតែចេញរបាយការណ៍ប្រចាំឆ្នាំ២០២៥កន្លងទៅបង្ហាញពីស្ថានភាពឥណទាននៅកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបង្ហាញថាគិតត្រឹមចុងខែធ្នូឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចីចំនួន 248,926,575.68លានរៀល(ប្រមាណជាង62ពាន់លានដុល្លារ) ដល់ពលរដ្ឋ5.13លាននាក់នៅក្នុង25រាជធានីខេត្ត។
នៅក្នុង២៥រាជធានីខេត្ត មានរាជធានីខេត្តចំនួន៣គឺ ភ្នំពេញ ខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតពោលគឺរហូតដល់ទៅ៦១%នៃសមតុល្យឥណទានសរុប។
សម្រាប់រាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន126,860,546.17លានរៀលស្មើនឹង51%នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់ចំនួន72.3ម៉ឺននាក់។
បន្ទាប់ពីអ្នកភ្នំពេញ ខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតគឺខេត្តកណ្ដាល ដោយមានបរិមាណឥណទានចំនួន 13,450,850.29លានរៀលស្មើនឹង5.4%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន40.9ម៉ឺននាក់។
ចំណែកខេត្តកំពង់ស្ពឺគឺជាខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតទី3បន្ទាប់ពីខេត្តកណ្ដាលដោយមានបរិមាណឥណទានចំនួន 10,608,693.09លានរៀលស្មើនឹង4.3%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន39.2ម៉ឺននាក់។ ចំណែកខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣មានដូចជា ខេត្តមណ្ឌលគីរី ប៉ៃលិននិងខេត្តកែប។
នៅក្នុងនោះដែរជារួមអត្រានៃការសងត្រលប់យឺតលើស៩០ថ្ងៃមានចំនួន6.46% ដោយក្នុងនោះមានរាជធានីខេត្តចំនួន៣ ដែលមានអត្រារៀងគ្នានៃការសងត្រលប់យឺតលើសពី ៩០ថ្ងៃទាបជាងគេគឺខេត្តស្វាយរៀង ខេត្តកែប និងភ្នំពេញ។
ជារួម៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល២០%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់២ស្ថាប័ន ហើយ៤%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់៣ស្ថាប័ន។ ចំណែកខេត្តស្វាយរៀង ខខេត្តកែប និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចីប្រាក់តែពីមួយស្ថាប័នខ្ពស់ជាងគេលើស៨០%ដែលជាអត្រាល្អមួយ៕


