កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ យោងតាមការបង្ហោះលើផេកផ្លូវការរបស់ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន ៣៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងនោះ CDC បានអនុម័តគម្រោងវិនិយោគថ្មីតម្លៃសរុប ៣០៧លានដុល្លារ នៅក្នុងខេត្តសក្តានុពល ៣នេះ៖
១. ខេត្តស្ទឹងត្រែង ស្រុកបុរីអូរស្វាយសែនជ័យ៖ ទទួលបានគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹមនិងផលិតសំបុកដង្កូវនាង ចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងផលិតសម្ភារៈវេចខ្ចប់ ដែលមានទំហំទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក បង្កើតការងារ៩៣៦កន្លែង។
២. ខេត្តពោធិ៍សាត់ ស្រុកស្រគរ៖ ទទួលបានគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទំហំទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាមេរិកបង្កើតការងារ ៨៨កន្លែង។ នៅក្នុងនោះខេត្តពោធិ៍សាត់ក៏ទទួលបាន គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទំហំវិនិយោគ ៣៣លានដុល្លារបង្កើតការងារបានចំនួន ១២កន្លែង។
៣. តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតកៅស៊ូទ្រនាប់សំបកកង់រថយន្ត មានទំហំទុនវិនិយោគ២០លានដុល្លារអាមេរិក បង្កើតការងារបានចំនួន ៦០កន្លែង។



គួររំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ពាន់កន្លែង៕


