នៅប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទួទាំងពិភពលោកបានជាប់គាំង ដែលកត្ដាទាំងនេះបណ្ដាលមកពីការផ្ទុះឡើងនូវជំងឺរាតត្បាតសកល កូវីដ១៩ និងបញ្ហានយោបាយពិភពលោកដទៃទៀតដែលបានជះឥទ្ធិពលខ្លាំងដល់វិស័យមួយនេះ។ តើសម្រាប់ឆ្នាំថ្មី ២០២៦ ខែនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ តើស្ថានភាពអចលនទ្រព្យនឹងវិវត្ដិទៅជាយ៉ាងណា?

បន្ទាប់ពីឆ្លងកាត់ស្ថានភាពឡើងចុះមួយរយៈក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ បានព្យាករណ៍ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាក្នុង២០២៦ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៥។ លោកបានពន្យល់ថា មូលហេតុសំខាន់ដែលធ្វើឱ្យទីផ្សារល្អឡើងវិញ គឺពាក់ព័ន្ធនឹងលំហូរសាច់ប្រាក់។ លោកបានព្យាករណ៍ថា នៅឆ្នាំ ២០២៦ អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ ដែលនឹងធ្វើឱ្យអត្រាការប្រាក់បញ្ញើនៅធនាគារស្រុកខ្មែរក៏នឹងចុះថោកដែរ។ ហេតុនេះ អ្នកដែលមានលុយក្នុងធនាគារនឹងលែងចង់ទុកលុយយកការប្រាក់ទៀតហើយ តែពួកគេនឹងដកលុយមកធ្វើអាជីវកម្ម ឬវិនិយោគវិញដើម្បីបានចំណេញច្រើនជាង។ នៅពេលដែលអ្នកមានលុយចាប់ផ្តើមបញ្ចេញលុយមករកស៊ី នោះទីផ្សារដីធ្លីក្នុងឆ្នាំ ២០២៦ នឹងមានសកម្មភាពល្អជាងឆ្នាំ ២០២៥ ជាមិនខាន។

ស្រដៀងគ្នានេះដែរ លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia ដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងវិស័យនេះ ក៏បានយល់ឃើញដូចគ្នាថា ទីផ្សារអចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ ២០២៦។ អ្នកជំនាញរូបនេះរំពឹងថា សន្ទុះនៃការងើបឡើងនេះនឹងកាន់តែច្បាស់នៅចន្លោះឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៧។
ចំពោះការងើបឡើងវិញនេះ តម្លៃអចលនទ្រព្យត្រូវបានគេរំពឹងថានឹងកើនឡើង បន្ទាប់ពីបាននៅទ្រឹងអស់ជាច្រើនឆ្នាំ។ ចំណែកឯផ្ទះដែលមានតម្លៃសមរម្យ នឹងមានតម្រូវការខ្ពស់ ដែលជំរុញឱ្យមានគម្រោងសាងសង់ថ្មីៗបន្ថែមទៀត។ ជាមួយគ្នានេះ ការពង្រីកទីក្រុងភ្នំពេញនឹងទាក់ទាញអ្នកទិញទាំងក្នុងស្រុក និងបរទេស ជាពិសេសអ្នកវិនិយោគចិនដែលធ្លាប់បាត់មុខកាលពីអំឡុងកូវីដ អាចនឹងត្រឡប់មកវិញជាបណ្តើរៗ។ លើសពីនេះ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ធំទំនើប ក៏នឹងជួយជំរុញវិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មតាមអនឡាញឱ្យកើនឡើងផងដែរ។ ជាក់ស្តែងគ្រាន់តែរយៈពេល ១០ ខែក្នុងឆ្នាំ ២០២៥ គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតមានដល់ទៅ ៥៧៥ គម្រោង ជាមួយនឹងទុនសរុបប្រមាណ ៩.២ ពាន់លានដុល្លារឯណោះ។
ទោះបីជាមានសញ្ញាល្អយ៉ាងណាក្តី អ្នកជំនាញខាងលើក៏បានក្រើនរំលឹកពីបញ្ហាប្រឈមមួយចំនួនដែលអាចរារាំងដល់កំណើននេះផងដែរ។ បញ្ហាទាំងនោះរួមមាន៖ ការកើនឡើងនៃបំណុលឯកជន និងបំណុលខូច (កម្ចីដែលមិនសងត្រឡប់), ការធ្លាក់ចុះនៃចំណាប់អារម្មណ៍វិនិយោគរយៈពេលវែង, ភាពមិនច្បាស់លាស់នៃនយោបាយ, កំណើនទីផ្សារនៅយឺត, ការខ្វះខាតកម្លាំងពលកម្មជំនាញ, ការចំណាយលើថ្លៃភ្លើង/ថាមពលនៅខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធមិនទាន់ល្អគ្រប់គ្រាន់ និងបញ្ហាអត្រាការប្រាក់កម្ចីនៅខ្ពស់ជាដើម។
សូមជម្រាបជូនថា CBRE Cambodia ជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យអន្តរជាតិដំបូងគេដែលត្រូវបានបង្កើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះក្រុមហ៊ុនមានផ្តល់សេវាកម្មជាច្រើនផ្នែកដូចជា៖ ផ្នែកស្រាវជ្រាវ និងការប្រឹក្សា ផ្នែកវាយតម្លៃ និងការប្រឹក្សា ផ្នែកលក់-ជួលអចលនទ្រព្យ ផ្នែកគ្រប់គ្រងគម្រោង និងអចលនទ្រព្យ ផ្នែកវិនិយោគលើអចលនទ្រព្យ ផ្នែកឧស្សាហកម្ម និងភស្តុភារ ផ្នែកជួលអគារការិយាល័យ និងជួលទីតាំងលក់ទំនិញ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងសេវាកម្មខាងលើ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 023 964 099 ឬ cambodia@cbre.com៕



