ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការនៅក្នុងការពង្រីកខ្សែបណ្ដាញដឹកជញ្ជូណជាច្រើនដូជជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។ ក្នុងនោះដែរ សម្រាប់ផ្លូវដែកវិញបច្ចុប្បន្នកម្ពុជាយើងនៅមិនទាន់មានច្រើនខ្សែនោះទេ ពោលគឺមានតែ ២ ខ្សែប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាណាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការសាងសង់ផ្លូវដែកថ្មីជាច្រើនខ្សែផងដែរ។ បើយោងតាមបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងផ្លូវដែកដែលត្រៀមសាងសង់រួមមាន៖
១. គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងផ្លូវដែកល្បឿនលឿននេះនឹងសាងសង់ឆ្លងកាត់ទីតាំងជាច្រើនដូចជា៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដព្រៃវែង រហូតដល់ក្រុងបាវិត ខេត្ដស្វាយរៀងតែម្ដង។ តាមការប៉ាន់ស្មានគម្រោងនេះ នឹងត្រូវទុនសាងសង់ប្រមាណ ៨០០ លានដុល្លារ ។ តាមរបាយការណ៍សិក្សាបឋមគម្រោងនេះមានប្រវែង ១៥០ គីឡូម៉ែត្រ ហើយនៅពេលបើកដំណើរការគឺអាចដឹកជញ្ជូនអ្នកដំណើរក្នុងល្បឿន ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង រីឯល្បឿនក្នុងការដឹកជញ្ជូនទំនិញនឹងលើសពី ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
២. គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
ចំពោះគម្រោងផ្លូវដែកល្បឿនលឿននេះវិញ នឹងត្រូវសាងសង់ឆ្លងកាត់ទីតាំងសំខាន់ជាច្រើនដូចជា៖ រាជធានីភ្នំពេញ ខេត្ដកំពង់ឆំ ខេត្ដសៀមរាប រហូតទៅដល់ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ តាមការប៉ាន់ស្មានគម្រោងផ្លូវដែកថ្មីនេះ ត្រូវការទុនសម្រាប់សាងសង់ចំនួន ១ ១៥០ លានដុល្លារ ដោយផ្ដោតសំខាន់លើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។
៣. គម្រោងផ្លូវរថភ្លើងក្រោមដី
តាមកបញ្ជាក់បច្ចុប្បន្ន គម្រោងផ្លូវរថយន្ដភ្លើងក្រោមដី នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានកំពុងស្ថិតនៅក្នុងអាទិភាពនៃការសាងសង់។ ខណៈកាលពីដើមខែកក្កដា ឆ្នាំ២០២៥នេះ អ្នកជំនាញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានជួបជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បសិក្សា លើគម្រោងសំខាន់នេះ។
តាមរបាយការណ៍សិក្សា ដែលក្រសួងសាធារណការ បានផ្សព្វផ្សាយកន្លងមកបានអោយដឹងថា ក្នុងរាជធានី ភ្នំពេញ គ្រោងអោយមានផ្លូវរថភ្លើងក្រោមដី ចំនួន ៤ខ្សែ ដែលខ្សែផ្លូវ នីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩ គីឡូ ម៉ែត្រ។
៤. គម្រោងផ្លូវដែកនៅខេត្ដសៀមរាប
គម្រោងផ្លូវដែកថ្មីនេះ នឹងត្រូវសាងសង់តភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលមានទីតាំងស្ថិតនៅស្រុកសូទ្រនិគម។ ចំពោះការសាងសង់គម្រោងនេះដែរ គឺដើម្បីសម្រួលការដឹកជញ្ជូនភ្ញៀវទេសចរ ដែលចុះចតនៅក្នុងអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរផ្ទាល់តែម្ដង។
សូមជម្រាបថា បច្ចុប្បន្នផ្លូវដែកនៅកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ដោយក្នុងនោះផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ៕