គម្រោងអភិវឌ្ឍន៍ចំនួន ១០ មានទុនវិនិយោគជាង ៧២ លានដុល្លារ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ
Bunthoeun KoemJULY 24 20267 views

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានាក្រោមវិសាលភាពរបស់ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ" ដោយមានការចូលរួម ពីសំណាក់លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

 

Img 8143

 

សូមជម្រាបថា គម្រោងចំនួន ១០ គម្រោង រួមមាន៖ គម្រោងបង្កើតតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និង មធ្យម (SME Cluster), គម្រោងរោងចក្រកែច្នៃលោហធាតុ, គម្រោងរោងចក្រកែច្នៃក្តារបន្ទះ, គម្រោងរមណីយដ្ឋាន និង រីសត, គម្រោងសណ្ឋាគារ និង រីសត និង គម្រោងអគារស្នាក់នៅរួម ក្រោមទុនវិនិយោគជាង ៧២ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ៨០០ កន្លែង ។

 

ក្នុងឱកាសនេះ លោកអភិបាលរង បានជម្រាបជូនអង្គប្រជុំអំពីតម្រូវការកម្លាំងពលកម្មក្នុងខេត្តព្រះសីហនុ នឹងការជួយសម្របសម្រួលពីរដ្ឋបាលខេត្តក្នុងការផ្តល់ការងារជូនពលករចំណាកស្រុក, ពលករចំណូលស្រុកពីប្រទេសជិតខាងផងដែរ។

 

Img 8141

 

គិតចាប់ពីឆ្នាំ ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៤៩១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៤ ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៤៩១ នេះ រួមមាន ៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៦, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៣៥, គម្រោងពង្រីកចំនួន ២៥, និង គម្រោងមានស្រាប់ចំនួន ១៥ ។

 

បន្ថែមពីលើការផ្តល់គោលការណ៍នេះ, ក្រុមការងារបានជួយសម្របសម្រួលផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដែលរួមមាន៖ ការចុះបញ្ជីសហគ្រាស, ការលើកលែងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ ពន្ធលើប្រាក់ចំណូល និង អាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ, ការអនុញ្ញាតនាំចូលសម្ភារៈសំណង់ដោយពន្ធអាករជាបន្ទុករដ្ឋ និង ការលើកលែងកម្រៃសេវាធារណៈសម្រាប់ការស្នើសុំអាជ្ញាបណ្ណនានា និង ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia