សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជាពិសេសគឺគម្រោងធំ ៣ រួមមាន៖ ព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។

ការស្នើរបស់សម្ដេចតេជោ នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឲ្យ លោក សុង ហៃឡាង( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន CCCC នៅក្នុងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

សម្ដេចតេជោក៏បានលើកឡើងដោយឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោក សុង ហៃឡាង បានសម្ដែងនូវការពេញចិត្តនៅក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕




