អបអរសាទរ! ខេត្ដក្រចេះ និងស្ទឹងត្រែង ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤
Bunthoeun KoemJULY 15 202616 views

ខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង​ ទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទុនវិនិយោគសរុបចំនួន ២៥ លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាច្រើនកន្លែងជូនពលដ្ឋនៅក្នុងតំបន់ផងដែរ។ ដោយក្នុងនោះរួមមាន៖ 

 

ទី១.គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ របស់ក្រុមហ៊ុនព្រះវិស្ណុអ៊ីមផិច មានទីតាំងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណជាង ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០ កន្លែង។

 

ទី២.គម្រោងដាំដំណាំឈើហូបផ្លែ និង រោ​​ង​ច​ក្រ​កែច្នៃ របស់ក្រុមហ៊ុនផលិត​ម្សៅដំឡូងមីចំកាត់ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វា​យ​សែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៧ លា​ន​ដុ​ល្លារអាម៉េរិក និងបង្កើតការងារសរុបប្រមាណ ៥០០ កន្លែង ។

 

ទី៣.គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់ក្រុមហ៊ុន សប្លេនឌីធហ្វ័រ ឈួនហ្វូដប្រដាក់ មានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០០ កន្លែង។

 

ទី៤.គម្រោងកសិ-ឧស្សាហកម្ម ដាំដុះចេកអំបូងលឿង កែច្នៃវេចខ្ចប់ (កែច្នៃគ្រាប់ស្វាយចន្ទី ស្វាយ ម្នាស់ ទុរេន ចេក ខ្នុរ) របស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័​​ល ឯ.ក មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមា​ណ ១០ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥៥៣ កន្លែង។

 

746267028 122169522902823197 7784416978060479351 N

 

យ៉ាណាមិញកាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សឹង រេត អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន, ឯកឧត្តម ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទីប្រឹក្សាក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិក សមជិកា អនុគណៈកម្មាធិការវិនិយោគខេត្តស្ទឹងត្រែង និង ខេត្តក្រចេះព្រមទាំងក្រុមការងារនៃលេខាធិកា​រដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីប្រជុំពិនិត្យ ពិភាក្សា និង ចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោង វិនិយោគនៅទាំងពីរនេះផងដែរ។

 

ដោយក្នុងនោះ ក្រុមការងារបានចុះដល់ទីតាំងគម្រោងវិនិយោគផ្ទាល់ និងបានឈ្វែងយល់ពីសក្កានុពល, ផែនការវិនិយោគ, ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្ម និង កិច្ចដំណើរការរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន បានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមានក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ ៕

 747948810 122169523052823197 3467245559175055467 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia