រាជរដ្ឋាភិបាលកម្ពុជា មានផែនការនៅក្នុងការសា្ដរផ្លូវទឹកតភ្ជាប់រាជធានី-ខេត្ដមួយចំនួននៅជាប់ទន្លេមេគង្គនិងទន្លេសាប ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញមកកាន់ផែនសមុទ្រ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
សម្ដេចបានមានប្រសាសន៍ដូច្នេះថា៖ «ឥឡូវយើងមានគម្រោងស្ដារពីភ្នំពេញឡើងទៅកំពង់ឆ្នាំង និងឡើងទៅមួយផ្នែកនៃខេត្ដកំពង់ចាមតាមទន្លេមេគង្គ។ ទៅថ្ងៃមុខនឹងស្ដាររហូតទៅដល់ក្រចេះដើម្បីតភ្ជាប់ ហើយយើងកំពុងកសាងផែពហុបំណងនៅខេត្ដក្រចេះផងដែរ។ អ៊ីចឹងតាមបណ្ដោយផ្លូវហ្នឹង នឹងមានផែសម្រាប់ដឹកជញ្ជូន ទន្លេសាបក៏ដូចគ្នា។ អ៊ីចឹងការកសាងនេះគឺថែម ដើម្បីយើងតភ្ជាប់»។

សូមជម្រាបថា សម្រាប់គម្រោងផ្លូវទឹកនេះដែរ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ ខណៈគម្រោងនេះចែកចេញជាពីរកំណាត់គឺ៖ កំណាត់ទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងកំណាត់ទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។

ក្រៅពីគម្រោងព្រែកជីកហ្វូណនតេជោ ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក៏បានប្រកាសពីគម្រោងបោះទុនវិនិយោគទំហំ ១០០ លានដុល្លារ ដើម្បីធ្វើការសាងសង់ព្រែកជីកថ្មីតភ្ជាប់ពីអាកាសយានដ្ឋានអន្ដរជាតិតេជោ ភ្ជាប់ទៅកាន់ព្រែកជីកហ្វូណនតេជោផងដែរ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ៕


