នេះជាមោទនភាព និងជាជំហានដ៏ធំមួយទៀតសម្រាប់វិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការលើកកម្ពស់គុណភាពស្តង់ដារយ៉ាងយកចិត្តទុកដាក់ ទីបំផុត ផលិតផលខ្មែរទាំង ២ ប្រភេទនេះ បានទទួលការអនុញ្ញាតជាផ្លូវការ ក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ។ ខាងក្រោមនេះជាផលិតផលខ្មែរ ២ប្រភេទដែលបាននាំចេញទៅកាន់ប្រទេសចិន៖
១. ផ្លែខ្នុរស្រស់
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្មីៗនេះនៅរដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារសំខាន់ៗដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរដោយធ្វើ ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
ដើម្បីធានាបាននូវការនាំចេញដោយជោគជ័យ និងរក្សាបាននូវកេរ្តិ៍ឈ្មោះកសិផលកម្ពុជា ក្រសួងសូមអំពាវនាវដល់អ្នកផលិត និងអ្នកនាំចេញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការ រៀបចំខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យបានល្អ និងអនុវត្តតាមស្តង់ដារអនាម័យ ព្រមទាំងតម្រូវការភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

២. សំបុកត្រចៀកកាំ
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។
ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិននេះ គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងកសិកម្ម អគ្គរដ្ឋបាលគយចិន វិស័យឯកជន និងបងប្អូនអាជីវករអ្នកចិញ្ចឹមត្រចៀកកាំទាំងអស់ ដែលបានខិតខំលើកកម្ពស់ស្តង់ដារអនាម័យ រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ។
គួរជម្រាបថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ៕



