ជាឱកាសល្អសម្រាប់បុគ្គលិកដែលចូលនិវត្តន៍នៅក្នុងក្រុមហ៊ុនឯកជន តែចង់បម្រើការងាររដ្ឋ ខណៈ រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាសឲ្យចូលបម្រើការងាររដ្ឋបាន ដោយមិនបាច់ចូលប្រឡងចូលក្របខណ្ឌនោះទេ។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៤ នេះ។
ថ្លែងនៅក្នុងពិធី ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ សម្ដេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការនៅក្នុងវិស័យឯកជន ហើយគាត់ចង់មកស្ម័គ្រចិត្តចូលទៅបម្រើការងារជូនប្រជាពលរដ្ឋ តែគាត់ហួសអាយុហើយ ប៉ុន្តែគាត់មានជំនាញច្បាស់លាស់ ពេលនេះសម្តេចបានបើកឱកាស ឲ្យពួកគាត់ចូលបម្រើការងារបាន ទៅតាមជំនាញរៀងៗខ្លួន។ ដោយកំណត់ទៅតាមក្របខណ្ឌបុគ្គលិកកិច្ចសន្យាជំនាញ ៥ឆ្នាំ តាមការចាត់ចែងក្នុងក្រសួងឬក៏ស្ថាប័ន នីមួយៗដែលគាត់បានចូល។
ក្នុងនោះសម្តេចបានបន្ថែមថា “ចំពោះមន្រ្តីដែលចូលនិវត្តន៍ យើងអាចកុងត្រាចូលមកវិញ យើងគិតបៀវត្សកម្រិតណាមួយ យើងស្ដាយ ហើយនៅក្នុងកងទ័ពកន្លងទៅនេះ ខ្ញុំបានធ្វើកិច្ចការងារមួយចំនួនដែរ នាយទាហានដែលគាត់ដល់អាយុចូលនិវត្តន៍តែជំនាញ ឥឡូវកុងត្រាគាត់មកវិញ។ អ៉ីចឹង យើងគិតគូរក្របខណ្ឌថ្មី ហើយពេលនោះយើងអត់ខ្វះមនុស្សទេ ហើយភាពបត់បែនរបស់យើង ទោះបីជាចំនួនក្របខណ្ឌរបស់យើងតិចក៏ដោយនៅក្នុង ២០ឆ្នាំទៀត ប៉ុន្តែយើងអត់ខ្វះមនុស្សទេ ព្រោះវិធីសាស្រ្តនៃការរើសមន្រ្តីរបស់យើង យើងបើកភាពបត់បែនមួយ គឺតាមរយៈការបំពេញមន្រ្តីកិច្ចសន្យាជំនាញនេះ អ៉ីជឹងយើងអាចដោះស្រាយបញ្ហានេះ”៕