ប្រាសាក់គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតនៅកម្ពុជាដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះក៏ពង្រីកបណ្ដាញសាខាងបានច្រើនផងដែរនៅទូទាំងប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រាសាក់មិនមែនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតទេពោលគឺបានកម្លាយខ្លួនជាធនាគារពាណិជ្ជដែលមានឈ្មោះថាធនាគារ KB Prasac។
ចំពោះទិន្នន័យចុងក្រោយនៃឆ្នាំ២០២៣ទាក់ទងនឹងទ្រព្យសកម្ម ធនាគារនេះមិនទាន់បានបញ្ចេញជាសាធារណៈនៅឡើយប៉ុន្ដែសម្រាប់របាយការណ៍នៅត្រឹមដំណាច់ឆ្នាំ២០២២ ប្រាសាក់មានទ្រព្យសកម្មសរុបប្រមាណជាង៤.៩ពាន់លានលានដុល្លារអាមេរិក
ចំណែកប្រាក់បញ្ញើសន្សំរបស់អតិថិជនកើនដល់២.២៧ពាន់លានដុល្លារ ហើយទឹកប្រាក់កម្ចីបញ្ចេញដល់អតិថិជនមាន៤.៣៥ពាន់លានដុល្លារ។ រីកឯប្រាក់ចំណេញក្រោយបង់ពន្ធរបស់ប្រាសាក់ឡើងដល់១៨១.៣លានដុល្លារ កើនឡើង១៧.១២% ធៀបនឹងឆ្នាំ២០២១។
ប្រាសាក់បានប្ដូរឈ្មោះទៅជា ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC BANK Plc.) ក្រោយពីការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ដោយមានអាជ្ញាបណ្ណធនាគារពាណិជ្ជ ពី ធនាគារជាតិ នៃ កម្ពុជា។ កាលពីខែមេសា ឆ្នាំ២០២០ ធនាគារ គូកមីន បានទិញភាគហ៊ុនចំនួន ៧០% នៅក្នុងក្រុមហ៊ុនកម្ចីខ្នាតតូច Prasac Microfinance និងបានទិញភាគហ៊ុនដែលនៅសល់ទាំងអស់ក្នុងខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរកាលពីឆ្នាំ២០២៣កន្លងទៅទោះជាវិស័យធនាគាររងផលប៉ះពាល់ដោយសារការដំឡើងអត្រាការប្រាក់ដុល្លារពីធនាគារកណ្ដាលអាមេរិកពិតមែនតែបញ្ហានេះមិនប៉ះពាល់ដល់ប្រព័ន្ធធនគារកម្ពុជាឡើយ។
បើតាមការបញ្ជាក់របស់លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ” ស្ថានភាពប្រព័ន្ធធនាគារនៅកម្ពុជាគឺមានសុវត្ថិភាពព្រមទាំងមានដើមទុនគ្រប់គ្រាន់ជាមួយនឹងសន្ទីយភាព(Liquidity) ខ្លាំងដោយស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតនិពិត្យយ៉ាងយកចិត្តទុកដាក់ពីធនាគារជាតិនៃកម្ពុជា”៕