ក្រុមហ៊ុនសែលកាត ជំរុញសក្តានុពលឌីជីថលក្នុងខេត្តសៀមរាប តាមរយៈបច្ចេកវិទ្យា 5G និងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់វិស័យទេសចរណ៍
Sreymom ChaMARCH 27 2026

សៀមរាប ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦


ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ក្នុងកិច្ចសហការជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនសែលកាតបានក្លាយជា ដៃគូសហប្រតិបត្តិការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។

Photo 2026 03 27 21 17 16


កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខេត្តសៀមរាប ឱ្យទៅជាគោលដៅទេសចរណ៍ ដែលមានការតភ្ជាប់យ៉ាងពេញលេញ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត តាមរយៈការត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ cellcard ក្នុងក្រុងសៀមរាប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញសេវាឱ្យកាន់តែមានគុណភាពខ្ពស់នៅទូទាំងខេត្ត។

Photo 2026 03 27 21 17 05


ចំណុចស្នូលនៃកិច្ចសហការនេះ គឺការជឿជាក់រួមគ្នាថា «ការតភ្ជាប់» គឺជាគ្រឹះនៃទេសចរណ៍ប្រកប ដោយចីរភាព ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមិនត្រឹមតែអាចដើរកម្សាន្តបានយ៉ាងរលូនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងអាចចែករំលែកភាពអស្ចារ្យនៃខេត្តសៀមរាបទៅកាន់ពិភពលោកបានភ្លាមៗ ដែលជួយបង្កើនភាពទាក់ទាញជាសកល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក។

Photo 2026 03 27 21 16 54


ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប នឹងរួមគ្នាអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់បទពិសោធរបស់ភ្ញៀវទេសចរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់៖


•    ការតភ្ជាប់ជំនាន់ថ្មី៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងក្រុងសៀមរាប រួមជាមួយការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ 4G និង 5G ដើម្បីផ្តល់នូវសេវាអ៊ីនធឺណិតកាន់តែលឿន និង មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និងភ្ញៀវទេសចរ។


•    សេវា WiFi សាធារណៈ៖ ការដំឡើងសេវា WiFi សាធារណៈនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មាន ចែករំលែករូបភាព និងស្វែង យល់ពីវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តសៀមរាប។
•    ការជំរុញទេសចរណ៍តាមរយៈព្រឹត្តិការណ៍ផ្សេងៗ និងការធ្វើទីផ្សារ៖ ការឧបត្ថម្ភព្រឹត្តិការណ៍យុទ្ធសាស្ត្រ និងយុទ្ធនាការទីផ្សាររួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាបកាន់តែច្រើន ដែលជួយគាំទ្រដល់វិស័យទេសចរណ៍ពេញមួយឆ្នាំ។


•    ការលើកកម្ពស់ជីវភាពក្នុងតំបន់៖ ការប្រើប្រាស់បណ្តាញ និងប្រព័ន្ធឌីជីថលរបស់ cellcard ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបរ (តាក់ស៊ី/កង់បី) ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបង្កើតឱកាសការងារថ្មីៗ និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។


•    សេវាឌីជីថលសម្រាប់ភ្ញៀវទេសចរ៖ ការដាក់ឱ្យប្រើប្រាស់សេវា eSIM និងដំណោះស្រាយទូរស័ព្ទសម្រាប់ភ្ញៀវអន្តរជាតិ រួមទាំងការប្រើប្រាស់កម្មវិធីទំនាក់ទំនងសំខាន់ៗដូចជា WhatsApp ជាដើម ដើម្បីធានាថាពួកគាត់អាចរក្សាការតភ្ជាប់បានយ៉ាងងាយស្រួលចាប់ពីពេលមកដល់។

Photo 2026 03 27 21 16 40


លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្ត សៀមរាប មានប្រសាសន៍ថា៖ « ការសហការជាមួយក្រុមហ៊ុនសែលកាតនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅខេត្តសៀមរាប និងគាំទ្រកំណើនវិស័យទេសចរណ៍។ ជាមួយគ្នានេះ យើងនឹងជំរុញការប្រើប្រាស់ eSIM គាំទ្រអាជីវកម្មវិស័យទេសចរណ៍តាមរយៈវគ្គបណ្តុះបណ្តាលផ្នែកសេវាកម្ម និងធ្វើឱ្យប្រសើរឡើងនូវការចូលប្រើបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍មូលដ្ឋាន ជាពិសេសអ្នកបើកបរតុកតុក ដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរបានកាន់តែងាយស្រួល និងបង្កើនប្រាក់ចំណូល។យើងជឿជាក់ថា ការតភ្ជាប់ដែលកាន់តែមានប្រសិទ្ធភាព នឹងជួយបង្កើនបទពិសោធភ្ញៀវទេសចរ និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន»។

Photo 2026 03 27 21 16 26


លោក Yap Kok Leong (KL) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានបន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាដៃគូសហការទូរគមនាគមន៍ឌីជីថល របស់រដ្ឋបាលខេត្តសៀមរាប។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងខ្ញុំ ក្នុងការគាំទ្រដល់កំណើនរបស់កម្ពុជា តាមរយៈការតភ្ជាប់ទំនាក់ទំនង។ ជាមួយបច្ចេកវិទ្យា 5G និងសេវាឌីជីថល យើងខ្ញុំកំពុងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការទទួលយកបទពិសោធ ចែករំលែក និងផ្សារភ្ជាប់ជាមួយខេត្តសៀមរាប។ នេះគឺជាការភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ដែលត្រូវបានផ្សារភ្ជាប់សម្រាប់គោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយក៏ជាបេសកកម្មមួយដែលយើងខ្ញុំនឹងបន្តពង្រីកទៅទូទាំងប្រទេសផងដែរ»។

Photo 2026 03 27 21 16 18


កិច្ចសហការនេះមិនមែនសម្រាប់តែការតភ្ជាប់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបើកបង្ហាញនូវ       សក្ដានុពលពេញលេញរបស់ខេត្តសៀមរាប ផងដែរ។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ទេសចរណ៍ និងសហគមន៍ ក្រុមហ៊ុនសែលកាត និងរដ្ឋបាលខេត្តសៀមរាប កំពុងបង្កើតអនាគតមួយដែលរាល់ការតភ្ជាប់ នឹងនាំមកនូវឱកាស ហើយការភ្ជាប់ទំនាក់ទំនងបែបឌីជីថលនឹងក្លាយជាតថភាពសម្រាប់មនុស្សគ្រប់គ្នា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia