ដើម្បីជួយជំរុញសេដ្ឋកិច្ចនៅក្នុងខេត្ដ រួមទាំងតំបន់ក្បែរនោះ រាជរដ្ឋាភិបាលបានដាក់គោលដៅសាងសង់កំពង់ផែពហុបំណងនៅខេត្ដក្រចេះនៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា«បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ ព្រោះក្រចេះនៅក្នុងខេត្តទាំងបួនហ្នឹងគឺយើងគិតមើលគឺខេត្តមានសក្ដានុពលច្រើន ចឹងមិនមែនខាងស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កុំច្រណែនគេ យើងក៏មានសក្ដានុពលបស់យើងដែរ យើងសក្ដានុពលតំបន់ភ្នំ តំបន់មានធនធានធម្មជាតិមួយចំនួន ចឹងក្រចេះមានតំបន់រាបច្រើន មានផ្ទៃដីអាចធ្វើឧស្សាហកម្ម តែប្រទាក់ក្រឡាគ្នា កន្លែងខ្លះអាចផ្គុំគ្នារឿងទេសចរណ៍អីផ្សេងៗ ចឹងសុទ្ធតែសក្ដានុពលអាចធ្វើបាន ហើយនៅកន្លែងនេះជាតំបន់តភ្ជាប់ច្រើន»។

គួររំលឹកផងដែរ ដើម្បីជម្រុញការអភិវឌ្ឍន៍ និងទាក់ទាញការវិនិយោគមកកាន់ខេត្ដ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។ ដោយក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នេះបានបើកកិច្ចប្រជុំលើកទី១ ជាផ្លូវការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥។ ហើយគិតមកដល់ពេលនេះ ក្រុមការងារនេះបានជួយទាញគម្រោងវិនិយោគ និងជួយសម្រួលសម្រាប់ការវិនិយោគនៅខេត្ដទាំងបួននេះបានជាច្រើនគម្រោងរួចមកហើយ៕


