ជាដំណឹងល្អសម្រាប់បងប្អូនដែលចង់គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ខណៈ ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ដែលជាកន្លែងប្រមូលផ្ដុំដោយផលិតផលផលិតដោយកូនខ្មែរ មានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ខាងមុខ ជីប ម៉ុង ស៊ុបភឺម៉ាឃីត នឹងចាប់ផ្ដើមបើកដំណើរការសាកល្បងនៅថ្ងៃទី១២ ខែកញ្ញា និងគ្រោងបើកដំណើរការផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះហើយ។
គម្រោងផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល និងបានធ្វើការសាងសង់ និងរៀបចំយ៉ាងសម្រិតសម្រាំងអស់រយៈពេល ៨ ខែរួចមកហើយ។ ផ្សារទេសចរណ៍ថ្មីនេះ គឺមានតូបលក់សរុបចំនួន ១២៤ ដែលប្រមូលផ្ដុំទៅដោយផលិតផលខ្មែររាប់រយមុខដូចជា៖ ប្រភេទម្ហូបអាហារ សម្ភារប្រើប្រាស់ ឧបករណ៍ភ្លេងខ្មែរ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ ដែលផលិតផ្ទាល់ដៃដោយជនជាតិខ្មែរ។
យ៉ាងណាមុននឹងការចាប់ផ្ដើមបើកដំណើរការសាកល្បងមកដល់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ រៀបចំពិធីជួបជុំរវាងអ្នកស្រុក ភូមិខ្មែរអ្នកធ្វើ ទាំង ១២៤ តូប ជាមួយនឹងថ្នាក់ដឹងនាំក្រុមហ៊ុន ជីប ម៉ុង រីថែល ផងដែរ ដើម្បីបង្ហាញពីគោលការណ៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណាឲ្យគម្រោងនេះដំណើការទៅបានល្អ និងទទួលបានការគាំទ្រច្រើនពីអតិថិជន។
តាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា «ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” នេះគឺក្រុមហ៊ុនយើងមានក្ដីស្រមៃបង្កើត តាំងពី ៣ ឬ ៥ ឆ្នាំមុន នៅពេលដែលយើងបង្កើតផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ យើងបង្កើតផ្សារអីមួយមិនមែនគ្រាន់តែចង់ឲ្យស្អាតហើយនាំយករបស់ប្រេនអីមួយមកនោះទេ ប៉ុន្ដែយើងបង្កើតនេះដើម្បីប្រជាជន និងដើម្បីទីផ្សារស្រុកខ្មែរយើង»។
លោកជំទាវបន្ដថា គម្រោងផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ” ក៏ទទួលបានការគាំទ្រ និងការជួយផ្សព្វផ្សាយពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
សូមជម្រាបថា ផ្សារទេសរចណ៍ “ភូមិខ្មែរអ្នកធ្វើ” មិនត្រឹមដែលជាកន្លែងទិញ-លក់ផលិតផលខ្មែរនោះទេ ប៉ុន្ដែក៏ជាកន្លែងកម្សាន្ដថ្មីមួយនៅក្នុងរាជធានីភ្នំពេញ។ ដោយក្នុងក្រុមហ៊ុននឹងមានការរៀបចំនូវទស្សនីយភាពជាច្រើនដូចជា ការសម្ដែងសិល្បៈបុរាណខ្មែរផ្សេងៗជាដើម។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រផលិតផលខ្មែរ នៅផ្សារទេសរចណ៍ “ភូមិខ្មែរអ្នកធ្វើ”។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ-Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong 271 Mega Mall ៕