កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” នៅផ្សារទំនើប ជីបម៉ុង អៅឡែត ម៉ល សែនសុខ ជាន់ទី៣ ជាផ្លូវការហើយ។

នៅក្នុងកម្មវិធី បើកដំណើរការជាផ្លូវរបស់ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង លោក-លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។


បើតាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា កាលពីកន្លងទៅលោកជំទាវជាមួយក្រុមការងារធ្លាប់បានធ្វើដំណើរទៅកាន់សហគមន៍កំពង់ភ្លក់ ក្នុងខេត្តសៀមរាប។ បន្ទាប់ពីទៅដល់ទីនោះ លោកជំទាវពិតជាស្រលាញ់និងជាប់ចិត្តជាមួយធម្មជាតិ ក៏ដូចជាម្ហូបអាហារនៅតំបន់នោះខ្លាំងណាស់។ ដូច្នេះហើយទើបផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំង ដែលបានបំផុសគំនិតពីបឹងទន្លេសាប សហគមន៍កំពង់ភ្លុក ក្នុងខេត្តសៀមរាប ដើម្បីធ្វើឲ្យអ្នកមកលេងអាចទទួលបានអារម្មណ៍កាន់តែជិតស្និទ្ធទៅនឹងបរិយាកាសនៅបឹងទន្លេសាបហើយការរៀបចំទីតាំងនេះគឺបានយកលំនាំពីភូមិលើទឹកមកបញ្ចូលក្នុងការរចនាចាប់ពីប្លង់ទីតាំងតូបលក់អាហាររហូតដល់កន្លែងអង្គុយញ៉ាំអាហារដើម្បីបង្កើតបទពិសោធន៍មួយដែលខុសពីផ្សារទំនើបធម្មតា។


លើសពីនេះទៅទៀត គ្រប់ជ្រុងជ្រោយនៃការរចនា“ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប”ត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុតហើយការរៀបចំដ៏ផ្ចិតផ្ចង់នេះត្រូវបានបង្កើតនូវបទពិសោធន៍ដ៏វិសេសវិសាល និងខុសប្លែកពីផ្សារទំនើបធម្មតា ដោយធ្វើឲ្យអ្នកមកកម្សាន្តគ្រប់រូបទទួលបានអារម្មណ៍ជិតស្និទ្ធ និងទទួលបានអារម្មណ៍កក់ក្តៅ និងការចងចាំដ៏មានន័យ។


គួរជម្រាបថា ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ក៏មានលក់នូវ វត្ថុអនុស្សាវរីយ៍ សិប្បកម្មធ្វើដោយដៃ និងសិប្បកម្មកែច្នៃក្នុងស្រុក ជាច្រើនដែលជាស្នាដៃរបស់អ្នកផលិត និងអ្នកធ្វើក្នុងស្រុក ហើយនេះក៏ជាផ្នែកមួយដែលក្លាយជាកន្លែងមួយសម្រាប់បង្ហាញពីភាពចម្រុះនៃផលិតផលនិងស្នាដៃរបស់កូនខ្មែរផងដែរ។ ដូច្នេះហើយ បងប្អូនជាអ្នកចូលចិត្តដើរលេង ចង់សាកម្ហូបខ្មែរ ចង់គាំទ្រអ្នកផលិត អាជីវករ និងស្នាដៃក្នុងស្រុកកុំភ្លេចមក «ភូមិខ្មែរអ្នកធ្វើ-បឹងទន្លេសាប» នៅផ្សារ ជីប ម៉ុង អៅឡែត ម៉ល(សែនសុខ) ចាប់ពីពេលនេះតទៅបាន។ ចំពោះការបើកដំណើរការផ្សារនេះវិញ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការតាមដានហ្វេសប៊ុកផេក ភូមិខ្មែរអ្នកធ្វើ Phum Khmer Nak Tver ឬហ្វេសប៊ុកផេក Chip Mong Outlet Mall ៕




