គួរយល់ដឹង! បើបាត់ទូរស័ព្ទ ដែលមានលុយច្រើនក្នុងធនាគារ សាកធ្វើរឿងទាំងនេះសិន កុំទាន់ស្លន់
Bunthoeun KoemAUGUST 7 2026247 views

អ្វីដែលអ្នកគួរដឹង ប្រសិនបើអ្នកបាត់ទូរស័ព្ទដៃរបស់អ្នក ដែលមានលុយនៅក្នុងធនាគារច្រើន ភ្លាមៗអ្នកកុំទាន់ព្រួយបារម្ភច្រើនពេកអី។ ដំបូងអ្នកត្រូវដឹងអំពីបៀបការពារពីអ្នកដែលរើសទូរស័ព្ទរបស់អ្នកបានសិន ក្រែងលោគេលួចចូលធ្វើប្រតិបត្តិការលុយក្នុងធនាគាររបស់អ្នកបាន។ ហើយខាងក្រោមនេះ ជាវិធីសាស្រ្តដោះស្រាយខ្លះៗ៖

 

១.រាយការណ៍ពីការផ្អាកស៊ីមកាត

 

សូមទាក់ទងទៅកាន់ផ្នែកផ្តល់សេវាអតិថិជនរបស់បណ្តាញទូរស័ព្ទចល័តដែលអ្នកប្រើប្រាស់។ បើសិនជា ស៊ីមកាត នៅក្នុងទូរស័ព្ទរបស់អ្នកមិនដំណើរការទេ វាអាចបណ្តាលឲ្យកម្មវិធីធនាគារ និងកម្មវិធីជាច្រើនទៀតមិនអាចប្រើប្រាស់បាន។

 

២.ជូនដំណឹងអំពីការលុបចោល ឬការផ្អាកសេវាកម្មអនឡាញ

 

សូមជម្រាបជូនទៅកាន់ធនាគារទាំងអស់ ដែលលោកអ្នកមាន ឲ្យលុបចោល និងផ្អាកសេវាកម្មអនឡាញទាំងអស់។ លោកអ្នកអាចទៅដកលុយចេញឲ្យអស់នៅធនាគារ ដោយប្រើប្រាស់ម៉ាស៊ីន ATM ជាមួយកាតឥណពន្ធ ឬកាតឥណទាន បានដូចធម្មតា។

 

៣.ស្វែងរកទូរស័ព្ទដែលបាត់

 

អ្នកអាចសាកល្បងបើក Find My Device សម្រាប់ទូរស័ព្ទ Android និង Find My iPhone សម្រាប់ទូរស័ព្ទ iOS ពីទូរស័ព្ទផ្សេងទៀត ដើម្បីកំណត់ទីតាំង ឬ តាមដានថាទូរស័ព្ទរបស់អ្នកបានបាត់នៅទីណា ឬវាកំពុងស្ថិតនៅទីតាំងណា? ហើយអ្នកអាចទៅតាមរកវាដល់ទីតាំងនោះបាន។

 

៤.បើកដំណើរការវានៅលើទូរស័ព្ទថ្មី

 

ប្រសិនបើអ្នកបានទទួលទូរស័ព្ទរបស់អ្នកមកវិញ ឬបានទិញទូរស័ព្ទថ្មី សូមទាក់ទងអ្នកផ្តល់សេវាអតិថិជនក្រុមហ៊ុនដែលអ្នកប្រើប្រាស់ភ្លាម ដើម្បីស្នើសុំស៊ីមកាតថ្មីដែលមានលេខដូចគ្នាមកប្រើវិញ។ បន្ទាប់មក ដំណើរការជាថ្មី (Activate) ហើយចូលទៅក្នុងកម្មវិធីធនាគាររបស់អ្នកម្តងទៀត។ អ្នកក៏គួរតែអាច ទាក់ទងធនាគាររបស់អ្នកដែរ ដើម្បីបើកដំណើរការប្រតិបត្តិការតាមអ៊ីនធើណេត ឬធនាគារចល័តឡើងវិញផងដែរ។

 

៥.ការបង្ការទុកមុន ការពារប្រសើរជាងការព្យាបាល

 

-ប្រើលេខកូដចាក់សោអេក្រង់សម្រាប់ទូរស័ព្ទរបស់អ្នក ឬប្រើការស្កេនស្នាមម្រាមដៃ ឬស្កេនមុខ រួមទាំងពាក្យសម្ងាត់សម្រាប់ចូលប្រើកម្មវិធីសំខាន់ៗផ្សេងៗ ដូចជា Messager, Facebook, ឬ កម្មវិធីធានាគារជាដើម។

-កំណត់ពាក្យសម្ងាត់ដែលពិបាកទាយ សម្រាប់កម្មវិធីធនាគាររបស់អ្នក ហើយប្រើពាក្យសម្ងាត់ផ្សេងគ្នាសម្រាប់គណនីនីមួយៗ។

-កំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ តាមរយៈកម្មវិធីធនាគារ ឲ្យនៅកម្រិតសមរម្យ។

-បើកមុខងារ Find My Device សម្រាប់ទូរស័ព្ទរបស់អ្នក។

-កុំរក្សាទុកឈ្មោះគណនី ឬពាក្យសម្ងាត់ នៅលើទូរស័ព្ទដៃរបស់អ្នក (ឧទាហរណ៍៖ រក្សាវានៅក្នុងរូបថត ឬក្នុង Note)ជាដើម៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia