ភ្នំពេញ ប្រទេសកម្ពុជា — ធនាគារ ហ្វីលីព ភីអិលស៊ី សូមធ្វើការបដិសេធ និងបំភ្លឺជុំវិញព័ត៌មានដែលកំពុងចែកចាយលើបណ្តាញ Telegram ដែលបានលើកឡើងពីវិធានការណ៍ផ្នែកបទប្បញ្ញត្តិលើធនាគារមួយចំនួន រួមទាំងធនាគារ ហ្វីលីព ផងដែរ។
ធនាគារយើងខ្ញុំសូមបញ្ជាក់ជូនថា ការលើកឡើងទាំងនោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ធនាគារ ហ្វីលីព កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ ដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិត និងការផ្សព្វផ្សាយបំភ័ន្ត ដែលអាចបង្កឱ្យមានការព្រួយបារម្ភដល់អតិថិជន និងសាធារណជន។ ទន្ទឹមនឹងនេះ យើងក៏បានរាយការណ៍ និងជូនដំណឹងទៅកាន់ធនាគារជាតិនៃកម្ពុជា រួចរាល់ហើយដែរ អំពីការចែកចាយព័ត៌មានមិនពិតទាំងនេះ។
ធនាគារ ហ្វីលីព នៅតែរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុរឹងមាំ ប្រតិបត្តិការជាធម្មតា និងអនុវត្តស្របតាមរាល់បទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (NBC)។ ធនាគារ ហ្វីលីព នៅតែបន្តបំពេញតាមស្តង់ដារពេញលេញ តម្រូវការនៃរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាទទួលយកការត្រួតពិនិត្យបន្ថែមពី ធនាគារជាតិនៃកម្ពុជា NBC ។
ធនាគារ ហ្វីលីព គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital គ្រុប ដែលជាគ្រុបផ្តល់នូវសេវាកម្មហិរញ្ញវត្ថុរួមបញ្ចូលគ្នាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ជាមួយនឹងមូលនិធិរបស់ម្ចាស់ភាគហ៊ុនប្រមាណ 4 ពាន់លានដុល្លារ។ PhillipCapital បច្ចុប្បន្នកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន 16 និងគ្រប់គ្រងទ្រព្យសម្បត្តិ 65 ពាន់លានដុល្លារ។ វត្តមានរបស់ PhillipCapital គ្រុប នៅក្នុងប្រទេសកម្ពុជាបានប្រតិបត្តិការជាងមួយទស្សវត្សរ៍ តាមរយៈយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ដូចជា៖ PhillipCapital បានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតជាលើកដំបូងក្នុងឆ្នាំ 2012 ហើយនៅក្នុងឆ្នាំ 2014 បានទិញ Hwang DBS Commercial Bank ដែលក្រោយមកត្រូវបានប្តូរឈ្មោះជា ធនាគារ ហ្វីលីព។
សព្វថ្ងៃនេះ PhillipCapital បានដាក់ឲ្យដំណើរការប្រព័ន្ធអេកូសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយមួយនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ធនាគារ ហ្វីលីព, Phillip Life Assurance, Phillip General Insurance និង Phillip Trustee Cambodia ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននៅលើទីផ្សារប្រទេសកម្ពុជា។
ជាមួយនឹងសាខាចំនួន 71 នៅទូទាំងប្រទេស និងមានបុគ្គលិកជាង 1,600 នាក់ ធនាគារ ហ្វីលីព នៅតែបន្តបម្រើសេវាកម្មហិរញ្ញវត្ថុទៅកាន់ បុគ្គល គ្រួសារ និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា ខណៈពេលដែលរក្សាបាននូវស្តង់ដារ និងអភិបាលកិច្ចដែលរំពឹងទុកពីស្ថាប័នហិរញ្ញវត្ថុដែលមានការផ្សារភ្ជាប់ទៅនឹងប្រទេសសិង្ហបុរី។
ធនាគារ ហ្វីលីព នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះតម្លាភាព សុចរិតភាពនៃបទប្បញ្ញត្តិ និងការការពារផលប្រយោជន៍របស់អតិថិជនរបស់យើង។ សូមអតិថិជនទាំងអស់ជឿជាក់លើតែព័ត៌មានដែលបានផ្សាយចេញពីបណ្តាញទំនាក់ទំនងផ្លូវការរបស់ធនាគារតែមួយគត់។
រាល់ចម្ងល់ ឬតម្រូវការផ្សេងៗ អតិថិជនអាចទាក់ទងមកលេខទូរសព្ទសេវាកម្មបម្រើអតិថិជន 24/7 របស់យើង តាមរយៈលេខទូរសព្ទ (855) 86 930 000 / 89 989 818 / 88 465 9999 ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង www.phillipbank.com.kh និង ទំព័រហ្វេសប៊ុកផ្លូវការ របស់ធនាគារ ហ្វីលីព PhillipBank Cambodia សម្រាប់ព័ត៌មានថ្មីៗ។




