រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Peugeot ក្នុងប្រទេសកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវ showroom ដ៏ទំនើបចុងក្រោយបំផុតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើប អូឡាំព្យា ស្ថិតនៅតាមបណ្ដោយផ្លូវ (ផ្សារ Olympia ជាន់ផ្ទាល់ដី ផ្លូវ Financial តូបលេខ F1-11-1 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ)។ ព្រឹត្តិការណ៍នេះ ក៏មានការរៀបចំសន្និសីទសារព័ត៌មានកម្រិតខ្ពស់ ដើម្បីប្រកាសអំពីយុទ្ធសាស្ត្រតម្លៃថ្មី និងការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Peugeot 2008 ស៊េរីឆ្នាំ ២០២៦ ដែលជាម៉ូឌែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

ក្នុងឱកាសបើកកម្មវិធី លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍សង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការនាំយកនូវបទពិសោធន៍រថយន្តកម្រិតពិភពលោកមកកាន់បេះដូងនៃរាជធានីភ្នំពេញ។
លោក ងន សាំង បានលើកឡើងថា៖ «ការបើក showroom ថ្មីនៅផ្សារទំនើប អូឡាំព្យា គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់យើងចំពោះទីផ្សារកម្ពុជា។ តាមរយៈទីតាំងដ៏មានសក្តានុពលនៅកណ្តាលក្រុងនេះ យើងកំពុងធ្វើឱ្យរថយន្តលំដាប់អឺរ៉ុប និងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ កាន់តែខិតជិតទៅដល់អតិថិជនរបស់យើងជាងពេលណាៗទាំងអស់»។

លោកអគ្គនាយក ក៏បានបញ្ជាក់បន្ថែមអំពីផែនការពង្រីកខ្លួនរបស់ Peugeot ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Stellantis។ បច្ចុប្បន្ន Peugeot មានវត្តមាននៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបន្តបើកសាខាថ្មីនៅ ខេត្តបាត់ដំបង ព្រមទាំងបណ្តាខេត្តសំខាន់ៗជាច្រើនទៀត ដើម្បីធានាបាននូវសេវាកម្មថែទាំ និងការលក់ជូនអតិថិជននៅទូទាំងប្រទេស។

កញ្ញា ផន សូលីដា ប្រធានផ្នែកប្រតិបត្តិ (Operation Manager) បានឡើងធ្វើបទបង្ហាញយ៉ាងលម្អិតអំពីយុទ្ធសាស្ត្រតម្លៃថ្មីសម្រាប់រថយន្ត Peugeot ម៉ូឌែលឆ្នាំ ២០២៦ រួមមាន៖
· Peugeot 408 GT (ប្រភេទ Full Option ខ្ពស់បំផុត): តម្លៃ $54,000
· Peugeot 408 Premium: តម្លៃ $47,000
· Peugeot 408 Allure: តម្លៃ $45,000
· Peugeot 2008 ស៊េរីថ្មីឆ្នាំ ២០២៦ (ដែលសម្ពោធដាក់បង្ហាញថ្ងៃនេះ): តម្លៃត្រឹមតែ $33,000 ប៉ុណ្ណោះ។

អគារតាំងរថយន្តថ្មី នៅផ្សារទំនើប អូឡាំព្យានេះ ត្រូវបានរចនាឡើងយ៉ាងប្រណីត ស្របតាមស្តង់ដារ "Blue Box" របស់ប្រទេសបារាំង ដែលផ្តល់នូវបរិយាកាសដ៏ល្អឯកសម្រាប់អតិថិជនក្នុងការទស្សនា ស្វែងយល់ពីបច្ចេកវិទ្យា ទទួលបានការប្រឹក្សាយ៉ាងយកចិត្តទុកដាក់បំផុត និងជាពិសេសអាបបើកបរសាកល្បងរថយន្ត Peugeot 2008 និងគ្រប់ម៉ូឌែលទាំអស់៕








