មិនមែនឡើងថ្លៃតែខ្មែរយើងនោះទេ តម្លៃប្រេងសាំងនៅក្នុងប្រទេស វៀតណាម វិញក៏បានកើនឡើងជាង ២០% ផងដែរ គិតត្រឹមថ្ងៃទី ២០ ខែមីនា នេះបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសដំឡើងថ្លៃកាលពីពាក់កណ្ដាលយប់។
នៅយប់រំលងអធ្រាត្រថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាលវៀតណាមបានប្រកាសពីការដំឡើងថ្លៃ សាំងប្រភេទធម្មតាចំនួន ២០% គឺ ៣០,៦៩០ដុង (១.២០ដុល្លារ) ក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូតបានឡើងជិត ៣៤% គឺ ៣៣,៤២០ដុង។ ការប្រកាសដំឡើងថ្លៃប្រេងសាំងខ្ពស់ភ្លាមៗបែបនេះ គឺដោយការភ័យខ្លាចនៃកង្វះខាតការផ្គត់ផ្គង់ប្រេង និងឧស្ម័នដែលបណ្តាលមកពីជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ ដោយសារតែការរំខានដល់ទីផ្សារទាំងនេះ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសមានភាពប្រែប្រួលខ្លាំង។
ទន្ទឹមពេលជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានបង្ហោះតាមបណ្ដាញអ៊ីនធឺណិតថា ការដំឡើងថ្លៃភ្លាមៗនេះគឺជាលទ្ធផលនៃជម្លោះនៅមជ្ឈឹមបូព៌ា។ រដ្ឋាភិបាលវៀតណាម បាននិយាយថា នាយករដ្ឋមន្ត្រីរបស់ខ្លួនបានជួបពិភក្សាតាមទូរស័ព្ទដោយស្នើសុំការគាំទ្រប្រេងឥតន្ធនៈពីប្រទេសជាច្រើនដូចជា កាតា គុយវ៉ែត អាល់ហ្សេរី និងជប៉ុន។ តែទោះជាបែបនេះក្តី ក្រុមមន្រ្តីវៀតណាម បានអះអាងថា ប្រទេសនេះ អាចធានាការប្រើប្រាស់ប្រេងនិងឧស្ម័នគ្រប់គ្រាន់នៅក្នុងស្រុក រហូតដល់ចុងខែ មេសា៕


