កុំប្រញាប់ទៅបង់រំលស់ផ្ទះប្រសិនបើលោកអ្នកកំពុងស្ថិតនៅក្នុងចំណុចទាំងនេះ
Bunthoeun KoemJANUARY 4 2023772 views

សម្រាប់មនុស្សមួយចំនួនយល់ថា ការបង់រំលស់ផ្ទះវាគឺជារឿងល្អ ព្រោះថាវាធ្វើឱ្យលោកអ្នកមានផ្ទះមួយជារបស់ខ្លួនឯង ដោយមានឈ្មោះ ខ្លួនឯងនៅលើប្លង់រឹង មួយវិញទៀតធ្វើឱ្យជីវិតលោកអ្នកកាន់តែមាន លំនឹងនៅពេលដែលមានផ្ទះផ្ទាល់ខ្លួន។ ប៉ុន្តែទាក់ទងនឹងការបង់រំលស់ផ្ទះ តើលោក​អ្នក​​បាន​ដឹង​ហើយ​ឬ​នៅ​ ថាតើមុន​ពេល​ទិញ​ផ្ទះ​បង់​រំលស់ លោកអ្នក​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? សម្រាប់​​ម្ចាស់​អចលនទ្រព្យ គេ​ត្រូវ​ពិនិត្យ​មើល​​លើ​លទ្ធភាព​​រក​ចំណូល​របស់លោក​អ្នក​ ការ​ចំណាយ និង​លទ្ធភាព​​បង់​រំលស់​ជាដើម។ ក៏​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ពីព្រោះ​ថា លោកអ្នក​ត្រូវ​ត្រៀម​ខ្លួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​​មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ។

យោងតាមការដកស្រង់ចេញគេហទំព័រ INSIDER បានបង្ហាញពីចំណុចមួយចំនួ​នដែលមនុស្សភាគច្រើន​បាន​មើល​រំលង ហើយ​មិន​បាន​​ត្រៀម​ខ្លួន​មុននិង​​​សម្រេចចិត្ត​ទិញ​ផ្ទះ​។ ប្រសិន​បើ​​មាន​ចំណុច​ណា​មួយ​នោះ លោកអ្នក​មិន​គួរ​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ។ ​

១.គិត​ចង់​ទិញ​ផ្ទះ​ដើម្បី​វិនិយោគ​យក​​ប្រាក់​ចំណេញ​

បើ​មាន​អ្នកណា​ម្នាក់​សួរ​​អ្នក​ថា ​ហេតុ​អ្វី​​អ្នក​ទិញ​ផ្ទះ​ ហើយ​អ្នក​ឆ្លើយ​ថា មិន​ចង់​នៅ​ផ្ទះ​ជួល ឬ​ក៏​គិត​ថា ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ នោះ​ទំនង​ ការ​គិត​របស់​អ្នក​ពិត​ជា​ត្រឹមត្រូវនោះទេ។ អ្នក​អាច​វិភាគ​ដោយ​ខ្លួនឯង​បាន​ថា តើ​មួយ​ឆ្នាំ​ផ្ទះ​​ឡើង​ថ្លៃ​ប៉ុន្មាន​%? ​ ក្នុង​ករណី​អ្នក​គ្មាន​ប្រាក់​សោះ ហើយ​បង់​រំលស់ តើ​អត្រា​ការប្រាក់​ឡើង​ដល់​ប៉ុន្មាន​ទម្រាំ​អ្នក​បង់​គ្រប់? នេះ​មិនទាន់​បូក​អត្រា​​អតិផរណា​ប្រចាំ​ផង។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​មាន​លុយ​បង់​គ្រប់ ឬ​មាន​លុយ​ត្រៀម​ខ្លះ​សម្រាប់​ទិញ​ផ្ទះ​ពី ៥០%​ ឡើង​ទៅ​នេះ​អាច​​ចាត់​ទុក​ថា អ្នក​ទទួល​បាន​​លទ្ធផល​វិជ្ជមាន​​ខ្លះ​ចំពោះ​ការ​វិនិយោគ​មួយ​នេះ។

២.មិន​មាន​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន

ត្រូវដឹង​ថា ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន មិន​ត្រូវ​បាន​ចាត់ទុក​ចូល​ក្នុង​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រចាំ​ខែ​នោះ​ទេ។ វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​បន្ទាន់​ដូច​ជា​ថ្លៃ​ព្យាបាល​ជំងឺ គ្រោះថ្នាក់ បាត់បង់​ការងារ រក​ស៊ី​ខាត ឬ​​ហានិភ័យ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ បើ​មិន​ដូច្នេះ​ទេ អ្នក​មិន​គួរ​ប៉ះពាល់​វា​ជាដាច់ខាត។ ដូច្នេះ​ហើយ​សាក​ស្រមៃ​បន្តិច​ថា អ្នក​បាន​ចំណាយ​លុយ​មួយ​ផ្នែក​ធំ​ដើម្បី​ទិញ​ ឬ​បង់​រំលស់ផ្ទះ តើ​អ្នក​​បាន​លុយ​មក​ពីណា​ ប្រសិន​បើ​បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​​? ដូច្នេះ​មុន​នឹង​សម្រេច​ទិញ​ផ្ទះ អ្នក​ត្រូវ​មាន​គម្រោង​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន​ជួយ​ទប់ទល់​ជាមុន​សិន។

៣.មិនបានសន្សំប្រាក់

វាជាបញ្ហាធំប្រសិនបើលោកអ្នកមិនមានទាន់បានស្សំប្រាក់ទាតែសោះ ហើយបែជាហ៊ានទៅបង់រំសល់។ ប្រាក់សន្សំសម្រាប់ទុកមានគ្រាអាស្នន គឺខុសគ្នាជាមួយប្រាក់សន្សំដោយប្រាក់សន្សំសំដៅទៅលើប្រាក់ដែលលោកអ្នកត្រូវចំណាញប្រចាំខែ។ ម្យ៉ាងវិញទៀតប្រាក់​សន្សំ​នេះ​​គឺមាន​គោលដៅ​ខុស​ពី​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន ពោល​អ្នក​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចំណាយ​​ទិញ​របស់​របរ​ផ្សេងៗ​ដោយ​មិន​ជំពាក់​បំណុល ឬ​កាត់​បន្ថយ​បំណុល​​នៅ​ក្នុង​អត្រា​មួយ​ទាប​ដូច​ជា ទិញ​រថយន្ត ទិញ​ផ្ទះ វិនិយោគ ឬ​សម្រាប់​ចាយវាយ​នៅ​ពេល​ចាស់​ទៅ​ជាដើម។ ដូច្នេះហើយ មុន​សម្រេច​ចិត្ត​ទិញ​ផ្ទះ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​សល់​ប្រាក់​ច្រើន​ជាមុន​សិន ឬ​មាន​ប្រាក់​សន្សំ​ខ្លះ​ជា​មុន​សិន​ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ជួប​ហានិភ័យ​ធ្លាក់​ក្នុង​បំណុល​ជាមិនខាន។

៤. .អ្នក​មាន​គម្រោង​ចំណាយ​​ធំៗ​នៅប៉ុន្មានឆ្នាំខាងមុខ

ចំណុច​សំខាន់​មួយ​ទៀត​មុន​ពេល​ទិញ​ផ្ទះ អ្នក​ត្រូវ​គិត​ទៅ​ដល់​កំឡុង​ពេល ៤ទៅ ៥​ឆ្នាំ​ខាងមុខ​ថា តើ​អ្នក​​មាន​គម្រោង​ត្រូវការ​លុយ​ច្រើន​ដើម្បី​ចំណាយ​លើ​អ្វី​មួយ​ឬ​អត់? ឧទាហរណ៍​ថា អ្នក​មាន​លទ្ធភាព​បង់​រំលោះ​ផ្ទះ​មួយ​ខែ ១ ០០០ ដុល្លារ។ ប៉ុន្តែ​នៅ​​ឆ្នាំ​ក្រោយ​ស្រាប់​តែ​អ្នក​ត្រូវការ​ប្រាក់​ដើម្បី​រៀបការ  ឬ​​ត្រូវការ​ទុន​រកស៊ី​ជាដើម អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​​អាច​រក​ចំណូល​បន្ថែម​បាន​អត់? បើ​មិន​អាច​ទេ​​នោះ​ការ​ចំណាយ​ប្រចាំខែ​លើ​ការ​បង់​រំលស់​ផ្ទះ​នឹង​មាន​ផល​ប៉ះពាល់។

៥.មិនមាន​គម្រោងសម្រាប់​គោលដៅ​ផ្សេង​ទៀត

ប្រាក់​មួយ​កាក់​ពីរ​កាក់​របស់​អ្នក ត្រូវតែ​យក​ទៅ​ដោះបំណុល​របស់​អ្នក​​ឲ្យ​អស់​មុន​ពេល​សម្រេចចិត្ត​ទៅ​ទិញ​ផ្ទះ។ អ្នក​​គួរ​ស្វែងយល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​បំណុល? តើ​អ្នក​មាន​គម្រោង​ដោះបំណុល​ដោយ​របៀបណា? នេះ​អាច​បណ្តាល​មក​ពី​អ្នក​ចាយ​លើស​ចំណូល​ដូច​ជា ទិញ​របស់របរ​ដែល​មិន​ចាំបាច់ ដើរកម្សាន្ត កម្មវិធី​ឥត​ព្រាងទុក ជាដើម ដែល​នេះ​ការ​ចំណាយ​លើ​ការ​ទិញ​ផ្ទះ​អាច​នឹង​​ជួប​ផល​វិបាក។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវ​មាន​​បញ្ជី​គោលដៅ​ចំណាយ​ប្រចាំខែ​​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន និង​ចំណាយ​ត្រូវ​បាន​កំណត់​ថា​ អ្នក​ត្រូវ​ចំណាយ​អ្វី​ខ្លះ​​ក្នុង​មួយ​ខែៗ? បន្ទាប់​មក​ចំណាយ​វា​តាម​ភាព​ចាំបាច់ និង​អាទិភាព​ជាងគេ៕

Photo 2022 11 23 15 52 18

អត្ថបទដោយ៖ ឌឿក ស្រី នុត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia