ប៉េង ហួត គ្រុប បន្តបេសកកម្មមនុស្សធម៌ទៅកាន់កុមារនៅអង្គការអាហ្វេស៊ីប (AFESIP) និង អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO)
Bunthoeun KoemMAY 13 2026

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ - ដោយស្របតាមសសរស្តម្ភនៃកិច្ចការទំនួលខុសត្រូវសង្គមទាំង ៣ គឺ «ការអប់រំ បរិស្ថាន និងសង្គម» ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមជាមួយដៃគូសហការ និងកម្លាំងសាមគ្គីភាពពីសំណាក់សប្បុរសជនដែលជាអតិថិជនរស់នៅក្នុងបុរី បានបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយចុះចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់កុមារងាយរងគ្រោះ ក្នុងគោលបំណងលើកទឹកចិត្ត លើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់នៃការអាន និងផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់អនាគត។

 

Photo 2026 05 13 16 54 28

         

ក្នុងឱកាសនៃដំណើរទស្សនកិច្ចដំបូងទៅកាន់អង្គការ AFESIP Cambodia ដែលជាអង្គការសកម្មក្នុងការជួយសង្គ្រោះកុមារីរងគ្រោះដោយការជួញដូរផ្លូវភេទ ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាំងពីឆ្នាំ១៩៩៦ ក្រោមការដឹកនាំរបស់អ្នកស្រី សុម៉ាលី ម៉ម។ បច្ចុប្បន្ន អង្គការកំពុងផ្ដល់ការស្នាក់នៅ និងថែទាំដល់កុមារីរងគ្រោះប្រមាណ ១០០ នាក់។ ក្រុមការងារ ប៉េង ហួត គ្រុប បាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន។ អ្វីដែលកាន់តែពិសេសនោះ គឺការនាំយកនូវក្តីស្រឡាញ់ តាមរយៈការផ្តល់តុក្កតាដល់ប្អូនៗគ្រប់រូប ការរៀបចំសកម្មភាពកម្សាន្ត និងការសំណេះសំណាល ដើម្បីបង្កើតនូវបរិយាកាសរីករាយ និងផ្តល់នូវកម្លាំងចិត្តយ៉ាងជ្រាលជ្រៅ ដើម្បីឱ្យប្អូនៗមានភាពជឿជាក់លើខ្លួនឯង និងមើលឃើញពិភពលោកក្នុងភាពស្រស់បំព្រង។

 

Photo 2026 05 13 16 54 38

Photo 2026 05 13 16 53 22

 

ប៉េង ហួត គ្រុប បានបន្តបេសកកម្មឆ្ពោះទៅកាន់មជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ នៃអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) ដែលផ្តល់ការអប់រំដល់កុមារតូច ពិសេសបណ្តុះបណ្តាលលើភាសាបរទេស ការថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងការលើកកម្ពស់សិទ្ធិកុមារ។ ក្នុងឱកាសនោះ យើងបាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារសិក្សារួមមាន៖ សៀវភៅពុម្ព សៀវភៅភាសាអង់គ្លេស និងសម្ភារនួយស្មារតីផ្សេងៗ ជូនដល់សិស្សានុសិស្សក្រីក្រប្រមាណ ២០០ នាក់ ដែលកំពុងទទួលការអប់រំភាសាអង់គ្លេសឥតគិតថ្លៃនៅទីនោះ។ គួររំឭកផងដែរថា កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ប៉េង ហួត គ្រុប ក៏បានឧបត្ថម្ភនូវអគារសិក្សាចំនួន ០១ ខ្នង ជូនដល់អង្គការ CCAFO និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសឱ្យកុមារក្នុងតំបន់ដាច់ស្រយាល ទទួលបានការអប់រំប្រកបដោយបរិយាកាសសមរម្យ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម។

 

Photo 2026 05 13 16 55 13

 

អំពី ប៉េង ហួត គ្រុប (Peng Huoth Group) ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជា ប៉េង ហួត គ្រុប ជានិច្ចកាលតែងតែផ្សារភ្ជាប់អាជីវកម្មទៅនឹងការទទួលខុសត្រូវសង្គម (CSR) ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ៕ 

 

Photo 2026 05 13 16 55 48

Photo 2026 05 13 16 55 32

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia