ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានចូលរួមគាំទ្រយ៉ាងសកម្មក្នុង «យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» សម្រាប់ដៃគូបើកបរកង់បីរបស់ខ្លួន ក្រោមការរៀបចំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការបើកបរស្របតាមច្បាប់នៅកម្ពុជា។

ក្នុងកិច្ចសហការនេះ ផាសអ៊ែប បានផ្តល់ឱកាសដល់ដៃគូបើកបរកង់បី ចំនួន ៣០០នាក់ ចូលរួមទទួលការបណ្តុះបណ្តាលពីគ្រូបង្គោលជំនាញរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។ កម្មវិធីបណ្តុះបណ្តាលនេះ ផ្តោតលើចំណេះដឹងអំពី ច្បាប់ចរាចរណ៍ សុវត្ថិភាពក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់ប្រកបដោយទំនួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែល្អប្រសើរជូនអតិថិជន និងសាធារណជន។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល អ្នកចូលរួមទាំងអស់នឹងមានឱកាសប្រឡងទ្រឹស្តី និងប្រឡងបើកបរជាក់ស្តែង ដើម្បីទទួលបានបណ្ណបើកបរត្រឹមត្រូវស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចឱ្យបានជោគជ័យនូវទិសដៅរបស់រាជរដ្ឋាភិបាល»។ តួយ៉ាង កិច្ចសហការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ ព្រមទាំងជាប្រយោជន៍ក្នុងការផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតី និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អ្នកបើកបរកង់បី គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធដឹកសាធារណជននៅកម្ពុជា ហើយការមានបណ្ណបើកបរស្របច្បាប់ មិនត្រឹមតែជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីវិជ្ជាជីវៈ ទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដំណើរ និងសាធារណជនទាំងមូល។

លោក តុប និមល ស្ថាបនិក និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ផាសអ៊ែប បានមានប្រសាសន៍ថា
«នៅ ផាសអ៊ែប យើងជឿជាក់ថា សុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះនៃសេវាកម្មដឹកអ្នកដំណើរប្រកបដោយគុណភាព។ ជាមួយគ្នានេះ ការបណ្តុះបណ្តាល និងការទទួលបានបណ្ណបើកបរស្របច្បាប់ នឹងជួយឱ្យដៃគូបើកបររបស់យើងកាន់តែមានជំនាញ វិជ្ជាជីវៈ និងទំនុកចិត្តក្នុងការផ្តល់សេវាកម្មជូនអតិថិជន។ យើងសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ឱកាសដ៏មានតម្លៃនេះដល់ដៃគូបើកបររបស់យើង»។
កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផាសអ៊ែប ក្នុងការកសាងសហគមន៍អ្នកបើកបរប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងទំនួលខុសត្រូវ ព្រមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងទំនុកចិត្តរបស់សាធារណជនចំពោះសេវាកម្មដឹកអ្នកដំណើរផងដែរ។

អំពីក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក
ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៧។ ផាសអ៊ែប(PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប(PassApp) បានគ្របដណ្តប់ក្នុងខេត្ត-ក្រុង ចំនួន ១១ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្តាល បន្ទាយមានជ័យ បាវិត និងកោះកុង។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែបរួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្តតូច ECO រថយន្ត SUV រថយន្ត Comfort និង រថយន្ត Standard XL ជាដើម៕


