សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្ពោធអគារមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចដែលជាអគារសិក្សាថ្មីរបស់ខ្លួន បន្ទាប់ពីដំណើរការបានជាង ១៥ឆ្នាំ ដែលនេះជាការពង្រីកបន្ថែមនូវវឌ្ឍនភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈបេសកកម្មលើកកម្ពស់គុណភាពនៃការអប់រំឧត្តមសិក្សា ខណៈផារ៉ាហ្គន ជាស្ថាប័នអប់រំឯកជនឈានមុខគេមួយនៅកម្ពុជា។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានសម្ពោធអគារនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច ដែលមានចម្ងាយប្រមាណ ៦០០ម៉ែត្រ ពីអគារសាកលវិទ្យាល័យទី១។ ការសម្ពោធនេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃ ក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ រួមនឹងបុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សនានា ផងដែរ។

កម្មវិធីសម្ពោធនេះ ធ្វើឡើងដើម្បីអបអរសាទរចំពោះសមទ្ធផលដែលសាកលវិទ្យាល័យសម្រេចបានក្នុងការអភិវឌ្ឍខ្លួននៅក្នុងវិស័យឧត្តមសិក្សានៅកម្ពុជា ដែលកំពុងបន្តលួតលាស់ និងបោះជំហានទៅមុខឥតឈប់ឈរ។ ក្នុងនោះផងដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យបានបង្ហាញអំពីទិសដៅ និងការប្តេជ្ញាចិត្តខ្ពស់របស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សដែលមានសក្តានុពល និងការចូលរួមចំណែកលើកស្ទួយវិស័យអប់រំឧត្តមសិក្សានៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផលិតបរធនមនុស្សដែលមានសមត្ថភាព សមស្របតាមទីផ្សារក្នុងស្រុក និងបរិបទសាកលលោក។

ក្នុងនោះ នាយកប្រតិបត្តិនៃ ផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌី លោក Khurshedsho KARIMOV បានលើកឡើងថា កម្មវិធីនេះជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីការពង្រីកខ្លួនរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលការសម្ពោធនេះជាការបើកទំព័រថ្មី ដែលសបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើនរបស់ស្ថាប័នមួយនេះ និងការប្តេជ្ញាចិត្តក្នុងការកសាងខ្លួនឱ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងវិស័យអប់រំនៅកម្ពុជា។
លោកបន្តថា៖ “នេះ មិនត្រឹមតែជាអគារនោះទេ តែវាជាតម្លៃពិតប្រាកដមួយនៅពីក្រោយ ដែលអគារសិក្សានេះគឺជាផ្ទះថ្មីរបស់យើង ដែលយើងបានវិវត្តន៍ខ្លួនមួយជំហានទៀតនៅចំពោះមុខនៃការវិវត្តនៃបច្ចេកវិទ្យា ទីផ្សារសាកល និងបញ្ហាប្រឈមថ្មីៗរបស់ពិភពលោក ក៏ដូចជាវិស័យអប់រំ។ នេះជាវឌ្ឍនភាពមួយរបស់យើងក្នុងការគាំទ្រអនាគតនៃធនធានមនុស្សនៅកម្ពុជា និងសម្រាប់ប្រជាជាតិកម្ពុជាផងដែរ”។
នាយកប្រតិបត្តិរូបនេះបន្ថែមថា អគារសិក្សាថ្មីនេះ ជាការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនដើម្បីគាំទ្រការពង្រីកខ្លួននូវសេវាកម្មផ្តល់ការបណ្តុះបណ្តាលនិស្សិតរបស់ផារ៉ាហ្គន ដែលក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកខ្លួននាថ្ងៃអនាគតបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍រយៈពេលវែងសម្រាប់សង្គមជាតិទាំងមូល ដែលជាភាពជោគជ័យពិតប្រាកដរបស់ផារ៉ាហ្គន។

ជាមួយគ្នានេះ លោក បណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ(Bulat Akhmetkarimov) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានគូសបញ្ជាក់ថា ការសម្ពោធអគារសិក្សាទី២ នេះ ជាជោគជ័យមួយនៃជំហាននៃស្ថាប័នអប់រំ ដែលនឹងបំពេញតម្រូវការដល់ការសិក្សារបស់និស្សិត បន្ទាប់ពីសាកលវិទ្យាល័យនេះ ដំណើរការមកជាង ១៥ឆ្នាំ ដើម្បីឆ្លើយតបនឹងកំណើននិស្សិតជាប្រចាំឆ្នាំ ហើយបង្ហាញពីការរីកចម្រើនរបស់សាកលវិទ្យាល័យ។

គួររំលឹកថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំឧត្តមសិក្សាឯកជនឈានមួយគេមួយនៅកម្ពុជាដែលបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរូបអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៥ នេះ សាកលវិទ្យាល័យមានមុខជំនាញសម្រាប់ជ្រើសរើសចំនួន១២ ពីមហាវិទ្យាល័យចំនួន៤ក្នុងកម្រិតបរិញ្ញាបត្រ។
ក្នុងនោះមានមហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញដូចជា ស្ថាបត្យកម្ម វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិ ព្រមទាំង ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។ មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ មាន មុខជំនាញគណិតវិទ្យា។


