សោកស្តាយ! ក្រោយរកស៊ីជាង ២០ឆ្នាំ ពេលនេះ ម៉ាកយីហោដ៏ល្បី១របស់ សិង្ហបុរីបានប្រកាសបិទទ្វាររហូតហើយ
ធី ស្រីល័ក្ខMAY 6 202612.2 K views

PaperMarket គឺជាម៉ាកយីហោក្នុងស្រុកដ៏ល្បីមួយ ដែលមានលក់ទំនិញបែបស៊ីវីល័យ (lifestyle) នៅក្និងប្រទេសសិង្ហាបុរី បានប្រកាសរៀបចំបិទទ្វារហាងរហូតហើយខណៈនេះគឺជាសាខាចុងក្រោយបង្អស់របស់ខ្លួន បន្ទាប់ពីឈរជើងក្នុងអាជីវកម្មនេះអស់រយៈពេល ២ ទសវត្សរ៍។ នេះបើតាមការដកស្រង់ចេញពី Vn Express

 

បើតាមរយៈការបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ម្ចាស់អាជីវកម្ម PaperMarket បានលើកឡើងថា៖ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបន្តដំណើរការទៅមុខ រួមទាំងការចំណាយពេលជាច្រើនខែពិភាក្សាយ៉ាងលំបាកនៅពីក្រោយប៉ុន្តែដោយសារការកើនឡើងនៃតម្លៃចំណាយផ្សេងៗ វាមិនមែនជាលទ្ធភាពដែលអាចឱ្យយើងបន្តក្នុងនាមជាម៉ាកយីហោក្នុងស្រុកខ្នាតតូចបានទៀតនោះទេ។

 

យ៉ាងណាមិញ ម្ចាស់អាជីវកម្ម PaperMarket បានបន្ថែមថា ហាងនឹងនៅតែបន្តបើកដំណើរការរហូតដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ហើយសម្រាប់ការលក់តាមប្រព័ន្ធអនឡាញ គឺនៅតែបន្តដំណើរការជាធម្មតា។

 

ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយសហគ្រិនឈ្មោះ Elaine Ong ដែលមានលក់សម្ភារសិប្បកម្មដូចជា ស្ទីគ័រ (stickers), គ្រឿងសម្ភារការិយាល័យ, ឈុតសម្ភារ DIY និងសម្ភារសម្រាប់ធ្វើសៀវភៅអនុស្សាវរីយ៍ (scrapbooking)។ ក្រៅពីនេះ យោងតាមសារព័ត៌មាន The Straits Times ហាងក៏មានលក់ទំនិញពីម៉ាកល្បីៗផ្សេងទៀតដូចជា Lynk Artisan, Muzik Tiger និង Baggu ផងដែរ។

៤២

លើសពីនេះទៅទៀត បច្ចុប្បន្ន ហាងបានចាប់ផ្តើមធ្វើកម្មវិធីបញ្ចុះតម្លៃពិសេសដើម្បីបង្ហើយទំនិញ (clearance sale) រហូតដល់ ៧០% ហើយថែមទាំងមានដាក់លក់នូវរាល់សម្ភារតុបតែងហាង និងគ្រឿងសង្ហារឹមដែលមាននៅក្នុងហាងផងដែរ។

 

ការប្រកាសបិទទ្វារនេះ បានបង្កើតឱ្យមានការបញ្ចេញមតិយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់ជាច្រើនបានសម្តែងការសោកស្តាយ និងបានរំលឹកពីអនុស្សាវរីយ៍ល្អៗដែលពួកគេធ្លាប់មានជាមួយម៉ាកយីហោមួយនេះ។ ដោយមានអតិថិជនម្នាក់បានបញ្ចេញមតិនៅលើ Instagram បានលើកឡើងថា៖ ពិតជាមានការសោកស្តាយដែលឃើញទីកន្លែងដូចជា PaperMarket ត្រូវបាត់បង់... ពួកគេបានផ្តល់ការបំផុសគំនិតដល់មនុស្សជាច្រើន ក្នុងការបង្កើតអ្វីដែលថ្មី និងការផ្ដល់កាដូដែលមានអត្ថន័យ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia