Panasonic បន្តការប្តេជ្ញាចិត្តក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជា
Daneth MechJANUARY 16 2026

រូបភាពអនុស្សាវរីយ៍រវាង និស្សិតជ័យលាភីអាហារូបករណ៍ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Panasonic

 

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន Panasonic Cambodia បានប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើមចំនួន ៩ រូប មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសកម្មភាពនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះត្រូវបានបង្កើតឡើងជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម "Panasonic Scholarship Asia" ដែលផ្ដល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាព និងឱកាសចុះកម្មសិក្សាដល់និស្សិតឆ្នើមមកពីសាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក។ ចាប់តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ២០១៩ កម្មវិធីអាហារូបករណ៍ Panasonic បានជួយគាំទ្រដល់និស្សិតកម្ពុជាជាច្រើនក្នុងការសម្រេចបាននូវគោលដៅសិក្សា និងអាជីព។ កម្មវិធីនេះផ្ដោតសំខាន់ទាំងលើសមត្ថភាពសិក្សា និងបទពិសោធន៍ការងារជាក់ស្ដែង ដោយផ្ដល់ឱកាសក្នុងការចុះកម្មសិក្សានៅក្រុមហ៊ុន Panasonic ដើម្បីបំពេញ នូវជំនាញ និងចំណេះដឹងដ៏មានតម្លៃដល់និស្សិត។ វិធីសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនេះ ធានាបានថានិស្សិតទទួលបានការត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាអ្នកដឹកនាំនាពេលអនាគតក្នុងវិស័យរៀងៗខ្លួន។ បន្ថែមពីនេះ និស្សិតដែលបញ្ចប់ការសិក្សានឹងក្លាយជាសមាជិកនៃបណ្តាញអតីតនិស្សិតដ៏រស់រវើក ដែលផ្តល់ឱកាសក្នុងការកសាងទំនាក់ទំនងជាមួយនិស្សិតអន្តរជាតិ និងទទួលបានធនធានអភិវឌ្ឍន៍អាជីព ដូចជាសិក្ខាសាលាផ្សេងៗជាដើម។

 

Photo 2026 01 16 18 04 33

លោក Hisakazu Maeda ប្រធានក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានអញ្ជើញឡើងថ្លែងមតិស្វាគមន៍ក្នុងពិធីនេះ

 

ក្នុងអំឡុងពេលពិធីនេះ លោក Hisakazu Maeda តំណាងប្រធានក្រុមហ៊ុន Panasonic Cambodia បានគូសបញ្ជាក់ពីជំនឿចិត្តរបស់ Panasonic ថា មនុស្សគឺជាគ្រឹះនៃសង្គមប្រកបដោយនិរន្តរភាព និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការគាំទ្រការអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកក៏បានសម្តែងនូវការដឹងគុណចំពោះដៃគូរាជរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំនានាសម្រាប់កិច្ចសហការបន្តបន្ទាប់។

ព្រឹត្តិការណ៍នេះក៏មានការបង្ហាញវីដេអូសារលិខិតពី លោកស្រី Doumoto Akiyo អគ្គនាយកនៃនាយកដ្ឋានសកម្មភាពសង្គម (Corporate Citizenship Department) នៃក្រុមហ៊ុន Panasonic Corporation ប្រទេសជប៉ុន ដែលបានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ចំពោះការគាំទ្រដល់កម្មវិធីអាហារូបករណ៍ Panasonic Scholarship Asia

លោកស្រីបានសម្តែងការអបអរសាទរចំពោះនិស្សិតជ័យលាភីថ្មីទាំង ៩ រូប និងបានគូសបញ្ជាក់ថា អាហារូបករណ៍នេះគឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមសកម្មភាពសង្គមរបស់ Panasonic ក្រោមសសរស្តម្ភនៃការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៨ ក្នុងគោលបំណងគាំទ្រដល់យុវជនដែលនឹងរួមចំណែកដល់អនាគតរបស់អាស៊ី។ លោកស្រីបានលើកទឹកចិត្តដល់និស្សិតជ័យលាភីឱ្យប្រើប្រាស់ឱកាសនេះឱ្យមានប្រសិទ្ធភាពបំផុត និងចូលរួមក្នុងបណ្តាញអតីតនិស្សិតអាហារូបករណ៍ Panasonic ដែលមានទំនាក់ទំនងជាមួយនិស្សិតជាង ១,៥០០ នាក់ មកពី ១២ ប្រទេស និងតំបន់ផ្សេងៗគ្នា។

 

Photo 2026 01 16 18 04 34

លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីនេះ

សុន្ទរកថាគន្លឹះត្រូវបានថ្លែងដោយ លោកស្រី សេង ហ្សានីន ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដោយលោកស្រីបានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុន Panasonic Cambodia សម្រាប់ការបន្តគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍយុវជនតាមរយៈកម្មវិធីនេះ។ លោកស្រីបានកត់សម្គាល់ថា អាហារូបករណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់ Panasonic ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើសពីការផ្ដល់ជំនួយហិរញ្ញវត្ថុ និងបានអបអរសាទរចំពោះនិស្សិតដែលទទួលបានជ័យលាភី។ លោកស្រីបានលើកទឹកចិត្តដល់និស្សិតឱ្យបន្តខិតខំប្រឹងប្រែងដើម្បីឧត្តមភាព និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍកម្ពុជានាពេលអនាគត ព្រមទាំងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ក្រសួងចំពោះភាពជាដៃគូដែលពង្រឹងការអប់រំឧត្តមសិក្សានៅកម្ពុជា។

Photo 2026 01 16 18 04 36

រូបភាពអនុស្សាវរីយ៍រវាង និស្សិតជ័យលាភីអាហារូបករណ៍ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Panasonic និងភ្ញៀវកិត្តិយស

កម្មវិធីអាហារូបករណ៍ Panasonic ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាង Panasonic Cambodia និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្តល់អំណាចដល់យុវជនជំនាន់ក្រោយ។ Panasonic Cambodia បញ្ជាក់ជាថ្មីនូវឆន្ទៈក្នុងការបន្តគាំទ្រគំនិតផ្តួចផ្តើមវិស័យអប់រំ ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

អំពីក្រុមហ៊ុន Panasonic Cambodia បង្កើតឡើងក្នុងឆ្នាំ ២០១០ Panasonic Cambodia គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic Singapore ដែលទទួលខុសត្រូវលើផ្នែកទីផ្សារ សេវាកម្មក្រោយការលក់ និងប្រតិបត្តិការជួសជុលនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីសកម្មភាពអាជីវកម្ម Panasonic Cambodia រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គមតាមរយៈការអប់រំ និរន្តរភាព និងគំនិតផ្តួចផ្តើមសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.panasonic.com/kh

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia