(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មន្ទីរព្យាបាលធ្មេញបស្ចិម មានកិតិ្តយសរៀបចំពិធីអបអរ សាទរខួបទី២៧ឆ្នាំ និងការចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍សំខាន់នេះ ធ្វើឡើងក្នុងវត្តមានរបស់ក្រុមប្រឹក្សាភិបាល ភ្ញៀវកិត្តិយសនិងបុគ្គលិកទាំងអស់ក្នុងបរិយាកាសសប្បាយរីករាយ និងមោទនភាពបំផុត។
លោកទន្តបណ្ឌិត ចាប ឫទ្ធី តំណាងក្រុមប្រឹក្សាភិបាល នៃមន្ទីរព្យាបាលធ្មេញបស្ចិម បានសម្តែងនូវអំណរអរគុណចំពោះអតិថិជនទាំងអស់ និងក្រុមការងារ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានឈាន ដល់ឆ្នាំទី២៧ នៃការបម្រើសេវាថែទាំសុខភាពមាត់ធ្មេញជូនប្រជាជនកម្ពុជា សេចក្ដីទុកចិត្តពីអតិថិជន និង ការខិតខំប្រឹងប្រែងរបស់ក្រុមការងារគឺជាកម្លាំងជំរុញដ៏សំខាន់បំផុត»។

ឯកឧត្តម បានរំលឹកថា មន្ទីរព្យាបាលធ្មេញបស្ចិម បានចាប់ផ្ដើមកកើតនៅឆ្នាំ១៩៩៩ ដោយចាប់ផ្ដើម ជាមួយកៅអីធ្មេញតែមួយប៉ុណ្ណោះ ហើយមានមនុស្សម្នាក់ដែលយើងមិនអាចបំភ្លេចបានគឺ Dr.Wataru Shizama គឺជាមិត្តភក្តិជប៉ុនដ៏ល្អ ដែលបានជួយជ្រោមជ្រែង ក្នុងការចាប់ផ្ដើមគ្រាដំបូងរបស់យើង។
អស់រយៈពេល២៧ឆ្នាំកន្លងមកនេះ យើងខ្ញុំបានបន្តអភិវឌ្ឍន៍ ដោយមានគោលបំណងច្បាស់លាស់ក្នុងការផ្តល់សេវាព្យាបាលដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងស្តង់ដារអន្តរជាតិ។ យើងមានមោទនភាពដែលបានបម្រើអ្នកជំងឺរាប់ម៉ឹននាក់ ដោយការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់។

ជាផ្នែកមួយនៃការបន្តអភិវឌ្ឍន៍ គ្លីនិកបាននាំចូលបច្ចេកវិទ្យាទំនើបៗ ដូចជា៖ ម៉ាស៊ីនថត 3D (CBCT) និងម៉ាស៊ីនស្កេនធ្មេញឌីជីថល (Intraoral Scanner) ដែលអាចជួយបង្កើនភាពត្រឹមត្រូវ និងច្បាស់លាស់ក្នុងការធ្វើរោគវិនិច្ឆ័យ កាត់បន្ថយពេលព្យាបាល និងធ្វើឲ្យអ្នកជំងឺមានបទពិសោធន៍កាន់តែមានផាសុខភាព។ ជាមួយគ្នានេះផងដែរ យើងបានជ្រើសរើសប្រើប្រាស់សម្ភាៈដែលមានគុណភាពខ្ពស់កំរិតស្តង់ដារ។ ក្រុមទន្តបណ្ឌិត និងបុគ្គលិករបស់យើង តែងតែបន្តការអភិវឌ្ឍន៍ ដើម្បីឲស្របតាមសមយ័កាលបច្ចេកវិទ្យា និងឌីជិថលដែលកំពុងអភិវឌ្ឍន៍ និងស្របតាមកំរិតស្តង់ដារអន្តរជាតិ។ យើងប្តេជ្ញាក្នុងបេសកកម្ម ផ្តល់នូវគុណភាពការព្យាបាល រួមជាមួយការយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញ និងទំនុកចិត្តរបស់អ្នកជំងឺគ្រប់រូប។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនគ្រប់រូប ដែលបានជឿទុកចិត្ត និងគាំទ្រយើងខ្ញុំជានិច្ច ក៏ដូចជាក្រុមការងាររបស់យើង ដែលបានខិតខំប្រឹងប្រែង និងដៃគូសហការទាំងអស់ ដែលបានរួមចំណែកក្នុងការរីកចម្រើនរបស់គ្លីនិកមកដល់សព្វថ្ងៃនេះ។

លោកទន្តបណ្ឌិត ចាប ឫទ្ធី បានបន្តទៀតថា៖ «ខួបលើកទី២៧នេះ មិនមែនជាការអបអរសាទរតែភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការទទួលខុសត្រូវដែលយើងមានចំពោះអ្នកជំងឺ។ យើងនឹងបន្តអភិវឌ្ឍន៍សមត្ថភាព លើជំនាញឯកទេស ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការព្យាបាល ព្រមជាមួយនិងការពង្រឹងឲកាន់តែប្រសើរបំផុត លើគុណភាពសេវាកម្ម និងបទពិសោធន៍ល្អសម្រាប់អតិថិជន»។
ជាចុងបញ្ចប់ លោកទន្តបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកក្នុងអភិវឌ្ឍន៍មន្ទីរព្យាបាលធ្មេញបស្ចិម។ តំណាងឲក្រុមប្រឹក្សាភិបាល នៃមន្ទីរព្យាបាលធ្មេញបស្ចិម លោកទន្តបណ្ឌិត ចាប ឫទ្ធី សូមគោរពជូនពរ និងសូមបួងសួងដល់ទេវត្តាឆ្នាំថ្មី ព្រះនាងរាក្យសាទេវី សូមប្រសិទ្ធិពរជ័យ បវរសួស្ដី ជូនចំពោះ អតិថិជនរបស់មន្ទីរព្យាបាលធ្មេញបស្ចិម ក្រុមការងារទាំងអស់ និង ជនរួមជាតិកម្ពុជា សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ សំណាងល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕




