ភ្នំពេញ, ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ — ក្រុមហ៊ុន អ័រគីន កម្ពុជា បានបន្តបង្ហាញពីស្មារតីចូលរួមក្នុងការអភិវឌ្ឍសង្គម តាមរយៈការផ្តល់សេវាកម្មប្រកបដោយគុណភាព ព្រមទាំងចូលរួមចំណែកធ្វើកិច្ចការសង្គមជាច្រើនកន្លងមក។ ក្រុមហ៊ុនបានធ្វើកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទ “អ័រគីន និងស្នាមញញឹមកុមារជនបទ” ជាលើកទី២ ខណៈលើកទី១ បានធ្វើឡើងនៅក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ រួចមកហើយ ក្នុងគោលបំណងតែមួយគឺ ដើម្បីចែករំលែកក្តីស្រឡាញ់ និងចំណេះដឹងអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងសត្វមូសទៅកាន់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។

លោក យៀប សុគន្ធថៃ អគ្គនាយក ក្រុមហ៊ុន អ័រគីន កម្ពុជា បានលើកឡើងថា៖
“ការវិនិយោគលើការអប់រំ និងសុខុមាលភាពរបស់កុមារ គឺជាការវិនិយោគដ៏មានតម្លៃ ដែលផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់អនាគតប្រទេសជាតិ។ យើងប្តេជ្ញាចិត្តលើកកម្ពស់គុណភាពជីវភាពសហគមន៍ ជាពិសេសនៅតំបន់ដែលកំពុងខ្វះខាតធនធាន និងឱកាសអភិវឌ្ឍ។ កម្មវិធីនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងចំពោះសង្គម ដើម្បីបង្កើតផលវិជ្ជមាន និងបើកផ្លូវអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ។”

ដោយយល់ឃើញពីសារៈសំខាន់នៃការផ្តល់ឱកាសឲ្យកុមារទទួលបានការអប់រំ និងសុខុមាលភាពល្អ ក្រុមហ៊ុនបានរៀបចំកម្មវិធីសប្បុរសធម៌ និងផ្តល់ជំនួយទៅកាន់សាលាបឋមសិក្សា ភ្នំបាត ស្ថិតនៅភូមិ ៨ មុំ ស្រុកភ្នំបាត ខេត្តកំពង់ស្ពឺ ដែលមានសិស្សចំនួន ១១០ នាក់ និងគ្រូបង្រៀនចំនួន ៥ នាក់។ ជំនួយទាំងនោះរួមមាន៖
- សម្ភារៈសិក្សាសំខាន់ៗ (ក្ដារខៀនកញ្ចក់ បង់អង្គុយ ទោងអង្គុយ ទោងវិល)
- ដើមរុក្ខជាតិបណ្ដេញមូស សម្រាប់ដាំជុំវិញថ្នាក់រៀន និងបរិវេណសាលារៀន
- ការបាញ់ផ្សែងកម្ចាត់មូស
- ការណែនាំអំពីវិធីការពារខ្លួនពីជម្ងឺគ្រុនឈាមដែលបង្កពីសត្វមូស
ក្រៅពីការបរិច្ចាគសម្ភារៈ ក្រុមការងារអ័រគីន កម្ពុជា ក៏បានរៀបចំសកម្មភាពរួមគ្នាដ៏កក់ក្ដៅជាមួយនឹងក្មេងៗទាំងអស់ ដែលរួមមានទាំងការដាំដើមរុក្ខជាតិជាមួយគ្នា និងពិសាអាហារថ្ងៃត្រង់ដ៏សប្បាយរីករាយ។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើតពេលវេលាល្អៗប៉ុណ្ណោះទេ ថែមទាំងជួយលើកស្ទួយស្មារតីរួមចំណែករក្សាបរិស្ថានសាលាឲ្យប្រកបដោយសុវត្ថិភាពពីសត្វមូសផងដែរ។

លើសពីនេះ ក្រុមអ្នកជំនាញរបស់ អ័រគីន កម្ពុជា ក៏បានផ្តល់ជូននូវការណែនាំ និងវិធីសាស្ត្រការពារការកើតឡើងនៃសត្វមូស ដើម្បីកាត់បន្ថយហានិភ័យជម្ងឺគ្រុនឈាម និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលប៉ះពាល់លើសុខភាព ការខាតបង់ពេលវេលា និងថវិកាដែលអាចបង្កឡើងដោយសត្វមូស។

តាមរយៈគម្រោងសប្បុរសធម៌នេះ ក្រុមហ៊ុន អ័រគីន កម្ពុជា បន្តបង្ហាញពីការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែកលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារនៅតាមតំបន់ជនបទ។ រាល់ស្នាមញញឹមរបស់កុមារ គឺជាកាដូដ៏មានតម្លៃបំផុតរបស់ក្រុមហ៊ុន។ កុមារគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ។









