ចរចាជាច្រើនឆ្នាំ ពេលនេះកម្ពុជា-អាមេរិក បានសម្រេចកិច្ចព្រៀងសំខាន់មួយជាមួយគ្នាហើយ 
Bunthoeun KoemJUNE 8 20261.3 K views

កម្ពុជា–អាម៉េរិកសម្រេច​បាន «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជា​ប្រវត្តិសាស្ត្រ​កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ២០២៦ក្រោយ​ចរចា​អស់ពេលជាច្រើនឆ្នាំ។ នេះយោងតាមការចេញផ្សាយដោយក្រសួងព័ត៌មាន។

 

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្ដាញសារព័ត៌មានថា កិច្ចព្រមព្រៀងបើកចំហ​ជើង​មេឃជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្របន្ទាប់ពីភាគីទាំងពីរបានចំណាយពេលចរចាអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍។

 

ជំនួប​កំពូលនេះធ្វើឡើងរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ហាន វ៉ានឌឺថុល (Hunt VanderToll) ឧបការីរងរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ដោយមានការចូលរួមពី ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

 

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បន្តថា កិច្ចព្រមព្រៀងបើកចំហជើងមេឃ គឺជាយន្តការសេរីភាវូបនីយកម្មទីផ្សារដឹកជញ្ជូនផ្លូវអាកាស ដោយលុប​បំបាត់រាល់ការរឹតបន្តឹងចាស់ៗ រវាងប្រទេសជាភាគី រួមមាន លុបបំបាត់ការ​កម្រិតចំនួនជើងហោះហើរ និងចំនួន​ក្រុមហ៊ុនអាកាស​ចរណ៍។ បើកទូលាយសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ មិនកំណត់ទំហំប្រភេទយន្តហោះ និងផ្តល់សិទ្ធិ​ដឹកជញ្ជូនផ្លូវអាកាស និងការតភ្ជាប់ទិសដៅហោះហើរដោយសេរី និងបត់បែន។

 

Img 4807

 

 បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការដែលសហរដ្ឋ​អាម៉េរិកបង្ហាញ​ការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍កម្ពុជា ជាពិសេស «អាកាសយានដ្ឋានអន្តរជាតិតេជោ» គឺជាការទទួលស្គាល់ជាសកលថាកម្ពុជាជាគោលដៅ​វិនិយោគ​ប្រកបដោយស្ថិរភាព និងជាច្រកតភ្ជាប់ផ្លូវអាកាសដ៏សំខាន់មួយក្នុង​តំបន់។ទោះបីជាក្នុងរយៈពេល​ខ្លី ជើងហោះហើរត្រង់ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មិនទាន់អាចលេចរូបរាងឡើងភ្លាមៗក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបង្កើតមូលដ្ឋានច្បាប់ និងនីតិវិធីដ៏រឹងមាំ។ មុននឹងឈានដល់ការហោះត្រង់ ក្រុមហ៊ុនអាកាសចរណ៍អាច​ពង្រីកការតភ្ជាប់តាមរយៈ ជើងហោះហើរតភ្ជាប់ និងកិច្ចព្រមព្រៀង​លក់​សំបុត្ររួមគ្នា។

 

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ជំនួបនេះបានបញ្ជូនសញ្ញាវិជ្ជមាន​យ៉ាងខ្លាំងដល់បរិយាកាសវិនិយោគ ដ៏មានឥទ្ធិពល ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ វិនិយោគិនអាម៉េរិក និងពង្រឹងវិស័យភស្តុភារកម្ម របស់កម្ពុជាក្នុងរយៈពេលវែង។ 

 

 រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអធិប្បាយាកិច្ចព្រមព្រៀង Open Skies នេះ មិនមែនគ្រាន់តែជាការព្រមព្រៀងខាង​បច្ចេកទេស​ហោះហើរប៉ុណ្ណោះទេ ប៉ុន្តែវាជាឧបករណ៍គោលនយោបាយដ៏មានតម្លៃ ក្នុងការបំប្លែងទឹកដីកម្ពុជាឱ្យទៅជា «មជ្ឈមណ្ឌល​អាកាសចរណ៍ និងភស្តុភារកម្មតំបន់» ដែលមានសមត្ថភាពខ្ពស់ ទំនើបមានចីរភាព និងអាចប្រកួតប្រជែងនៅ​លើឆាកអន្តរជាតិបានយ៉ាងពេញលេញ។

 

Img 4805

 

គួរជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឹក្សាភិបាលនៃ​សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហរដ្ឋ​អាម៉េរិក បានអនុម័តលើការវិនិយោគជាយុទ្ធសាស្ត្រថ្មីៗចំនួន ២,៥ ប៊ីលានដុល្លារ (២.៥០០ លានដុល្លារ) នៅក្នុងប្រទេស​មួយចំនួន ដែលមានគោល​បំណង​ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់អាម៉េរិក ពង្រីកការនាំចេញ​ថាមពលរបស់អាម៉េរិក គាំទ្រដល់​សន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

 

ក្នុងចំណោមគម្រោង​ដែលបានអនុម័តទាំងនោះ DFC មានផែនការវិនិយោគ​លើការគាំទ្រ​ដល់ការបន្តពង្រីក​ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍​របស់ប្រទេសកម្ពុជា និងលើកកម្ពស់ឱកាស​សេដ្ឋកិច្ចឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕ 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia