កាលពីថ្មីៗនេះឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សានឹងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាបើកកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងដាំស្មៅលើ លើផ្ទៃដីប្រមាណ ៨០០ហិកតា។

កិច្ចប្រជុំនេះដែលធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពីឯកឧត្តម កៅ ផល ឯកឧត្តម ផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមានការចូលរួមពី តំណាងក្រុមហ៊ុន ដែលមានបំណងវិនិយោគលើដីទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development (Cambodia) Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltd។

ជាមួយគ្នានោះដែរ គោលបំណងនៃកិច្ចពិភាក្សា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែមានតម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជាពលរដ្ឋ។ ហេតុនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងនឹងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ ៨០០ហិកតា។ ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងបានលើកទឹកចិត្តក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ៕



